សមាគមយុវជនអាស៊ាន ពង្រឹងចំណងមិត្តភាពកាន់តែស្និទ្ធិស្នាល រវាងប្រជាជន និងប្រជាជនក្នុងតំបន់

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុន មេដឹកនាំវ័យក្មេងរបស់សហគមន៍អាស៊ានចំនួន៣៩នាក់ បានជួបជុំគ្នានៅប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរមតិយោបល់ ក៏ដូចជា ពិភាក្សាលើបញ្ហា និងឱកាសនានា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសម្រាប់ភាពជាដៃគូប្រកបដោយនិរន្តរភាព ក្នុងកម្មវិធី សមាគមយុវជនអាស៊ាន (AYF) លើក ទី២ ដែលត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិសិង្ហបុរី (SIF) និងក្រុមប្រឹក្សាយុវជនជាតិ (NYC)។ មេដឹកនាំវ័យក្មេង៣នាក់របស់វៀតណាម ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ និងបានចែករំលែកបទពិសោធរបស់ពួកគេទាំងក្នុងវិស័យសង្គម និងសេដ្ឋកិច្ច។

ក្រោយពីទទួលបានភាពជោគជ័យក្នុងឆ្នាំទី១របស់ខ្លួន កាលពីឆ្នាំ២០១៨ កម្មវិធីសមាគមយុវជនអាស៊ានមួយនេះ ដែលមានទីតាំងនៅប្រទេសសិង្ហបុរី ក៏បានពង្រីកសមាសសភាពនៅក្រៅប្រទេស ទៅកាន់ទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅឆ្នាំនេះ ផងដែរ ដើម្បីបង្កើនការផ្លាស់ប្តូរ និងឱកាសផ្សេងៗ សម្រាប់កិច្ចសហប្រតិបត្តិការនេះ។

កម្មវិធីដែលមានរយៈពេល១សប្តាហ៍ពេញមួយនេះ ដែលបានចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ក៏មានកិច្ចពិភាក្សា និងដំណើរចុះកម្មសិក្សាជាច្រើនផងដែរ។ អ្នកចូលរួមក្នុងកម្មវិធីនេះ សុទ្ធសឹងមានឱកាសក្នុងការផ្លាស់ប្តូរយោបល់ជាមួយនឹងមេដឹកនាំដ៏មានទេពកោសល្យ និងអ្នកធ្វើការក្នុងការិយាល័យនយោបាយជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងលោក Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសម្រាប់សន្តិសុខជាតិរបស់សិង្ហបុរី និងលោក Syed Saddiq Syed Abdul រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ម៉ាឡេស៊ី ផងដែរ។ 

លោកអ្នកស្រី Jean Tan នាយកប្រតិបត្តិអង្គការអន្តរជាតិសិង្ហបុរី មានប្រសាសន៍ថា៖ «កម្មវិធីសមាគមយុវជនអាស៊ាន បង្ហាញពីតម្លៃនៃចំណងមិត្តភាពរបស់វប្បធម៌ចម្រុះ ក្នុងទិដ្ឋភាពជាសកលមួយ ដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ យើងសង្កេតឃើញពីការបង្ហាញខ្លួនរបស់មេដឹកនាំអាស៊ានវ័យក្មេងជាច្រើន ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ ដែលមានសក្តានុពលក្នុងការជួយលើកកម្ពស់ ការយោគយល់រវាងគ្នា និងជួយឲ្យមានកិច្ចខិតខំប្រឹងប្រែងជាបុគ្គលិក ដើម្បីបង្កើតឲ្យមានការជះឥទ្ធិពលជាវិជ្ជមាន និងប្រកបដោយនិរន្តរភាព។

អង្គការអន្តរជាតិសិង្ហបុរី ពិតជាមានមោទនភាពណាស់ក្នុងការក្លាយជាផ្នែកមួយនៃកម្មវិធីដ៏មានអត្ថន័យមួយនេះ និងមានមោទនភាពក្នុងការចូលរួមចំណែកជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់យុវជនយើង ក្នុងការបង្កើតសហគមន៍អាស៊ាន ដែលមានការរួបរួមគ្នា មានភាពស្អិតរមួត និងនិរន្តរភាពបន្ថែមទៀត។ 

លោក David Chua នាយកប្រតិបត្តិក្រុមប្រឹក្សាយុវជនជាតិ មានប្រសាសន៍ថា៖ «កម្មវិធីសមាគមយុវជនអាស៊ាននេះ ផ្តល់នូវផ្លាតហ្វមមួយក្នុងការបង្កើតឲ្យមានទំនាក់ទំនងរវាងយុវជន និងយុវជន ដ៏រឹងមាំ និងធ្វើឲ្យទាក់ទំនងក្នុងតំបន់កាន់តែមានភាពល្អប្រសើរឡើង។ យើងមើលឃើញរួចជាស្រេចនូវលទ្ធផលផ្សេងៗ ដែលត្រូវបានធ្វើឲ្យលេចចេញជារូបរាងឡើង ដោយសារតែកម្មវិធីលើកទី១ កាលពីឆ្នាំមុន។

មេដឹកនាំវ័យក្មេងទាំងនេះ បន្តរក្សាទំនាក់ទំនងរបស់ខ្លួនយ៉ាងសកម្ម បន្តធ្វើឲ្យបណ្តាញរបស់ពួកគេដំណើរការ ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនានា និងបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនទៅលើគម្រោងនានាដែលជះឥទ្ធិពលដល់សង្គម។ មូលនិធិយុវជនអាស៊ាន-សិង្ហបុរី (SAYF) នឹងគាំទ្រកម្មវិធីផ្តួចផ្តើមទាំងនេះ ដែលបង្ហាញពីសារសំខាន់នៃបញ្ហា សង្គម-សេដ្ឋកិច្ច-វប្បធម៌ សម្រាប់សហគមអាស៊ាន។ ក្តីសង្ឃឹមរបស់ខ្ញុំគឺថា កម្មវិធីសមាគមយុវជនអាស៊ាន នឹងបន្តធ្វើឲ្យយុវជនរបស់យើងកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់អាស៊ី ខណៈដែលយុវជនទាំងនេះ នឹងធ្វើការឆ្ពោះទៅកាន់ការបង្កើតសមាគមមួយដែលផ្តល់ឥទ្ធិពលជាវិជ្ជមាន»។ 

គួរបញ្ជាក់ដែរថាកម្មវិធីសមាគមយុវជនអាស៊ាន គឺជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំផ្អែកទៅលើការជ្រើសរើសមួយ សម្រាប់យុវជនអាស៊ាន ដែលមានអាយុចន្លោះពី ២៧ និង ៣៥ឆ្នាំ មកពីវិស័យទាំង៣ (វិស័យប្រជាជន សាធារណៈ និងឯកជន)។

ក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការអន្តរជាតិសិង្ហបុរី និងក្រុមប្រឹក្សាយុជនជាតិ កម្មវិធីសមាគមយុវជនអាស៊ាន ត្រូវបានបង្កើតឡើងដើម្បីផ្តល់អំណាចដល់មេដឹកនាំយុវជនទូទាំងអាស៊ាន ដើម្បីអភិវឌ្ឍបណ្តាញដ៏រឹងមាំមួយរវាងយុវជនដូចគ្នា និងរួមគ្នាធ្វើឲ្យសហគមន៍អាស៊ាន ក្លាយជាអង្គភាពដ៏រឹងមាំ និងមានការរួបរួមគ្នា ក្នុងបរិស្ថាន៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print