ខេត្តសៀមរាប៖ ពិតជាភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកដ៏ល្អរបស់យុវជន និងពលរដ្ឋជាច្រើនរូបដែលរស់នៅខេត្តសៀមរាប បានរៀបចំពិធីបុណ្យបួងសួងដល់វត្ថុស័ក្កិសិទ្ធិ និងបង្សុកូលរំលឹកគុណដល់បុព្វបុរសខ្មែរ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុននេះនៅលើស្ពានចាស់ខាងមុខប្រាសាទអង្គរវត្តខេត្តសៀមរាប។
យុវជនជន និងប្រជាពលរដ្ឋជាច្រើនរូបបានលេខមុខក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរ ជួបជុំគ្នាមុខប្រាសាទអង្គរវត្ត អមដោយដង្វាយ ទៀនធូប ផ្កាភ្ញី ជាផ្លែឈើ នំនែក ភេសជ្ជៈ បាយសី គ្រប់ធញ្ញជាតិរៀបចំលើអសន្នៈ អមដោយដោយការដឹកនាំពិធីសាសនាដោយព្រឹទ្ធាចារ្យ ជាមួយនឹងការរាំរបាំបុរាណខ្មែរជាច្រើនបន្តបន្ទាប់។ យោងតាមលិខិតដែលនគវរត្តទទួលបានពីអ្នកដឹកនាំកម្មវិធីបានបញ្ជាក់ថា កម្មវិធីនេះត្រូវបានរៀបចំតាមទំនៀមទម្លាប់ខ្មែរសុទ្ធសាធដើម្បីជាការឧទ្ធិកុសលជូនដល់បុព្វបុរសខ្មែរដែលថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីដែលរៀបចំធ្វើឡើងចាប់ពីរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៩នោះមានទាំងការរៀបចំដង្ហែរ ដង្វាយចូលក្នុងប្រាសាទអង្គរ ការបួងសួងសុំសិរីសួស្តីពីម្ចាស់ទឹកម្ចាស់ដី ការរាំរបាំថ្វាយ ការនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល។ សកម្មភាពនៃការបង្កើតកម្មវិធីនេះបានធ្វើឲ្យមានការកោតសរសើរខ្លាំងពីមហាជន និងភ្ញៀវទេចរណ៍ជាតិនិងអន្តរជាតិ ដែលមិនត្រឹមតែជាការបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ គឺថែមទាំងជាការបង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ បង្ហាញដល់ជនបរទេស និងបង្កប់ទៅដោយការចូលរួមថែរក្សាអភិរក្សសិល្បៈវប្បធម៌ខ្មែរ និងអត្តសញ្ញាណជាតិខ្មែរផងដែរ។
មហាជនមួយចំនួនដែលបានឃើញពីទិដ្ឋភាពដ៏កម្រធ្វើនៅតំបន់ទឹកដីដ៏ពិសិដ្ឋនេះក៏ស្នើឲ្យមានការរៀបចំកម្មវិធីដូចគ្នានេះនៅតាមតំបន់ស័ក្កិសិទ្ធិ និងរមណីយដ្ឋាន បូជនីយដ្ឋាននានាឲ្យបានកាន់តែច្រើនដើម្បីជាការរួមចំណែកបន្តកសាងសន្តិភាពផ្លូវចិត្ត និងឆ្លុះបញ្ចាំងពីការចូលរួមថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរផងដែរ៕
ដោយ វឌ្ឍនា