ខេត្តពោធិ៍សាត់៖ យ៉ាងតិចមានមនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិត ត្រឹមមួយប៉ប្រេចភ្នែកប៉ុណ្ណោះ ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ នៅគ្រាដែលជនរងគ្រោះទាំងពីចូលជ្រកភ្លៀង ។
ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់បណ្ដាលឲ្យស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានមនុស្សនៅ(ទុកចោល)ក្បែបឹងអង្គ ស្ថិតក្នុងភូមិព្រែក២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ទី១ ឈ្មោះ ច្រិញ ទូច ហៅញ៉ាញ់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ អៀម វុធ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់សមត្ថកិច្ចទទួលបានព័ត៌មាន សហការចុះពិនិត្យ និងធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ជនរងគ្រោះអាចពិតជាស្លាប់ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់ពិតប្រាកដ) នៅគ្រាដែលពួកគាត់ចូលជ្រកភ្លៀងក្រោមផ្ទះគ្មានមនុស្សនៅ ខណៈមេធ្លាក់ភ្លៀងលាយឡំដោយខ្យល់ ផ្គរ រន្ទះបាញ់ បញ្ជាក់៖ ចំណុចផ្ទះកើតហេតុធ្លាប់រន្ទះបាញ់បណ្ដាលឲ្យមានមនុស្សស្លាប់ម្ដងរួចមកហើយ សាកសពបានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន