ប្រពន្ធស្រវឹងអារកប្តី ប្តីទ្រាំមិនបានយកកាំបិតផ្គាក់អារកវិញស្លាប់ កូនៗអង្វរសមត្ថកិច្ចកុំចាប់ឪពុកដាក់គុក

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានអំពើ​ហិង្សា​ក្នុង​គ្រួសារមួយ​កើតឡើងយ៉ាង​សាហាវ​ ដោយ​បុរស​ជាប្តី​ឈ្មោះ អុជ ផ​ន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ដី​លើឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ បាន​យក​កាំបិត​ផ្គាក់​អា​រ កប្រពន្ធ​ដាច់​បំពង់​ខ្យល់​ស្លាប់​ក្នុង​ថ្លុក ឈាម​យ៉ាង​អាណោចអាធ័មខណៈ​ប្រពន្ធ​ស្រវឹង​ ហើយ​យក​កូនកាំបិត​អា​រក​រូប​គាត់​ជា​ប្តី តែ​មិន​ដាច់​គ្រាន់តែរបួសធ្ងន់​ ហើយបន្ទាប់ពីកើតហេតុ បុរសនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ។ ប៉ុន្តែករណីនេះ ត្រូវកូន​ៗ​បាន​ផ្តិត​មេដៃ​ស្នើ​សមត្ថកិច្ច​កុំ​យកទោស​ពៃរ៍​ឪពុក តែ​សមត្ថកិច្ច​មិន​ហ៊ាន​ដោះ​លែង​ទេ និង​បាន​ភ្ជាប់​លិខិត​នោះ​ បញ្ជូន​ទៅសាលាដំបូង​ខេត្ត​ជា​អ្នក​វិនិច្ឆ័យទៅចុះ ។

អពើហិង្សា​នេះ កើតឡើង​កាលពី​វេលា ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១៩ ខែតុលា តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលាឆ្នាំ២០១៩ ទើប​សមត្ថកិច្ច​បានដឹង​ពី​ហេតុការណ៍​ហើយ​បុរស​ជា​ប្តីបាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​បានកាំបិត​ផ្គាក់​១​ដើម ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពាម​កោះ​ស្នា លោក ហាក់ គឹ​ម​ហុ​ន បានឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ បូ នី អាយុ​៦១​ឆ្នាំ ជា​មនុស្ស​ចូល​ចិត្តផឹកស្រា បាន​ស្លាប់​នៅ​លើ​ផ្ទះ​ឈើ​របស់​ខ្លួន​ ដោយមិន​មាន​អ្នកដឹង​ទេ​នា​យប់​នោះ ។ លុះ​ព្រឹកឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ហើយអ្នក​ភូមិ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ក្រោម​កិច្ចសហការ​ជាមួយនឹង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បុរស​ជា​ប្តី​ត្រូវ​បាន​ឃាត់ខ្លួន ។

លោកនាយ​ប៉ុស្តិ៍​ពាម​កោះ​ស្នា​បន្ត​ថា នៅ​យប់ថ្ងៃ​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅទិញទឹកកករួចឆ្លៀតផឹកស្រាទាល់តែ​ស្រវឹង។​លុះ​មក​ដល់​លើ​ផ្ទះ​វិញ ក៏​បាន​បង្កជម្លោះ​ពាក្យ​សម្តីជាមួយនឹង​ប្តី ដោយ​យក​កូនកាំបិត​ទៅ​អា​រក​ប្តី​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ បណ្តាល​ឲ្យ​រង​របួស​ហូរ​ឈាម ។

ឯ​បុរស​ជា​ប្តី​ដោយសារ​ឈឺ​ទប់​កំហឹង​មិន​បាន ក៏​ស្ទុះ​ទៅ​យកកាំបិត​ផ្គាក់​មក​អា​រកប្រពន្ធ​វិញ រហូត​ដាច់​បំពង់ខ្យល់​ស្លាប់​ក្នុង​ថ្លុកឈាមយ៉ាងអាណោចអាធ័មដោយគ្មានកូនចៅដឹងឡើយ ព្រោះកូន​ៗ​ចំនួន៦​នាក់ មាន​ប្តី​មាន​ប្រពន្ធ​ទៅ​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ ដែលធ្វើឲ្យ​ពួក​គាត់​នៅ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ប៉ុណ្ណោះ ។

តាម​ការ​ស្រាវជ្រាវរបស់សមត្ថកិច្ចនិងការបំភ្លឺពីអ្នកភូមិបានឲ្យដឹងថា ប្តី​ប្រពន្ធពីរនាក់​នេះ​មាន​ជំងឺសរសៃប្រសាទ ហើយ​ប្តី​មាន​ជំងឺលើសឈាម​និង​មានស្មារតី​ភ្លេចភ្លាំង​ច្រើន ចំណែក​ប្រពន្ធ​ជា​មនុស្ស​ចូល​ចិត្ត​ផឹកស្រា ។

សាក្សីបានឲ្យដឹងថា កាលពី​ប្រមាណ​៣​ទៅ​៤​ខែមុន បុរស​ជា​ប្តី​ដោយសារ​តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ បាន​ផឹកថ្នាំ​កណ្តុរ​ប៉ង​ធ្វើ​អត្តឃាតម្តងហើយ តែ​​មិន​ស្លាប់​ត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ។

យ៉ាងណាក្នុងរឿងនេះ កូន​ៗ​ទាំងអស់របស់ពីរនាក់ប្តីប្រពន្ធនេះបាននាំគ្នា​ផ្តិត​មេដៃ​ស្នើ​សមត្ថកិច្ច​កុំ​យកទោស​ពៃរ៍​ឪពុក តែ​សមត្ថកិច្ច​មិន​ហ៊ាន​ដោះ​លែង​ទេ ហើយគេក៏មិនដឹងថាតុលាការយល់ ស្របតាមសំណើដែរឬទេ ៕​ ដោយ​ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print