ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនអ្នកស្រីឈ្មោះ ទិត្យ សុផាត រស់នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩ ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ដាទោសតាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទឈ្មោះ ទិត្យ សុផាត ភេទស្រី អាយុ៦៦ឆ្នាំ (កើតថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៣) សញ្ជាតិខ្មែរ មុខរបរអាជីវករ ទីកន្លែងកំណើតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩៧z ផ្លូវលេខ១០៥Z ក្រុមទី៣១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ,ប្តីឈ្មោះ ជុន សៀក (រ) មានកូន០៤នាក់ ។ (គេចខ្លួន) ត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ដាទោសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
លោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា យោងតាមបញ្ញត្តិមាត្រា ១២៦ មាត្រា ១៩០ មាត្រា ១៩១ និងមាត្រា១៩២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានសម្រេចបង្គាប់ឲ្យខ្លួនឈ្មោះ ទិត្យ សុជាត និងបង្គាប់មកកងកម្លាំងសាធារណៈឱ្យចាប់ និងនាំខ្លួនឈ្មោះនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕