ខេត្តកំពង់ចាម ៖ មានអំពើហិង្សាក្នុងគ្រួសារមួយកើតឡើងយ៉ាងសាហាវ ដោយបុរសជាប្តីឈ្មោះ អុជ ផន អាយុ៥៧ឆ្នាំ រស់នៅភូមិដីលើឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បានយកកាំបិតផ្គាក់អារ កប្រពន្ធដាច់បំពង់ខ្យល់ស្លាប់ក្នុងថ្លុក ឈាមយ៉ាងអាណោចអាធ័មខណៈប្រពន្ធស្រវឹង ហើយយកកូនកាំបិតអារករូបគាត់ជាប្តី តែមិនដាច់គ្រាន់តែរបួសធ្ងន់ ហើយបន្ទាប់ពីកើតហេតុ បុរសនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ ប៉ុន្តែករណីនេះ ត្រូវកូនៗបានផ្តិតមេដៃស្នើសមត្ថកិច្ចកុំយកទោសពៃរ៍ឪពុក តែសមត្ថកិច្ចមិនហ៊ានដោះលែងទេ និងបានភ្ជាប់លិខិតនោះ បញ្ជូនទៅសាលាដំបូងខេត្តជាអ្នកវិនិច្ឆ័យទៅចុះ ។
អពើហិង្សានេះ កើតឡើងកាលពីវេលា ម៉ោងប្រមាណ៩យប់ថ្ងៃទី១៩ ខែតុលា តែរហូតមកដល់ព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានដឹងពីហេតុការណ៍ហើយបុរសជាប្តីបានត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានកាំបិតផ្គាក់១ដើម ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមកោះស្នា លោក ហាក់ គឹមហុន បានឲ្យដឹងថា ស្ត្រីជាប្រពន្ធឈ្មោះ បូ នី អាយុ៦១ឆ្នាំ ជាមនុស្សចូលចិត្តផឹកស្រា បានស្លាប់នៅលើផ្ទះឈើរបស់ខ្លួន ដោយមិនមានអ្នកដឹងទេនាយប់នោះ ។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលឆោឡោឡើងហើយអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ច និងក្រោមកិច្ចសហការជាមួយនឹងនគរបាលព្រហ្មទណ្ឌស្រុកបុរសជាប្តីត្រូវបានឃាត់ខ្លួន ។
លោកនាយប៉ុស្តិ៍ពាមកោះស្នាបន្តថា នៅយប់ថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធបានទៅទិញទឹកកករួចឆ្លៀតផឹកស្រាទាល់តែស្រវឹង។លុះមកដល់លើផ្ទះវិញ ក៏បានបង្កជម្លោះពាក្យសម្តីជាមួយនឹងប្តី ដោយយកកូនកាំបិតទៅអារកប្តីដែលមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ បណ្តាលឲ្យរងរបួសហូរឈាម ។
ឯបុរសជាប្តីដោយសារឈឺទប់កំហឹងមិនបាន ក៏ស្ទុះទៅយកកាំបិតផ្គាក់មកអារកប្រពន្ធវិញ រហូតដាច់បំពង់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មដោយគ្មានកូនចៅដឹងឡើយ ព្រោះកូនៗចំនួន៦នាក់ មានប្តីមានប្រពន្ធទៅរស់នៅឆ្ងាយពីឪពុកម្តាយ ដែលធ្វើឲ្យពួកគាត់នៅតែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ ។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចនិងការបំភ្លឺពីអ្នកភូមិបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់នេះមានជំងឺសរសៃប្រសាទ ហើយប្តីមានជំងឺលើសឈាមនិងមានស្មារតីភ្លេចភ្លាំងច្រើន ចំណែកប្រពន្ធជាមនុស្សចូលចិត្តផឹកស្រា ។
សាក្សីបានឲ្យដឹងថា កាលពីប្រមាណ៣ទៅ៤ខែមុន បុរសជាប្តីដោយសារតូចចិត្តនឹងជំងឺប្រចាំកាយ បានផឹកថ្នាំកណ្តុរប៉ងធ្វើអត្តឃាតម្តងហើយ តែមិនស្លាប់ត្រូវបានប្រពន្ធនាំទៅមន្ទីរពេទ្យសង្គ្រោះរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។
យ៉ាងណាក្នុងរឿងនេះ កូនៗទាំងអស់របស់ពីរនាក់ប្តីប្រពន្ធនេះបាននាំគ្នាផ្តិតមេដៃស្នើសមត្ថកិច្ចកុំយកទោសពៃរ៍ឪពុក តែសមត្ថកិច្ចមិនហ៊ានដោះលែងទេ ហើយគេក៏មិនដឹងថាតុលាការយល់ ស្របតាមសំណើដែរឬទេ ៕ ដោយ ៖ វណ្ណៈ