ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់អាយុ១២ឆ្នាំ ។
ការឃាត់ខ្លួនបុរសនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៩ នៅចំណុច ភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
សមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ មាស ណេម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ភ.ឆ.ហ អាយុ ១២ឆ្នាំ ជាសិស្ស រស់នៅទីតាំងកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ករណីរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោស នេះបានប្រព្រឹត្តកាលពីវេលាម៉ោង ១១និង១៥នាទី ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចកន្លែងស្ងាត់មួយក្នុងភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គ្រាដែលជនរងគ្រោះចេញពីរៀន ។ បន្ទាប់មកឪពុកម្តាយក្មេងស្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ហើយសមត្ថកិច្ចទៅឃាត់ខ្លួនមកសាកសួរ ខ្លួនគេសារភាពថាពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ សហការី