ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងសកម្មភាពរបស់ជនអគតិមួយចំនួនដែលកែប្រែរូបថតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន មានលក្ខណៈខុសទ្រង់ទ្រាយដើម និងមិនសមរម្យ ។
សម្តេចតេជោបានប្រតិកម្មខ្លាំងចំពោះសកម្មភាពទាំងឡាយនេះដែលបានបំផ្លាញដល់ កិត្តិយសសម្តេច និងក្រុមគ្រួសារក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ ។ សម្តេចបានបញ្ជាក់ថា ពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។
ខាងក្រោមនេះគឺជាខ្លឹមសារប្រតិកម្មទាំងស្រុងរបស់សម្តេចតេជោផ្សព្វផ្សាយនៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រតិកម្មចំពោះការកែប្រែរូបថតខុសពីទ្រង់ទ្រាយដើមពីសំណាក់ក្រុមជនអគតិមួយចំនួននោះ៖
«ខ្ញុំ និង ភរិយាព្រមទាំងកូន និងចៅៗគិតថានាំគ្នាមកសំរាកលំហែរកាយនៅសមុទ្រក្នុងថ្ងៃឆ្លងឆ្នាំ ហើយមានឱកាសបានជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងបានថតរូបជាអនុស្សាវរីយ៌ជាមួយក្រុមគ្រួសារ ។ តែជាអកុសលគឺ មានបុគ្គលមកពីបក្សប្រឆាំងជ្រុលនិយមមួយចំនួន បានព្យាយាមយករូបភរិយាខ្ញុំយកទៅកែបម្លែងក្នុងកំព្យូទ័រ តាមកម្មវិធី (Photoshop) ដូចឃើញក្នុងស្នាមក្រឡាឥដ្ឋវៀចក្នុងរូបដែលពួកនេះបានទាញជើងភរិយាខ្ញុំអោយមើលទៅមានលក្ខណ:មិនសមរម្យ ដើម្បីពួកគេវាយប្រហារ។ នេះជាល្បិចថោកទាបបំផុតមួយរបស់សកម្មជនបក្សប្រឆាំង ដែលគិតថាគ្មាននរណាដឹង។ រាល់នូវទង្វើទាំងឡាយណាដែលបំផ្លាញដល់កិត្តិយសខ្ញុំ និង ក្រុមគ្រួសារ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ គឺពួកគេត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
សូមជូនពរជនរួមជាតិ ប្រកបតែសេចក្តីសុខ និងសំណាងល្អក្នុងឱកាសចូលឆ្នាំថ្មី ២០១៦ នេះ !» ៕