Update ៖ ចាប់ខ្លួនបានហើយ ,ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ មន្ដ្រីនគរបាលនៅខេត្តរតនគិរី ដកហូតបានកាំភ្លើងខ្លីមួយដើម និងរថយន្ដមួយគ្រឿង សមត្ថកិច្ចក្តាប់មុខសញ្ញាទាន់ពេល

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅមុននេះបន្ដិច វេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តរតនគិរី បានប្រាប់ភ្នាក់ងារសារព័ត៍មាន។ លោកបានបញ្ជាក់ឲ្យដឹងថា៖ ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ និងដកហូតបានកាំភ្លើងខ្លីមួយដើម ជាមួយរថយន្ដដែលជិះធ្វើសកម្មភាពមួយគ្រឿងផងដែរ។ ពេលនេះកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធី។
សូមបញ្ជាក់ថា៖ មន្ដ្រីនគរបាលម្នាក់ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងប្រមាណ៩និង០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សេចក្ដីរាយការណ៍ពីភ្នាក់ងារពីសមត្ថកិច្ច និងដកស្រង់សម្ដីរបស់អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តហ្វ័ររ៉ែនន័រ ១គ្រឿងជិះគ្នា៣-៤នាក់ បើកមកឈប់មុខហាងកាហ្វេខាងលើ ហើយឃើញចុះដើរតំរង់ជនរងគ្រោះ បាញ់ចំក្បាលតែម្តង រួចរត់ឡើងរថយន្តបើកគេចបាត់។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
មិនត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ពីមូលហេតុ ឈានដល់ការបាញ់សម្លាប់ដ៏សហាវនេះនៅឡើយទេ មកទល់និងម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ខណៈកំពុងបន្តរកជនជាសហចារី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print