ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ០២កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ខាំផាន់ ភុំម៉ាថាត(KhamphanhPhommathat) សមាជិកការិយាល័យនយោបាយលេខាមជ្ឈិមបក្សនៃប្រទេសឡាវ ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនេះ ឯកឧត្តម ខាំផាន់ ភុំម៉ាថាត បាន
ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អគ្គលេខាធិការបក្ស និងឯកឧត្តម នាយករដ្ឋមន្ត្រីឡាវជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមខានអញ្ជើញមកប្រទេសកម្ពុជាជាយូរមកហើយ តែពេលនេះ ឯកឧត្តមឃើញថា កម្ពុជាមានការរីកចម្រើនច្រើនលើគ្រប់វិស័យ។
ឯកឧត្តមសូមសំដែងនូវការអបអរសាទរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានសន្ទុះរីកចម្រើនយ៉ាងលឿនជាទីបំផុតនិងបានកែប្រែមុខមាត់កម្ពុជា ជាកម្ពុជាថ្មីមួយ។ ក្នុងន័យនេះឯកឧត្តមពិតជាមានសេចក្តីរីករាយហើយឯកឧត្តម បានជម្រាបជូនសម្តេចតេជោថាថ្នាក់ដឹកនាំនៃប្រទេសឡាវ ក៏ដូចជាប្រជាជនឡាវបានអបអរសាទរចំពោះការលើកតម្កើងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីជំរុញទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ឲ្យស្របទៅតាមកម្រិតនៃទំនាក់ទំនងជាពិសេសជំរុញការងារដែលបានចុះហត្ថលេខាជាមួយគ្នាកន្លងមកឱ្យមានដំណើរការទៅមុខ និងទទួលបាននូវភាពជោគជ័យផងដែរ។
លើសពីនេះទៅទៀត ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដោយសង្ខេបនៃដំណើរវិវត្តន៍របស់ប្រទេសឡាវ ពិសេសលើវិស័យម៉ាក្រូសេដ្ឋកិច្ចដោយឯកឧត្តមក៏បានគោរពសុំការណែនាំក៏ដូចជាអនុសាសន៍ ពីសម្តេចតេជោ ក្នុងការចែករំលែកនូវបទពិសោធន៍របស់ប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមអគ្គលេខាធិការបក្ស ក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រទេស ឡាវ និងអរគុណចំពោះការលើកឡើងនូវវឌ្ឍនភាព និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្ដេចតេជោបានសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ថងលូន ស៊ីស៊ូលីត កន្លងមក ដែលទាំងនោះគឺបានចូលរួមលើកកំពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសយើងទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសដើម្បីធ្វើយ៉ាងណាបង្កើនការវិនិយោគបន្ថែមទៀត។ ក្នុងនោះប្រទេសយើងទាំងពីរ ក៏បានជំរុញនូវការអភិវឌ្ឍន៍ទៅលើវិស័យថាមពលអគ្គិសនីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាពិសេសការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តធ្វើយ៉ាងណាឱ្យភាគីទាំងពីរ កម្ពុជា-ឡាវ បន្តយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ជាពិសេសជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមទាំងវិស័យអគ្គិសនីនេះ ហើយសម្តេចតេជោក៏សូមស្នើឲ្យពិនិត្យមើលលទ្ធភាពលើសក្តានុពលផ្សេងទៀតដែលប្រទេសយើងទាំងពីរអាចសហការគ្នាបានក្នុងន័យជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យស្របទៅតាមអ្វីដែលថ្នាក់ដឹកនាំបានលើកឡើងក្នុងកម្រិតទំនាក់ទំនងដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ៕