ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តឡិចស៊ីសក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់ ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខមន្ទីពេទ្យធ្មេញ នាគមាស តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីស RX330 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE.3438 បើកបរដោយបុរសម្នាក់ដែលស្រវឹងស្រាជោកជាំ បានបើកក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន តាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើក៏បានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់ ចំណែករថយន្តបង្កបានបន្តទៅមុខប្រមាណជាង៥០ម៉ែត្រ ដោយរថយន្តដាច់កាឡេកង់មុខខាងឆ្វេងទើបទៅមុខលែងរួច។ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនិងមន្ត្រីជំនាញបានចុះទៅធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។
សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយបុរសដែលជាអ្នកបើកបរប្រើប្រាសគ្រឿងស្រវឹងហួសកំណត់ទើបពេលជួបបញ្ហាគ្រោះថ្នាក់ធ្វើអោយបាត់បង់ម្ចាស់ការ គ្រប់គ្រងស្ថានភាពមិនបានទើបបណ្តាលអោមានគ្រោះថ្នាក់បែបនេះ សំណាងដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្តាលអោយមានអ្នករងរបួស និងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ៕
ដោយ៖ ព្រែកជ័យ