ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ ប្រតិកម្ម​ ខ្លាំងៗ​ ថា​ លោកស្រី​ រ៉ូណា​ ស្មីត​ គួរពង្រឹងការងារខ្លួនឯង​ ជាជាងដើរតួនាទីជាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​លោក​ ផៃ​ ស៊ីផាន​ ថ្លែងថា​ ការលើកឡើងរបស់លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា​ ក្នុងកិច្ចទាមទារឱ្យមានការបោះឆ្នោតឃុំ-សង្កាត់ នេះគឺកិច្ចបង្ហាញយ៉ាងច្បាស់មិនអាចប្រកែកបាន នូវនិន្នាការនយោបាយហួសពីកិច្ចទទួលខុសត្រូវ និងកាតព្វកិច្ចរបស់មន្ត្រីតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។

លោក​ ផៃ​ ស៊ីផាន​ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក​ នៅថ្ងៃទី២៦​ ខែកញ្ញា​ នេះថា​ “ខ្ញុំមានសេចក្តីសោកស្តាយ និងភ្ញាក់ផ្អើលបំផុតចំពោះមន្ត្រីរូបនេះ ដែលប្រកាន់ជំហរតាមរយៈសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ ដែលពុំអាចទទួលយកបាន។ សេចក្តីថ្លែងការណ៍ ឬរបាយការណ៍នេះ គឺជាការឈ្លានពាន និងជ្រៀតជ្រែកដល់កិច្ចការកម្ពុជា ដែលជារដ្ឋអធិបតេយ្យពេញលេញមួយ”។

លោក​ បន្តថា​ ការបោះឆ្នោតរបស់កម្ពុជា ទោះបីការបោះឆ្នោតឃុំ-សង្កាត់ ឬថ្នាក់ជាតិក៏ដោយ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ អាស្រ័យទៅតាមច្បាប់នៃការបោះឆ្នោត ដែលមានចែងជាធរមានស្រាប់ ដែលមានយន្តការរៀបចំ និងដោះស្រាយវិវាទនៃការបោះឆ្នោត ជាយថាហេតុណាមួយ ហេីយនៅក្នុងនោះ កាលវិភាគ និងគោលការណ៍ច្បាស់លាស់ ក៏បានចែងផងដែរ។

លោក​ ផៃ​ ស៊ីផាន​ សង្កត់ធ្ងន់ថា​ “ខ្ញុំយល់ឃើញថា លោកស្រីគួរតែពង្រឹងការងាររបស់លោកស្រី ក្នុងន័យភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាជាងដើរតួនាទីជាតុលាការ អត្តនោម័ត ឬជាអ្នកនយោបាយគ្រប់គ្រងជោគវាសនារបស់ប្រជាពលរដ្ឋខ្មែរ​គួរអោយសោកស្តាយ​”៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print