ចិននិងរុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ និងជាប្រទេសមហាអំណាបរមាណូលំដាប់កំពូលនៅលើពិភពលោក ។ មិនតែប៉ុណ្ណោះ ចិននិងរុស្ស៊ី តែងតែរារាំង រាល់សកម្មភាព របស់អាមេរិក ក្នុងការឈ្លានពានប្រទេសតូចៗ ។
រយៈពេល កន្លងមក សារព័ត៌មានរបស់រុស្ស៊ី ក៏ដូចជាសារព័ត៌មាន ចិន បានលើកសរសើរគ្នាទៅវិញទៅមក ពីសមត្ថភាពការពារជាតិ និងវាយប្រហារ របស់កម្លាំងអាវុធ ទាហានប្រទេសទាំងពីរ។ កន្លងមកសារព័ត៌មានរុស្ស៊ីបានផ្សាយថា អាវុធរបស់អាមេរិកចាញ់ចិន។ ពេលនេះសារព័ត៌មានចិន សរសើរថារុស្ស៊ីពិតជាមានកម្លាំងការពារខ្លាំងទើបអាមេរិក មិនហ៊ានវាយប្រហារ។
សារព័ត៌មាន អេឡិចត្រូនិច Sohu របស់ចិន បានផ្សាយថា អាមេរិក មិនហ៊ានវាយប្រហារ ដោយគ្រាប់បែកបរមាណូទៅលើប្រទេសរុស្ស៊ីដោយសារតែ ទីក្រុងមូស្គូ មានអាវុធទំនើបៗ ពិសេសគឺបរមាណូខ្លាំងជាង និងច្រើនជាងអាមេរិក។
សារព័ត៌មាន Sohu បានផ្សាយថា«នៅក្នុងសម័យកាលពិភពលោកទំនើបកម្ម ប្រសិនបើប្រទេសមួយមានបរមាណូ យុទ្ធសាស្ត្រ គឺត្រូវបានចាត់ទុកថាជាមហាអំណាច ។ហើយប្រទេសទាំងនោះមានសិទ្ធិរក្សាសន្តិភាពនៅលើពិភពលោក។
សារព័ត៌មានខាងលើបានផ្សាយថា បើទោះបី សូវៀតដួលរលំហើយ បច្ចុប្បន្នរុស្ស៊ីបានកាត់បន្ថយមូលនិធិសម្រាប់ការពារជាតិ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នៅតែបង្ហាញពីក្តីបារម្ភចំពោះឃ្លាំងអាវុធបរមាណូរបស់រុស្ស៊ីដែលបានត្រៀមលក្ខណៈរួចរាល ក្នុងការធ្វើសង្គ្រាម។
សារព័ត៌មានចិនបានផ្សាយថា ការដែលអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា INF គឺជាសម្ពាធយ៉ាងធំធេង ដល់ប្រទេសរុស្ស៊ី ហើយការដកខ្លួនចេញនោះដើម្បីផលិតអាវុធទំនើប ៗ ដើម្បីយកឈ្នះរុស្ស៊ីនៅក្នុងសង្គ្រាមបរមាណូ។ ប៉ុន្តែតាមរយៈការធ្វើសមយុទ្ធ Grom-2019 កន្លងមក របស់រុស្ស៊ី បានធ្វើឲ្យពិភពលោក ជឿជាក់ថារុស្ស៊ីមានសមត្ថភាព ការពារសន្តិសុខរបស់ខ្លួន គេចផុតពីការវាយប្រហារ របស់មហាអំណាចនានា។
សារព័ត៌មាន Sohu បានផ្សាយថា ការប្រកួតប្រជែងអាវុធថ្មីដូចក្នុងសម័យ អាមេរិក សូវៀត គឺមិនអាចកើតឡើងនោះឡើយ។ សារព័ត៌មានដដែលបានបញ្ជាក់ថា «កម្លាំងទាហានរុស្ស៊ី បានបង្កើនសមត្ថភាព ពីមួយថ្ងៃទៅមួយថ្ងៃ ហើយ ប្រតិកម្ម ទាន់ពេលវេលាទៀតផង ។ដូច្នេះ អាមេរិក និងមិនហ៊ានវាយប្រហារ ទៅលើរុស្ស៊ី នោះឡើយខ្លាចរងការវាយបកវិញ។
នៅក្នុងការធ្វើសមយុទ្ធ Grom-2019 កន្លងមករបស់រុស្ស៊ី កាលពីថ្ងៃទី១៥-១៧ ខែតុលា ដោយមានទាហាន ១២ពាន់នាក់ចូលរួម ប្រព័ន្ធបាញ់មីស៊ីល២១៣ គ្រឿង យន្តហោះចម្បាំង១០៥គ្រឿង រថយន្តដឹកមីស៊ីលយុទ្ធសាស្ត្រ ៥គ្រឿង នាវាចម្បាំង១៥គ្រឿង បំពាក់មីស៊ីល និងនាវាមុជទឹក ៥គ្រឿង ព្រមទាំងសម្ភារៈសព្វាវុធផ្សេងៗទៀត ដល់ទៅ៣១០ ប្រភេទ។
កន្លងមកថ្មីៗ អ្នកឯកទេសសព្វាវុធរបស់រុស្ស៊ីបានលើកឡើងថា ការបង្ហាញមីស៊ីលល្បឿនលឿនរបស់ចិន DF-17 ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ចិនកំពុងតែនាំមុខលើអាមេរិកនូវបច្ចេកវិទ្យាមីស៊ីលទំនើប។
សារព័ត៌មាន Sputnik របស់រុស្ស៊ី បានដកស្រង់សម្តីអ្នកឯកទេសវិភាគយោធា របស់រុស្ស៊ីលោក Vasily Kashin បានលើកឡើងថា ការដង្ហែក្បួនយោធាទ្រង់ទ្រាយធំបំផុតរបស់ចិន ជាការបញ្ជាក់យ៉ាងច្បាស់ថា ចិនមានអភិឌ្ឍន៍សព្វាវុធ រីកចំរើនយ៉ាងខ្លាំង ដោយមានអាវុធជាច្រើនដែលប្រទេសជុំវិញពិភពលោកមិនទាន់មាន ។
កន្លងមក កម្លាំងទាហានបដិវត្តន៍ប្រជាជនចិន បានបង្កឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានបង្ហាញមីស៊ីលទំនើបៗ គ្មានគូប្រជែង នៅក្នុងពិធីព្យុហយាត្រាទ្រង់ទ្រាយធំ នាទិវា៧០ឆ្នាំថ្ងៃបង្កើតបក្ស ។
មីស៊ីលទំនើបបំផុតដែលចិនបានបង្ហាញនោះជាប្រភេទ Dongfeng-17(DF-17)ជាមីស៊ីលដែលក្រុមអ្នកវិភាគបានលើកឡើងថា មានសមត្ថភាពខ្ពស់អាចបំពាក់ក្បាលគ្រាប់បរមាណូ និងវាយប្រហារគោលដោយក្នុងល្បឿនលឿនបំផុត ចាក់ទម្លុះរាល់ មីស៊ីលការពាររបស់សត្រូវ។
អ្នកឯកទេសយោធា បានវាយតម្លៃថា មីស៊ីលDF-17 ជាមីស៊ីលដ៏គ្រោះថ្នាក់ សម្រាប់សត្រូវ ដោយមីស៊ីលនោះអាចវាយប្រហារ ទៅលើគោលដៅ ក្នុងល្បឿនលឿនជាងសំឡេង៥ដង(Mach 5) គឺមានល្បឿនដល់ទៅ៦.១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ DF-17 ជាមីស៊ីលទំនើបបំផុតដែលបានដាក់ឲ្យប្រើប្រាស់ក្នុងជួកងទ័ពដំបូងបង្អស់នៅលើពិភពលោក។ មីស៊ីលនេះអាចផ្លាស់ប្តូរទិសដៅវាយប្រហារភ្លាមៗពេលកំពុងតែហោះហើរនៅពេលចាំបាច់។ ចំណុចទាំងនោះហើយដែលជួយឲ្យមីស៊ីលគេចពីប្រព័ន្ធមីស៊ីលការពាររបស់សត្រូវ ។
អគ្គនាយកកម្មវិធីសន្តិសុខអន្តរជាតិ មកពីមជ្ឈមណ្ឌល Lowy នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានបញ្ជាកថា« កម្លាំងទាហានបណ្តាប្រទេសលោកខាងលិច មិនទាន់មានមីស៊ីលវាយប្រហារទំនើបបែបនេះឡើយ»។ លោកបន្តទៀតថា ក្នុងបច្ចេកវិទ្យាសព្វាវុធ ចិនបាននាំមុខលើពណ្តាប្រទេសលោកខាងលិចទាំងអស់៕
ដោយ៖ មែវ សាធី