ភ្នំពេញ ៖អតីតនាយកសាលាហ្សាម៉ាន់ (បច្ចុប្បន្នសាលាផារ៉ាហ្គន) លោក អូស្មាន់ ការ៉ាខា (Osman Karaca) ដែលរដ្ឋាភិ បាលទួរគី ចោទថាមានការពាក់ព័ន្ធនឹង អំពើភេរវកម្មនៅប្រទេសទួរគី ត្រូវបាន សមត្ថកិច្ចចាប់ខ្លួននៅកម្ពុជា កាលពី សប្តាហ៍មុន ហើយបញ្ជូនទៅឱ្យរដ្ឋាភិបាលទួរគីហើយ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោក អូស្មាន់ ការ៉ាខា ត្រូវបានចាប់ខ្លួនពីបទភេរវកម្ម កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តាមសំណើទួរគី ហើយត្រូវបានបញ្ជូនទៅប្រទេសទួរគី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងដែរថា សមត្ថកិច្ចកម្ពុជា មានភស្តុតាងគ្រប់គ្រាន់ ដែលផ្តល់ដោយរដ្ឋាភិបាលទួរគី ដើម្បីចាប់ខ្លួនលោក អូស្មាន់ ការាខា ពាក់ព័ន្ធករណីរដ្ឋប្រហារនៅទួរតី។ លោកបញ្ជាក់ថា ការចាប់ខ្លួនលោក អូស្មាន់ ការ៉ាខា អនុវត្តទៅតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
កម្ពុជា-ទួរគី ក៏បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Suleyman Soylu រដ្ឋ មន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋទួរគី។
រដ្ឋប្រហារមិនសម្រេច នៅប្រទេសទួរគី ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោកប្រធានាធិបតី អ៊ែរដូហ្គាន (Erdoğan) បានកើត ឡើង កាលពីខែកក្កដា ឆ្នាំ២០១៦ ដែល រដ្ឋាភិបាលប្រទេសនេះចោទថា រៀបចំ ដោយលោក Gülen ឥស្សរជននយោបាយ ដ៏ខ្លាំង១រូប ដែលភៀសខ្លួនទៅនៅសហរដ្ឋអាមេ៉រិក។
អតីតថ្នាក់ដឹកនាំសាលាហ្សាម៉ាន់ ត្រូវបានរដ្ឋាភិបាលទួរគីចោទថា បានផ្តល់ជាហិរញ្ញវត្ថុដល់ លោក ហ្វេធូឡាស់ ហ្គូលិន ដែលភៀសខ្លួននៅអាមេ៉រិក ដើម្បីធ្វើរដ្ឋប្រហារយោធាទម្លាក់ ប្រធានាធីបតីទួរគីស្របច្បាប់ ប៉ុន្តែការធ្វើរដ្ឋប្រហារត្រូវបាន
បរាជ័យ។ ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ សាលាហ្សាម៉ាន់ បានចេញប្រកាសថា ខ្លួនមិនមានការពាក់ព័ន្ធនឹងរដ្ឋប្រហារនៅប្រទេសទួរគីនោះទេ៕ ស តារា