ខេត្តក្រចេះ ៖ លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ លោក អ៊ុក វិបុល តំណាងលលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តំណាងACCB ខណ្ឌរដ្ឋបាលជលផល តំណាងអង្គការ WCS និងប្រជាសហគមន៍ការពារសំបុកកន្ធាយក្បាលកង្កែបនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩បាននាំយកសត្វកន្ធាយពីរប្រភេទលែងចូលក្នុងជម្រកធម្មជាតិនៃទន្លេមគង្គ ។
លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះឲ្យដឹងថា អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានលែងកន្ធាយពីរប្រភេទ (រួមមានកន្ធាយអាស៊ី៤ក្បាល និងកន្ធាយក្បាលកង្កែប ឬល្មិច១ក្បាល) ចូលក្នុងជម្រកធម្មជាតិនៃទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ។
លោកបន្តថា កន្ធាយអាស៊ីទាំងនេះ ត្រូវបានប្រគល់ជូនដោយមជ្ឈមណ្ឌល ACCB បន្ទាប់ពីបានទទួលការព្យាបាល និងថែទាំអស់រយៈពេល៧ខែ ។ ចំណែកកន្ធាយល្មិច ត្រូវប្រជានេសាទប្រទះឃើញជាប់ផ្លែសន្ទូច និងបានយកមកប្រគល់ជូនមជ្ឈមណ្ឌល ACCB តាមរយៈអង្គការ WCS ដើម្បីសង្គ្រោះ៕