ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃ សៅរ៍ ១៥ រោច ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញធ្វើបុណ្យភ្ជុំបិណ្ឌនៅ វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុង ឃុំ វាំងចាស់ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ (នៅជិតផ្សារឧត្ដុង្គ)។
នៅក្នុងឱកាសអញ្ជើញក្នុងពិធីបុណ្យភ្ជុំបិណ្ឌព្រឹកនេះ សម្ដេចតេជោ ហ៊ុ ន សែន និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនមកប្រគេនព្រះសង្ឃ ដូនជី លោកយាយលោកតា ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋានទៅតាមប្រពៃណីសាសនាខ្មែរ។ ទន្ទឹមនឹងនោះដែរ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានប្រគេន និងជូនក្រណាត់ស និងបច្ច័យដល់ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ លោកយាយ លោកតា ព្រមទាំងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។
ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារតែងតែអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តចំពុះក្អែក នៅខេត្តកណ្តាល និងអញ្ជើញមកឆ្លងបុណ្យភ្ជុំធំនៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសដ៏មហោឡាឬក្សនេះ សម្តេចទាំងទ្វេបានឧទ្ទិសសុំឲ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យថ្ងៃនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងជាតិខ្មែរទាំងមូលជួបតែសេចក្តីសុខក្សេមក្សាន្តចម្រុងចម្រើនជានិច្ចនិរន្ត៕