Update ៖ ប្រធាន(ស.ស.ស.ក) កំពុងរៀបចំបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន»

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា(ស.ស.ស.ក) កំពុងរៀបចំបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន»ក្នុងនោះលោកបានបញ្ចេញនូវទស្សនៈបំភ្លឺបន្ថែម អ្វីទៅជាទម្រង់នៃ «របាយការណ៍វាយតម្លៃ»?។

លោក ហ៊ុយ វណ្ណៈ បានបញ្ចេញជាទស្សនៈថា៖ ស្របពេលដែល (ស.ស.ស.ក)កំពុងរៀបចំបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ខ្ញុំបំភ្លឺបន្ថែម អ្វីទៅជាទម្រង់នៃ «របាយការណ៍វាយតម្លៃ»? លោកបន្តថា៖
១- គេគប្បីយល់ថា របាយការណ៍វាយតម្លៃ ដែល មានលក្ខណៈវិទ្យាសាស្ត្រ គឺត្រូវតែចេញពីការប្រមូលផ្តុំទិន្នន័យ ដែលមានអាយុកាលកំណត់ នៅក្នុងអំឡុងពេលនៃការធ្វើរបាយការណ៍។ មូលដ្ឋានជាទស្សនៈគ្មានតម្លៃសម្រាប់របាយការណ៍បែបនេះឡើយ។ មិនមែនអត់សុទ្ធទេ តែកុំរវល់ជាមួយ ប៉ប៉េចប៉ប៉ូចច្រើនពេក។ ធ្វើការជាមួយភាពជាក់ស្តែង បានជាផលច្រើនជាង។ របាយការណ៍បែបជាគោលនយោបាយដើម្បីយកទៅធ្វើសុច្ចនករ កែលម្អ គឺត្រូវតែធ្វើឡើងតាមទម្រង់ជាការស្រាវជ្រាវបែបបរិមាណ “quantitative research”។
២- ឯកសាររបាយការណ៍ស្រាវជ្រាវគឺមាន២ទម្រង់៖ «បែបបរិមាណ» និង «បែបគុណភាព» (qualitative and quantitative research)។ ប៉ុន្តែ នៅក្នុងរបាយការណ៍វាយតម្លៃ គឺត្រូវយកទម្រង់បែបបរិមាណជាគោល។ ទម្រង់របាយការណ៍នេះ គេប្រើសម្រាប់ការធ្វើស្ទង់ប្រជាសាស្ត្រ, ការស្ទង់មតិ, ការកំណត់ទីផ្សារ, និងធ្វើគោលនយោបាយជាដើម។ របាយការណ៍នីមួយៗ មានសុពលភាពមិនយូរជាង៥ឆ្នាំទេ គឺទិន្នន័យនឹងផុតតម្លៃ។
៣- ដើម្បីធ្វើរបាយការណ៍បែបវាយតម្លៃបាន ក្រុមការងារសកម្ម នឹងត្រូវតាមដានជាប្រចាំជារៀងរាល់ថ្ងៃ ដើម្បីចងក្រងទិន្នន័យតាមផ្នែក, រៀបបញ្ជីបញ្ហា, និងចុះសម្ភាសន៍ដល់កន្លែង ដើម្បីយកទិន្នន័យពិត។ ឧទាហរណ៍ ក្នុងករណីសារព័ត៌មាន៖ គេត្រូវមានទិន្នន័យជាក់លាក់ថាតើក្នុងរយៈពេល១ឆ្នាំ មានការចុះបញ្ជីប៉ុន្មាន? មានបណ្តឹង ប៉ុន្មាន? មានអំពើហិង្សាប៉ុន្មាន? មានការទាមទារឲ្យកែតម្រូវប៉ុន្មាន? ធម្មជាតិនៃដំណើររឿងជាអ្វី? អ្នកសរសេររបាយការណ៍ ត្រូវពឹងទាំងស្រុងលើទិន្នន័យនេះ។ នេះប្រៀបបានការឆ្លុះកញ្ចក់ហើយ! បើអ្នកស្រាវជ្រាវឃើញ បាយជាប់មាត់ ឃើញមុខជ្រួញ គឺគេកត់ចូលតាមពេលវេលាជាក់លាក់ហើយ។ បើរបាយការណ៍បែបនេះ គ្មានភាពជាក់ស្តែង ភូតភរ គឺជាការខ្ជះខ្ជាយពេលវេលា និងមិនអាចយកទៅប្រើប្រាស់សម្រាប់ការកែលម្អ ឬអភិវឌ្ឍន៍ គោល នយោបាយបានទេ។ អ្នកស្រាវជ្រាវ អាចពន្យល់ថែមអំពីវិធីសាស្ត្រ ចងក្រងរបាយការណ៍បែបនេះ។
៤- មែនទែនទៅ ការសរសេររបាយការណ៍ គឺសំខាន់ការងារជាក្រុម ហើយមិនមែនត្រូវការកម្លាំងបាយដូច កីឡាបោកចំបាប់ទេ។ ប៉ុន្តែ វាត្រូវការ «ប្រាជ្ញា» និងការអំណត់ ព្យាយាម ត្រឹមត្រូវ។ ដូច្នេះ កិច្ចការនេះ ខ្មែរ ធ្វើបាន! ខ្មែរ ណាខិតខំធ្វើ ក៏បានផលមក កម្ពុជា ជារួមដែរ។ សំខាន់ ខ្មែរ កុំគ្មានអ្វីសោះនៅក្នុងដៃ ហើយទុកឲ្យបរទេស បាញ់ផ្សែង បែរជានាំគ្នាតាមហិត យកពាក្យបរទេសតែ១ម៉ាត់ ប៉ាតមុខគ្នាថែម! អាក្រក់មើលណាស់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print