សូមចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះស្លាប់ ខណៈកើនឡើងជាបន្តបន្ទាប់ដល់៧៤នាក់ ដោយព្យុះនៅប្រទេសជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន៖ មកទល់ពេលនេះ ក្រុមអ្នករុករករបស់ប្រទេសជប៉ុន​បានរកឃើញសាកសព​ជនរងគ្រោះ​ក្នុងហេតុការណ៍​ខ្យល់ព្យុះ បានកើនឡើង​ដល់៧៤នាក់ហើយ ខណៈរាប់សិបនាក់ផ្សេងទៀត​នៅបាត់ខ្លួន ។
គួរបញ្ជាក់ថា ខ្យល់ព្យុះកម្លាំងខ្លាំង Hagibis ល្បឿន២១៦គីឡូម៉ែត្រ ក្នុងមួយម៉ោង បក់បោកប្រទេសជប៉ុន​កាលពីថ្ងៃចុងសប្តាហ៍មុន បង្កការខូចខាត​យ៉ាងខ្លាំង​ទាំងទ្រព្យសម្បត្តិសាធារណៈ ក៏ដូចអាយុជីវិតប្រជាពលរដ្ឋ ។

សារព័ត៌មាន NHK កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩​បានផ្សាយថា ជនរងគ្រោះបាត់បង់ជីវិត​​បានកើន​៧៤នាក់ ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀត​នៅបាត់ខ្លួន ។ ប៉ុន្តែព័ត៌មានរដ្ឋាភិបាល​ថា ចំនួនតិចជាង​៧៤នាក់នោះទេ ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានថ្លែងថា សកម្មភាព​ជួយសង្គ្រោះ គឺមិនមានការកាត់បន្ថយនោះឡើយ ។ កម្លាំង​ប្រហែល ១១០ ០០០ នាក់ រួមមានកម្លាំងឆ្មាំសមុទ្រ, ក្រុមពន្លត់អគ្គិភ័យ និងកងទ័ព​​ចូលរួមសកម្មភាពនេះ ។

គ្រោះមហន្តរាយនេះ មនុស្សជាង ៣ពាន់នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែលវាបានប៉ះពាលដល់ខេត្តចំនួន​៣៦ ក្នុងចំណោម​៤៧របស់​ជប៉ុន ។

ព្រះចៅអធិរាជ្យ ណារូហីតូ បានក្តុកក្តួលព្រះរាជហឫទ័យ​ឥតឧបមា​​ចំពោះ​ប្រជារាស្ត្រ​ដែលរងផលប៉ះពាល់ ។

រហូតដល់រសៀល​ថ្ងៃទី១៥ ខែតុលា គ្រួសារប្រជារាស្ត្រ​ជប៉ុន​ប្រហែល ២៤ ០០០ គ្រួសារ​នៅពុំទាន់មានអគ្គិសនីប្រើប្រាស់ ខណៈដែលលំនៅឋានពលរដ្ឋ​១២៨ ០០០ មិនមានទឹកស្អាតប្រើប្រាស់ផងទេ ។

រាប់ពាន់នាក់ផ្សេងទៀត​ស្នាក់នៅក្រោមដំបូលប្រក់តង់បណ្តោះអាសន្នរបស់រដ្ឋាភិបាល, អ្នកខ្លះមិនប្រាកដប្រជា​វិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញទេ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print