ខេត្តកណ្តាល ៖ បុរសចំណាស់មានតណ្ហាក្រាស់ម្នាក់បានឡើងទៅលើផ្ទះក្មេងស្រីជាជនពិការស្វិតដៃជើងពីកំណើតអាយុ១៤ឆ្នាំម្នាក់ រួចចាប់ខ្ទប់មាត់នាង ហើយប៉ុនប៉ងរំលោភសេពសន្ថវៈខណៈនាងនៅផ្ទះតែម្ណាក់ឯង តែមិនបានសម្រេច ព្រោះនាងរើបម្រះស្រែកឲ្យគេជួយ ហើយត្រូវនគរបាលស្រុកកោះធំឃាត់ខ្លួនបាន។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃ ពុធ ១០រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ហើយនៅព្រឹកថ្ងៃទី២៥ខែតុលា ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន ។
ជនសង្ស័យខាងលើឈ្មោះ គីវ ចំរើន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកក្មេងស្រីរងគ្រោះជាជនពិការស្វិតដៃជើងពីកំណើត មានអាយុ១៤ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ក្មេងស្រីរងគ្រោះជាជនពិការដៃជើងតាំងពីកំណើត និងកំព្រាឪពុក ដោយសព្វថ្ងៃនាងរស់នៅជាមួយម្ដាយ និងបងប្អូនចំនួន៤នាក់នាក់ទៀត ។ សព្វថ្ងៃម្ដាយ និងបងស្រីរបស់នាង គឺជាកម្មការិនីរោងចក្រកាត់ដេរ តែងតែចេញទៅធ្វើការបាត់ពីផ្ទះ លុះពេលព្រលប់ទើបត្រឡប់មកវិញ ដោយទុកក្មេងស្រីរងគ្រោះខាងលើនៅផ្ទះជាមួយប្អូនស្រីម្នាក់អាយុ៧ឆ្នាំម្នាក់ ។ លុះមកដល់ វេលាម៉ោងកើតហេតុខាងលើ ខណៈពេលម្ដាយ និងបងស្រីចេញទៅធ្វើការបាត់ពីផ្ទះអស់ ចំណែកក្មេងស្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ស្រាប់តែពេលនោះជនសង្ស័យដែលជាមនុស្សញៀនស្រាជាប្រចាំបានឡើងទៅលើផ្ទះកុមារីរងគ្រោះ រួចចាប់ខ្ទប់មាត់នាង និងប៉ុនប៉ងរំលោភសេពសន្ថវឳ។ ពេលនោះក្មេងស្រីរងគ្រោះបានព្យាយាមស្រែកឲ្យគេជួយក៏ឮដល់ស្ត្រីម្នាក់ឈ្មោះ ស្រឿន យឺន ជាអ្នកជិតខាងដែលមានផ្ទះជាប់គ្នា បានរត់មកមើល ធ្វើឲ្យជនសង្ស័យគ្មានឱកាសក៏បានរត់គេចខ្លួនបាត់តែម្ដង។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកស្ត្រីជាអ្នកជិតខាងក៏បានមកសួរនាំក្មេងស្រីរងគ្រោះ រួចបានទាក់ទងទៅម្ដាយ និងបងប្អូនរបស់នាងហើយនៅវេលាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ទើបម្ដាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកថ្មីតែម្ដង ។
ក្រោយពីទទួលបានពាក្យបណ្តឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍បានសហការជាមួយជំនាញស្រុកចុះដល់កន្លែងកើតហេតុ រួចស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើបានភ្លាមៗដម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ