សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស នៃប្រទេសឡា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ​ ០២កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ខាំផាន់ ភុំម៉ាថាត(Khamphanh​Phommathat) សមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបក្សនៃប្រទេសឡាវ ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ ឯកឧត្តម ខាំផាន់ ភុំម៉ាថាត បាន
ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី​ ឯកឧត្តម​ អគ្គលេខាធិការបក្ស និងឯកឧត្តម​ នាយករដ្ឋមន្ត្រីឡាវជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមខានអញ្ជើញមកប្រទេសកម្ពុជាជាយូរមកហើយ តែពេលនេះ​ ឯកឧត្តមឃើញថា កម្ពុជាមានការរីកចម្រើនច្រើនលើគ្រប់វិស័យ។

ឯកឧត្តមសូមសំដែងនូវការអបអរសាទរចំពោះការដឹកនាំរបស់​ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានសន្ទុះរីកចម្រើនយ៉ាងលឿនជាទីបំផុតនិងបានកែប្រែមុខមាត់កម្ពុជា ជាកម្ពុជាថ្មីមួយ។ ក្នុងន័យនេះឯកឧត្តមពិតជាមានសេចក្តីរីករាយហើយ​ឯកឧត្តម​ បានជម្រាបជូនសម្តេចតេជោថាថ្នាក់ដឹកនាំនៃប្រទេសឡាវ ក៏ដូចជាប្រជាជនឡាវបានអបអរសាទរចំពោះការលើកតម្កើងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ឲ្យស្របទៅតាមកម្រិតនៃទំនាក់ទំនងជាពិសេសជំរុញការងារដែលបានចុះហត្ថលេខាជាមួយគ្នាកន្លងមកឱ្យមានដំណើរការទៅមុខ និងទទួលបាននូវភាពជោគជ័យផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដោយសង្ខេបនៃដំណើរវិវត្តន៍របស់ប្រទេសឡាវ ពិសេសលើវិស័យម៉ាក្រូសេដ្ឋកិច្ចដោយឯកឧត្តមក៏បានគោរពសុំការណែនាំក៏ដូចជាអនុសាសន៍ ពីសម្តេចតេជោ ក្នុងការចែករំលែកនូវបទពិសោធន៍របស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តមអគ្គលេខាធិការបក្ស ក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រទេស ឡាវ និងអរគុណចំពោះការលើកឡើងនូវវឌ្ឍនភាព និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោបានសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់​ ឯកឧត្តម ថងលូន ស៊ីស៊ូលីត កន្លងមក ដែលទាំងនោះគឺបានចូលរួមលើកកំពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសយើងទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសដើម្បីធ្វើយ៉ាងណាបង្កើនការវិនិយោគបន្ថែមទៀត។ ក្នុងនោះប្រទេសយើងទាំងពីរ ក៏បានជំរុញនូវការអភិវឌ្ឍន៍ទៅលើវិស័យថាមពលអគ្គិសនីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាពិសេសការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា។

សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ក៏បានលើកទឹកចិត្តធ្វើយ៉ាងណាឱ្យភាគីទាំងពីរ កម្ពុជា-ឡាវ បន្តយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ជាពិសេសជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមទាំងវិស័យអគ្គិសនីនេះ ហើយសម្តេចតេជោក៏សូមស្នើឲ្យពិនិត្យមើលលទ្ធភាពលើសក្តានុពលផ្សេងទៀតដែលប្រទេសយើងទាំងពីរអាចសហការគ្នាបានក្នុងន័យជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យស្របទៅតាមអ្វីដែលថ្នាក់ដឹកនាំបានលើកឡើងក្នុងកម្រិតទំនាក់ទំនងដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print