ដោយសារបើកបរដ៏ព្រហើនរបស់អ្នក ធ្វើឲ្យប្តីបានស្លាប់ ប្រពន្ធកំពុងសង្រ្គោះ កូនអាយុជិត៤ឆ្នាំត្រូវវះកាត់ខួរក្បាល និងក្មេងម្នាក់ទៀតកំពុងធ្វើការតាមដានសភាពរបួស

ចែករំលែក៖

ភ្នំពេញ ៖ វាជារឿងអនិច្ចារ្យខ្លោចផ្សារសម្រាប់គ្រួសារមួយដែលបាត់បង់ជំហមេគ្រួសារតែមួយប៉ព្រិចភ្នែក ក្រោមកង់រថយន្តដឹកដីមួយគ្រឿង ។ រីឯសមាជិកគ្រួសារដែលមានកូនតូចអាយុ៦និង៧ឆ្នាំពីរនាក់ផងនោះ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា រីឯម្តាយកំពុងវះកាត់នៅឯមន្ទីរពេទ្យកាល់ម៉ែត ។ សោកនាដកម្មនេះ ប្រសិនបើកើតចំលើគ្រួសារអ្នកបើកបររថយន្តដឹកដី ឬថៅកែក្រុមហ៊ុនដឹកដីនោះ តើពួកគេខ្លោចផ្សារឬទេ? រីឯអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ខណ្ឌបានត្រឹមឆ្លើយថាមិនដឹង និងថាឯកសារបានបញ្ជូនទៅថ្នាក់លើអស់ហើយ ។

នេះជាហេតុការណ៍រន្ធត់មួយ ដែលបានកើតឡើងលើគ្រួសារដែលមានសមាជិក៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីមួយគ្រឿងបើកបោះពួយបុកម៉ូតូជនរងគ្រោះផ្ទប់នឹងរថយន្តមួយគ្រឿងទៀតដែលដឹកអេស្កាវ៉ាទ័រ កំពុងធ្វើដំណើរស្របទិសគ្នា កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ក្បែររង្វង់មូលមហាវិថី ឈ្នះ=ឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តទាំង២គ្រឿងខាងលើ ក្នុងនោះរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ៣D-៣៣៥១ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តមួយគ្រឿងទៀតមានដឹកអេស្កាវ៉ាទ័រ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ៣D-៧៩៧២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ជារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។

ចំណែកម៉ូតូមួយគ្រឿងជិះគ្នា៤នាក់ ម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ១BK-២១៣២ បើកបរដោយបុរសជាប្តីឈ្មោះ ពុធ សុធារ៉ា អាយុ៣៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា បានរងរបួសធ្ងន់ និងអ្នករួមដំណើរចំនួន៣នាក់ទៀតដែលរងរបួសធ្ងន់ ក្នុងនោះ ១-ស្ត្រីជាប្រពន្ធឈ្មោះតេង រតនា អាយុ២៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារសុខា ២-ឈ្មោះ ម៉ាន ស៊ីណារ៉ាក់ ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូន និង៣-ឈ្មោះពុធ សុលីហ្សា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូន ។ គ្រួសារជនរងគ្រោះរស់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តទាំង២គ្រឿងខាងលើ រួមទាំងម៉ូតូមួយគ្រឿងជិះគ្នា៤នាក់ផងនោះបានធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយមហាវិថីឈ្នះឈ្នះ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារឃើញថាជាផ្លូវកោងរង្វង់មូល ទើបរថយន្តដឹកអេស្កាវ៉ាទ័រ ក៏បន្ថយល្បឿន ដើម្បីឱ្យម៉ូតូរបស់ជនរងគ្រោះធ្វើដំណើរ ស្រាប់តែពេលនោះរថយន្តដឹកដីបានបុកម៉ូតូជនរងគ្រោះផ្ទប់ជាមួយរថយន្តដឹកអេស្កាវ៉ាទ័រ បណ្តាលឱ្យក្រពឹតកៀបជាប់គ្នា ហើយម៉ូតូរបស់ជនរងគ្រោះរួញខ្ទេចស្ទើរតែដាច់ជាពីរកំណាត់ទៅហើយ ។

បើតាមមន្ត្រីមូលដ្ឋាននៅទីនោះខ្សឹបថា ពួកអ្នកបើកបររថយន្តដឹកដីទាំងនេះព្រហើនខ្លាំងណាស់ ហើយបើតាមការកត់សម្គាល់ពួកគេប្រើប្រាស់ថ្នាំញៀនទៀតផង​ ។ ជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរណ៍ខាង លើគឺអ្នកបើកបររថយន្តដឹកដី បើកបុកអ្នកជិះម៉ូតូឆៅៗតែម្តង ។ វាជាចេតនាទាំងស្រុងរបស់អ្នកបើកបរ ខាងលើនេះ ។ ប្រការនេះគួរតែអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានតឹងរឹងបំផុតចំពោះក្រុមហ៊ុន រថយន្តដឹកដីខាងលើ ដើម្បីយកអ្នកបើកបរបង្កគ្រោះថ្នាក់មកផ្តន្ទាទោសឲ្យខាងតែបាន ។ បើមិនដូច្នះទេ នឹងមានជនរងគ្រោះដទៃទៀតគ្រោះថ្នាក់ក្រោមកង់រថយន្តរបស់ជនបើកបរខាងលើនេះទៀតមិនខាន ។

អ្វីដែលគួរឲ្យសោកស្តាយជាងនេះទៀតនោះ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះដូចជា កាបូបដែលមានប្រាក់នៅក្នុងនោះត្រូវបានបាត់បង់ និងចិញ្ជៀនមួយវង់ផងដែរ ។ វាជារឿងខ្លោចផ្សារណាស់ទៅហើយនៅពេលជីវិតមនុស្សបាត់ បង់ ហេតុអ្វីបានជាមានជនអគតិលួចយកទ្រព្យសម្បត្តិអ្នកស្លាប់នោះទៀត?

ករណីនេះអាជ្ញាធរមានសមត្ថកិច្ចគួរពិនិត្យមើលខាងភាគីបង្កផង ពីព្រោះថាគ្រួសារមួយដែលពឹងផ្អែកលើប្តី ពេលនេះបង្គោលគ្រួសារបានបាត់បង់ ,កូនពីរនាក់រងគ្រោះធ្ងន់កំពុងសង្គ្រោះនៅឯមន្ទីរពេទ្យគន្ធបុប្ផា ឯម្តាយកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ត្រូវប្រឈមវះកាត់ច្រើនដង….។ តើពួកគេអាចលេបទៅរួចទេចំពោះទម្ងន់ទុក្ខដ៏មហាធំធេងនេះ? ប្រសិនបើចំក្រុមគ្រួសារអ្នកវិញ តើខ្លោចផ្សារឬទេ? ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print