ភ្នំពេញ៖ លោកស្រី ម៉ែន សំអន. ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច. បានបញ្ជាក់ថា៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ មិនតែប៉ុណ្ណោះសាសនិកទាំងអស់ក៍ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយ។ ថ្លែងបង្កប់ដោយអត្ថន័យបែបនេះក្នុងឱកាសបិទអនុវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៤ នៅរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៥នេះ នៅសាលសន្និសីទចតុមុខ ខណៈពេលលោកស្រី ម៉ែនសំអន. តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមសម្ដេចតេជោលោកស្រី ម៉ែន សំអនបានបញ្ជាក់ថា៖ អនុវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសនាពេលនេះ ស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិ តែនៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដោយឈរលើទស្សនៈព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ លោកស្រី បានរំលឹកថា ៖ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាព ដែលមហាសន្និបាតនឹងលើកឡើង គឺជាប្រការសមស្រប និងចាំបាច់ត្រូវដោះស្រាយចំពោះមុខ។ ជាមួយគ្នានេះដែរលោកស្រី ធ្វើការសំណូមពរដល់ពុទ្ធសាសនិកទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយ។ សម្តេចបានបញ្ជាក់ថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ត្រូវផ្សាភ្ជាប់នឹងបច្ចេកវិទ្យាទំនើប ដើម្បីកិច្ចការសាសនា សណ្តាប់ធ្នាប់ល្អ ធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជាប្រការសំខាន់បំផុត ។
លោកស្រីបន្តថា៖ តាមរយៈព្រះពុទ្ធិកសិក្សា ប្រទេសជាតិយើងទទួលបាននូវអ្នកមានចំណេះដឹងជាច្រើន ជាពហុស្សូត ដែលជាសសរទ្រូងដ៏រឹងមាំរួមចំណែកថែរក្សា ការពារវប្បធម៌ ប្រពៃណីជាតិ អរិយធម៌ តាមគន្លងព្រះធម៌ ដែលជាអត្តសញ្ញាណជាតិកម្ពុជាយើង ហើយការយកចិត្តទុកដាក់ចំពោះពុទ្ធិកសិក្សាជាការចាំបាច់ដែលត្រូវពង្រឹកពង្រឹងពីទីក្រុង រហូតដល់ជនបទ។ ចាប់ពីពេលនេះទៅ ជាឱកាសដ៏ល្អសម្រាប់ប្រជាជាតិកម្ពុជាយើងរួមគ្នាយ៉ាងជិតស្និទ្ធ រក្សាការពារ ដើម្បីសេចក្តីសុខសាន្តជូនសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំចរិយាធម៌ និងស្មារតី ជម្រុះចោលនូវការលោភលន់ ការច្រណែននិន្ទា គំនុំ និងអំពើរហិង្សាជាដើម ។
លោកជំទាវក៏បានថ្លែងនូវការសរសើរចំពោះពុទ្ធសាសនិក ទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រណិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចាជម្រះនូវសេចក្តីសៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ ។
លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា. បានបញ្ជាក់ថា ៖តាមរយៈការរីកចំរើនលើវិស័យសាសនារហូត មកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសមានវត្តចំនួន ៤៧៥៥វត្ត និងមានព្រះសង្ឃចំនួន ៥៩៥១៦អង្គ ក្នុងនោះមានគណៈមហានិកាយមាន៤៥៥១វត្ត ព្រះសង្ឃមានចំនួន ៥៤៧៦២ អង្គ និងគណៈធម្មយុត្តិកនិកាយមាន ២០៤វត្ត ព្រះសង្ឃមានចំនួន៤៧៥៤អង្គ។ ចំពោះវិស័យពុទ្ធិកសិក្សាវិញបានបណ្តុះបណ្តាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ។ មកទល់ពេលនេះមានពុទ្ធិកសាកលវិទ្យាល័យចំនួន៣ គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពង់ចាម ។ ក្រៅពីនេះក្រសួងនៅមាន សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួនទៀត គឺពុទ្ធិកមហាវិទ្យាល័យខេត្តកំពង់ឆ្នាំង និងពុទ្ធិកមហាវិទ្យាល័យខេត្តបាត់ដំបង់។ ក្រៅពីការយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ វិស័យពាហិរសាសនា ក៏ត្រូវបានយកចិត្តទុកដាក់ធ្វើឱ្យមានសុខដុមនីយកម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនា។
លោកបន្ដថា៖ មហាសន្និបាទនេះមានរយៈពេលពីរថ្ងៃ(២៩-៣០ ខែធ្នូ ឆ្នាំ២០១៥) ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃរាជបូគ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុតុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សីលវ័ន្ត សីលវតី ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទនៃឥស្លាមសាសនិក គ្រឹស្តសាសនិក និងគ្រប់និកាយសាសនានៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិអន្តរជាតិជាច្រើននាក់ទៀត ក្នុងគោលបំណងបូកសរុប និងវាយតម្លៃលើលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃកាលពីឆ្នាំកន្លងទៅ និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្តឱ្យមានការរីកចំរើនបន្តទៀត។ ក្នុងឱកាសនោះដែរ លោកស្រីម៉ែន សំអន ក៍បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាថវិកា៥លានរៀល ជួនក្នុងមហាសន្និបាតមន្ដ្រីសង្ឃនាពេលនេះ ៕
ដោយ៖ សំរិត