ភ្នំពេញ៖ បុរសម្នាក់ព្រោះតែតូចចិត្តនឹងខ្លួនដែលរកការងារធ្វើមិនបាន ក៏បានសម្រេចចិត្តចងក.សម្លាប់ខ្លួន បន្ទាប់ពីគេទៅបួសបានរយៈពេល៦ខែ ហើយសឹកមកវិញ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ៅង៧ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៥ ផ្លូវបេតុង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសដែលធ្វើអត្តឃាត់សម្លាប់ខ្លួននោះត្រូវបានស្គាល់ឈ្មោះ ស៊ុំ ផល្លី ហៅជាតិ អាយុ៣៦ឆ្នាំ មានម្ដាយឈ្មោះហ៊ុយ សារី អាយុ៥៨ឆ្នាំ ជាមេផ្ទះ រស់នៅផ្ទះកើតហេតុខាងលើ។
តាមសម្ដីរបស់ស្រ្ដីជាម្ដាយបានរៀបរាប់ថា កូនគាត់(ជនរងគ្រោះ) ពីមុនធ្លាប់មានការងារធ្វើ ប៉ុន្តែក្រោយមកក៏ឈប់វិញ ហើយក៏នៅផ្ទះរហូត។ ដោយសារឃើញកូននៅផ្ទះចេះតែដើររករឿងគេឯងនៅក្បែរផ្ទះមិនឈប់ ទើបគាត់ជាម្ដាយព្រមទាំងបងប្អូន បាននាំរូបគេទៅបួសដើម្បីរៀនសូត្រធម៌វិន័យ ដើម្បីរំងាប់ចិត្តនៅវត្តស្លែង។ បន្ទាប់ពីបានបួសរៀនអស់រយៈពេល៦ខែហើយ គេក៏បានសុំរូបគាត់ជាម្ដាយដើម្បីលាចាកសិក្ខាបទ ហើយក៏រកការងារ តែរកមិនទាន់បានផងក៏ត្រូវបងប្រុសដែលនៅអាមេរិកប្រាប់ថា មិនបាច់ធ្វើការអីទេ នៅតែផ្ទះមើលថែម្ដាយទៅ ចាំគេផ្ញើលុយឲ្យចាយ។
ស្រ្ដីដដែលបានបន្ដថា ប្រហែលជាការដេកស៊ីៗនៅតែផ្ទះ ហាក់ពុំធ្វើឱ្យកូននេះមិនសប្បាយចិត្ត ព្រោះគេយល់ថា គេក៏ធ្លាប់បានរៀនសូត្រមានចំណេះដឹងនឹងគេដែរ បែរជាមិនអាចធ្វើការចិញ្ចឹមក្រពះឯងបាន ហើយត្រូវរស់ដោយពឹងកម្លាំងគេទៅវិញ ទើបធ្វើឲ្យគេសម្រេចចិត្តចងកសម្លាប់ខ្លួនតែម្ដងទៅ។ ពេលនោះគាត់ក៏បាននៅផ្ទះដែរ ព្រោះជាប់រវល់ទៅផ្សារដើម្បីទិញម្ហូប លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏ប្រទះឃើញកូនប្រុសចងកបម្រុងសម្លាប់ខ្លួន ទើបគាត់ប្រញាប់ប្រញាល់ហៅអ្នកជិតខាងឲ្យជួយនាំទៅកាន់មន្ទីរពេទ្យព្រះកុសមៈ តែមិនអាចសង្រ្គោះបានគេក៏បាត់បង់ជីវិទៅ៕
ដោយ៖ វិបុល