តំណាង​អយ្យការចោទ​ពីបទ «ហិង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស » តែត្រូវលោក​ចៅក្រម ​សម្រេច​មិន​ឃុំខ្លួននៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែល​ត្រូវបាន​តំណាង​អយ្យការ ចោទ​ពីបទ « ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស » តែត្រូវបាន​លោក​ចៅក្រម នៃ​សាលាដំបូង​ខេត្តបាត់ដំបង ធ្វើការ​សម្រេច​មិន​ឃុំខ្លួន ព្រមទាំង​បាន​ដោះលែង​ឲ្យមាន​សេរីភាព​ទៅវិញ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​រត់គេចខ្លួន​អស់​រយៈពេល​រាប់​ខែ មិន​ព្រម​ចូលខ្លួន​តាម​ការកោះហៅរ​បស់​សមត្ថកិច្ច​ជាច្រើនលើកច្រើនសារួចមក។

​យោង​តាម​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន ពេជ្រ​សំណាង ភេទ​ប្រុស​ អាយុ​១៧ ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង បាន​អះអាង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី ១១ ខែ​មិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៤ និង ៣០ នាទី ល្ងាច ខ្លួន​បាន​បើករថយន្ត​ចូលទៅរ​កញុំា​អី​នៅ​កន្លែង ខួរ​ចំហុយ មួយកន្លែង ក្នុងភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

​ពាក្យ បណ្តឹង​បាន​បន្តថា នៅពេលនោះ​ស្រាប់តែ​មានឈ្មោះ ផាត់ ជី​ង​ថង ភេទ​ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ជាមួយនឹង​គូកន បាន​បើករថយន្ត​មក​ក្បែរ ហើយ​បាន​ចុះមក​វាយ លើ​ខ្លួន បណ្តាលឲ្យ​រងរបួស​យ៉ាងដំណំ ទើប​ខ្លួន​បាន​ប្តឹងទៅ​សមត្ថកិច្ច​ឲ្យជួយ​អន្តរាគមន៍​តែម្តង ។ស្រប​ពេលដែល​សមត្ថកិច្ច​ចុះទៅ​ដល់ ក៏​ឃើញ​ឈ្មោះ សំ ចន្ថា ដែល​ត្រូវជា​ឪពុក​របស់​ជនបង្ក​នោះ បានមក​ដល់​ដែរ ដើម្បី​សម្របសម្រួល។​

​តាម​ការលើកឡើង​ពី​សមត្ថកិច្ច​បានអោយដឹង​ថា ក្រោយពេល​ឃាត់ខ្លួន​គឺ​ឪពុក​បាន​ធានាថា និង​អោយ​កូន​របស់​ខ្លួន​ចូល​ទៅ​ដោះស្រាយ ហើយក៏​សុំ​ឲ្យកូន​ជា អ្នក​កាន់ចង្កូត ដើម្បី​បើក​ទៅកាន់​ស្នងការ ដោយ​គ្រាន់តែ​អោយ​សមត្ថកិច្ច​ជិះ​តាម​រថយន្ត​តែ​ម្នាក់​បាន​ហើយ ឯ​ឪពុក​ក៏​ទៅតាម​ដែរ ដើម្បី​ចូលខ្លួន​ទៅ​សម្របសម្រួល។ ផ្ទុយទៅវិញ​គេ​មិនបាន​បើក​រថយន្ត​ឆ្ពោះ​ទៅ​កាន់​ស្នងការដ្ឋាន​ឡើយ​ ដោយ​គេ​បាន​បើក​ទៅផ្ទះ​របស់គេ​ទៅវិញ ហើយ​បាន​ដេញ​ឲ្យ​សមត្ថកិច្ច​ម្នាក់​នោះ ​ចុះ​ពី​រថយន្ត​ជាបន្ទាន់ រួច​ជន​បង្ក​ក៏បាន​បើក​រថយន្ត​គេចខ្លួន​បាត់​តែម្តង។

ចាប់តាំងពី​ពេលនោះ​មក សមត្ថកិច្ច​ជំនាញ​បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​ខ្លួន​ចំនួន​២ លើក តែ​ជនបង្ក​នៅតែ​មិន​ព្រម​បង្ហាញខ្លួន ទើប​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​រឿងនេះ​មក​តំណាង​អយ្យការ ដើម្បី​អនុវត្ត​បន្ត។​

ទីបំផុត​អយ្យការ បានចេញ​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ ៤៧.២០១៩ ចុះ​ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០១៩ របស់​ព្រះរាជអាជ្ញា នួន សាន អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង។ បញ្ជា​លើ​ឈ្មោះ ផាត់ ជី​ង​ថង ភេទ​ប្រុស អាយុ ២០ ឆ្នាំ មាន​ទីលំនៅ ក្រុមទី ២២ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​ ​ដើម្បី​សាកសួរ​ពី​ដំណើររឿង​(​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​)។​

​បន្ទាប់ពី​ទទួលបាន​ដីកា​នេះ​រួចមក កម្លាំង ​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី កង សុ​ផា​ណ្ណា នាយរង​ការិយាល័យ បាន​តាម​ប្រមាញ់​អស់​រយៈពេល​យ៉ាងយូរ ទើបបាន​ប្រទះឃើញ​មុខសញ្ញា​នេះ​នៅតាម​ដងផ្លូវ ដោយ​នៅពេល​នោះដែរ​កម្លាំង​បាន​ចុះទៅ​ដើម្បី​អនុវត្ត​ដីកា ប៉ុន្តែ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម ជនសង្ស័យ​បាន​បើករថយន្ត​គេចខ្លួន ចូលទៅ​សំងំ​លាក់ ខ្លួន នៅ​កន្លែង លាង​រថយន្ត យីហោ ហេង ហេង ក្នុងភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង នា​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ វេលា​ម៉ោង ២ និង ៣០ នាទី រសៀល ទើប​សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​បញ្ជូនទៅ​តំណាង​អយ្យការ​តែម្តង។​

លុះមកដឡ់​ថ្ងៃទី ២៦ ខែ ឆ្នាំ ដដែល ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ដល់ដៃ​លោក ញាណ សុវណ្ណ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង ប៉ុន្តែ​ការសាកសួរ​របស់លោក​ចៅក្រម​បាន​ប្រហែល ២ ម៉ោង ប៉ុណ្ណោះ​ជនសង្ស័យ​ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព និង​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយ​លោក​ចៅក្រម​សម្រេច​មិន​ឃុំខ្លួន។ ចំណែក​ជនរងគ្រោះ​បាន​បញ្ជាក់ថា ចាប់តាំងពី​ការចាប់ខ្លួន​ជនបង្ក រហូតដល់​ការដោះលែង​ឲ្យមាន​សេរីភាព​ឡើងវិញ​របស់លោក​ចៅក្រម គឺ​គេ​នៅ​មិនទាន់​បានទទួល​សំណង​រដ្ឋប្បវេណី ១ ដុល្លារនៅឡើយ។ ដោយឡែក​ចំពោះ​សមត្ថកិច្ច​មួយចំនួន​ក៏បាន​ត្អូញត្អែរ​ថា ការខិតខំ​ប្រឹងប្រែង​តាម​ចាប់​មុខសញ្ញា​ដែល​តុលាការ​បានសម្រេច​ចេញ​ដីកា គឺមាន​ការលំបាក​ខ្លាំង ប៉ុន្តែ​នៅពេល​មកដល់​ដៃ​លោក​ចៅក្រម​បែរជា​ត្រូវបាន​ដោះលែង​យ៉ាង​ងាយ​បែ​បនេះ​ទៅវិញ។​

ជុំវិញ​ការដោះលែង​ជន​ប្រព្រឹត្ត​បទល្មើស​នេះដែរ ​លោក​ព្រះរាជអាជ្ញា នួន សាន បានប្ញជាក់ថា រហូតមក​ទល់នឹង​ពេលនេះ លោក​មិនទាន់​បានទទួល​ដំណឹង ឬ​ដីកា​សម្រេច​ណាមួយ​នៅឡើយទេ៕

...

ដោយ៖ ​សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print