ភ្នំពេញ ៖ បន្ទាប់ពីខកខានអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ នៅព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហាត់ ប្រាណជាមួយកីឡាវាយកូនហ្គោល ហេីយត្រូវចំណាយពេលនៅលេីទីលាន ប្រមាណជា៣ម៉ោង ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «នេះជាថ្ងៃទីមួយនៃការវាយកូនគោល សាជាថ្មីបន្ទាប់ពីរយៈពេលបីខែដែលមិនបាន វាយដោយសារគ្រេចស្មា។ ពេលនេះកំពុងតាមដានខ្លួនឯង តើវាយបានល្អឫទេជាមួយសំភារៈសម្រាប់វាយប្រភេទថ្មី» ។
សម្តេចតេជោបានជូនពរបងប្អូនជនរួម ជាតិជួបតែសេចក្តីសុខសេចក្តីចំរើន។
សូុមបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី០៤ ដល់ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។
នៅក្នុងពេលបំពេញទស្សនកិច្ចនេះ កិច្ចព្រមព្រៀងជាច្រើនរបស់កម្ពុជា-វៀតណាម ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសទាំងពីរផងដែរ ៕