ភ្នំពេញ៖ កីឡាករ ប្រដាល់កម្ពុជានិងថៃ ២នាក់ ត្រូវប្រកួតប្រជែងយក៣ពិន្ទុ ក្រោយពីសប្តាហ៍ទី១ កន្លង ទៅពួកគេសុទ្ធតែបានវាយចាញ់ដៃគួរៀងៗខ្លួន ដូច្នេះសប្តាហ៍ទី២នេះ កីឡាករ រឿង សារ័ត្ន មកពីក្លិបកងពល តូចទ័ពឆត្រយោងលេខ៩១១ ត្រូវឡើងមកតស៊ូជាមួយកីឡាករថៃឈ្នោះ Yort Sing ក្នុងកម្មវិធី “អធិរាជស៊ី ម៉ងត៍អូដ្ឋ” វគ្គ២ ប្រភេទទម្ងន់៦០គីឡូក្រាម ដំណាក់កាលទី២វាយជម្រុះសន្សំពិន្ទុក្នុងពូល B នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ អារីណា។
កីឡាករ រឿង សារ័ត្ននិងកីឡាករ Yort Sing គឺជាអ្នកដែលវាយចាញ់គូប្រកួតដូចគ្នា កាលពីសប្តាហ៍ទី១ ដូច្នេះទាំងរឿង សារ័ត្ននិងYort Sing ម្នាក់ៗសុទ្ធតែត្រូវការ៣ពិន្ទុបន្ថែមទៀត ដើម្បី បានឡើងទៅវគ្គបន្ត។ រឿង សារ័ត្នទំនងជួបគ្រោះច្រើនជាងលាភ ខណៈដែល Yort Sing ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់កម្ពុជាជោកជាំហើយដែរ ក្នុងចំណោម៧ប្រកួត Yort Sing វាយចាញ់តែកីឡាករ សុខ សុវណ្ណ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិម្នាក់គត នៅវគ្គជម្រុះសន្សំពិន្ទុអធិរាជស៊ីម៉ងត៍អូដ្ឋ កាលពីថ្ងៃទី១៩ខែ ធ្នូឆ្នាំ២០១៥កន្លងទៅ។
ចំណែកឯកីឡាករ កម្ពុជា៦នាក់ដែលចាញ់ក្រោមថ្វីដៃកីឡាករ Yort Sing នោះរួមមាន កីឡាករ សេក គឹមផៃ កីឡាករ ង៉ែត រដ្ឋាចាញ់ពិន្ទុចំនួន២ដង កីឡាករសេក គឹមរួន កីឡាករ ចាន់ប៊ុនហឿន និងចុងក្រោយ Yort Sing វាយស្មើពិន្ទុ ជាមួយកីឡាករ ឌុម កែវដារបស់ក្លិបមកុដរាជសីហ៍។ ជាទូទៅកីឡាករកម្ពុជាដែល Yort Sing ធ្លាប់ឈ្នះនោះសុទ្ធតែមានថ្វីដៃល្អនិងប្រវត្តិប្រកួតខ្ពស់ជាង កីឡាករ រឿង សារ័ត្ន ដូច្នេះគ្រោះភ័យរបស់សារ័ត្នមានច្រើនជាលាភ នាថ្ងៃសៅរ៍ទី២ខែមករាខាងមុខនេះ។
ដោយឡែកគូប្រជែងយក៣ពិន្ទុមួយគូទៀត នាថ្ងៃដដែលនោះដែរ គឺជំនួបប្រកួតរវាងកីឡាករ សុខ សុវណ្ណ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិនឹងកីឡាករ ម៉ន ចាន់ដារ៉ា មកពីក្លិបការិយាល័យ ទី៥កងទ័ពជើងគោក ដើម្បីយក៣ពិន្ទុបន្ថែម អាចឈរនៅចំណាត់ថ្នាក់លេខ១សម្រាប់ពូល B ផងដែរ។
ចំពោះ កីឡាករ សុខ សុវណ្ណ បច្ចុប្បន្ន មាន៣ពិន្ទុក្នុងដៃក្រោយពីបានវាយឈ្នះកីឡាករ Yort Sing ជុំទី១សប្តាហ៍ទី១ កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៥ ប៉ុន្តែត្រូវឡើងតស៊ូជាមួយកីឡាករ ម៉ន ចាន់ដារ៉ា ដែលកំពុងកាន់៣ពិន្ទុក្នុងដៃផងដែរ ។
ចំណែកកីឡាករ២នាក់ទៀត ត្រូវប្រជែងយកចំណាត់ថ្នាក់លេខ២ក្នុងពូល B ប្រសិនកីឡាករ រឿង សារ័ត្ន អាចយកឈ្នះលើកីឡាករ Yort Singបានត្រូវប្រកួតជាមួយកីឡាករ សុខ សុវណ្ណ១ ប្រកួតទៀតដើម្បី បានឡើងទៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើឈ្នះសុខ សុវណ្ណនោះ ប៉ុន្តែបើចាញ់ Yort Sing វិញ គឺអស់ឱកាសហើយ។ រីឯកីឡាករ Yort Sing បើឈ្នះ ត្រូវជួបជាមួយកីឡាករ ម៉ន ចាន់ដារ៉ា មួយប្រកួតបន្ថែមទៀត ។ កីឡាករ សុខ សុវណ្ណក៏មិនខុសពីពួកគេ៣នាក់ខាងលើដែរ ប្រសិនបើមួយប្រកួតនេះ ចាញ់ ក្រោម ថ្វីដៃចាន់ដារ៉ានោះ ឱកាសឡើងទៅវគ្គបន្តស្ថិតក្នុងភាពមិនច្បាស់ដដែល។
ចាំមើលថា តើថ្ងៃសៅរ៍ ទី២ខែមករា ឆ្នា២០១៦ខាងមុខ កីឡាករ២នាក់ណាអាចរកបានម្នាក់៣ពិន្ទុ ដើម្បីមានឱកាសបន្តទៅប្រកួតវគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ស៊ីម៉ងត៍អូដ្ឋវគ្គ២ ដែលមាន សមាភាពកីឡាករ ៨នាក់ ក្នុងនោះកីឡាករ កម្ពុជា៦នាក់និងកីឡាករមកពីប្រទេសថៃ២នាក់ ចែកជា២ពូល សម្រាប់ប្រកួតជម្រុះក្នុងពូលនីមួយៗ រួចសម្រាំងយកតែ២នាក់ក្នុងមួយពូលឡើងទៅ ប្រកួតវគ្គពាកកណ្តាល ផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ៕
ដោយ៖ សារីម