ភ្នំពេញ៖ ព្រឹត្តិការណ៍មហោស្រពចាប៉ីដងវែងលើកទី ២ឆ្នាំ២០១៩ នឹងត្រូវប្រារព្ធធ្វើឡើងទ្រង់ទ្រាយធំរួមគ្នាដោយមានការសម្តែងពិសេសរបស់ក្រុមសិល្បករចាប៉ីដងវែង មានចំនួន ៤៤រូប ។ ព្រឹត្តិការណ៍ដ៏សម្បើមនេះនឹងធ្វើឡើង៣ថ្ងៃជាប់ៗគ្នាដោយរៀបចំឡើង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)ក្រោមជំនួយឧបត្ថម្ភពីអង្គការយូណេស្កូ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ព្រឹត្តិការណ៍នេះ ហៅថា ការសម្តែងចាប៉ីដងវែង ៣ ជំនាន់រួមគ្នា ដោយពួកគាត់មកពីបណ្តាខេត្តក្រុងមកសម្តែងជូនពុកម៉ែ បងប្អូន ចូលរួមគាំទ្រផ្តល់កម្លាំងចិត្ត និងចូលទស្សនាដោយសេរី។ព្រឹត្តិការណ៍មហោស្រពចាប៉ីដងវែងលើកទី២នេះគឺមានគោលបំណងធំៗ៣គឺមានការជុំគ្នាជាទ្រង់ទ្រាយធំ គឺសម្តែងរួមគ្នា ៤៤ រូប នោះ ក៏ព្រោះតែចង់រំឮកការចងចាំនៃខួបដាក់ចាប៉ីដងវែងចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីចុងឆ្នាំ ២០១៦ ផង និងនៅថ្ងៃ៣០ ខែវិច្ជិកា។
ក្រៅពីនេះ ក៏ចង់ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសិល្បៈចាប៉ីដងវែងនេះផងដែរ ទៅដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់វាឲ្យកាន់តែបានច្បាស់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ប្រធានសហគមន៍ចាប៉ីអមតៈលោក ពេជ្រ សារ៉ាត ដែលជាអ្នករៀបចំកម្មវិធីមហោស្រពចាប៉ីដងវែងនេះ។ លោកបានលើកឡើងថា កម្មវិធីមហោ ស្រពចាប៉ីដងវែងឆ្នាំនេះគឺជាលើទី២ហើយ នឹងធ្វើនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ប្រព្រឹត្តទៅចំនួន៣ ថ្ងៃ គឺថ្ងៃទី ២៧-២៨-២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ដែលរួមមានសិល្បករចាប៉ីដងវែងចូលរួមចំនួន៤៤រូប។កាន់តែធ្វើឲ្យមានលក្ខណៈពិសេសខ្លាំងជាងឆ្នាំមុនៗដោយក្រុមសិល្បករចាប៉ីដងវែងជាច្រើនទាំងក្មេងចាស់ចូលរួមជាលក្ខណៈទ្រង់ទ្រាយធំផងដែរ។ លោក សារ៉ាត លើកឡើងថា តន្ត្រីចាប៉ីដងវែងនេះ ពេញនិយមខ្លាំងក្លាណាស់អំឡុង នាទសវត្សរ៍ទី ៦០-៧០ ពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វ័យ ដោយសារជាសិល្បៈតន្ត្រីមួយប្រភេទតម្រូវឲ្យសិល្បករមានបញ្ញាឈ្លាសវៃ ចំណេះដឹងទូលំទូលាយ ហើយមានសំនួនវោហារស័ព្ទណែងណង នឹកឃើញភ្លាមច្រៀងភ្លែត។
ពិសេសចង់បន្សាបទស្សនៈយល់ច្រឡំ លង់ជឿពាក្យចចាមអារ៉ាមដែលថា ការរៀនចាប៉ីដងវែងយូរៗទៅនឹងធ្វើឲ្យងងឹតភ្នែកទើបធ្វ្វើផ្នែកតន្ត្រីចាប៉ីដងវែងមួយនេះ ថមថយនូវប្រជាប្រិយភាពលែងមានអ្នកចាប់អារម្មន៍រៀន ក៏ដូចជាចង់លេង។
មុនព្រឹត្តិការណ៍មកដល់មានយុវជនចាប៉ីដងវែង ហាត់សមយ៉ាងសកម្មដើម្បីឲ្យ មហោស្រពចាប៉ីដងវែងឆ្នាំនេះកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជន។ មានវត្តមានព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ព្រឹទ្ធា ចារ្យ អ៊ិន សារ៉ុន ព្រឹទ្ធាចារ្យ ឯែ យិន និងលោកតា លោកយាយ យុវតី យុវជន កុមារ ចាប៉ីដងវែងសរុប ៤៤ រូប និងចូលរួមថែរក្សា អភិរក្ស ផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀតផង ៕ ដោយ វឌ្ឍនា