ភ្នំពេញ៖ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថា ការលើកឡើងរបស់លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងកិច្ចទាមទារឱ្យមានការបោះឆ្នោតឃុំ-សង្កាត់ នេះគឺកិច្ចបង្ហាញយ៉ាងច្បាស់មិនអាចប្រកែកបាន នូវនិន្នាការនយោបាយហួសពីកិច្ចទទួលខុសត្រូវ និងកាតព្វកិច្ចរបស់មន្ត្រីតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
លោក ផៃ ស៊ីផាន សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែកញ្ញា នេះថា “ខ្ញុំមានសេចក្តីសោកស្តាយ និងភ្ញាក់ផ្អើលបំផុតចំពោះមន្ត្រីរូបនេះ ដែលប្រកាន់ជំហរតាមរយៈសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ ដែលពុំអាចទទួលយកបាន។ សេចក្តីថ្លែងការណ៍ ឬរបាយការណ៍នេះ គឺជាការឈ្លានពាន និងជ្រៀតជ្រែកដល់កិច្ចការកម្ពុជា ដែលជារដ្ឋអធិបតេយ្យពេញលេញមួយ”។
លោក បន្តថា ការបោះឆ្នោតរបស់កម្ពុជា ទោះបីការបោះឆ្នោតឃុំ-សង្កាត់ ឬថ្នាក់ជាតិក៏ដោយ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ អាស្រ័យទៅតាមច្បាប់នៃការបោះឆ្នោត ដែលមានចែងជាធរមានស្រាប់ ដែលមានយន្តការរៀបចំ និងដោះស្រាយវិវាទនៃការបោះឆ្នោត ជាយថាហេតុណាមួយ ហេីយនៅក្នុងនោះ កាលវិភាគ និងគោលការណ៍ច្បាស់លាស់ ក៏បានចែងផងដែរ។
លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា “ខ្ញុំយល់ឃើញថា លោកស្រីគួរតែពង្រឹងការងាររបស់លោកស្រី ក្នុងន័យភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាជាងដើរតួនាទីជាតុលាការ អត្តនោម័ត ឬជាអ្នកនយោបាយគ្រប់គ្រងជោគវាសនារបស់ប្រជាពលរដ្ឋខ្មែរគួរអោយសោកស្តាយ”៕
ដោយ៖ ចេស្តា