ឧបនាយករដ្ឋរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងថាការផាកពិន័យអ្នកជិះម៉ូតូគ្មានប័ណ្ណបើកបរ នឹងមិនអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នោះទេ ក្រោមហេតុផលថារដ្ឋាភិបាលបានប្រកាសផ្អាកការធ្វើប័ណ្ណបើកបរ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យនិងការត្រៀមលក្ខណៈអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេច ស ខេង មានប្រសាសន៍ថាថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឲ្យផ្អាកបណ្តោះអាសន្នពីការធ្វើប័ណ្ណបើកបរឡានម៉ូតូ។ សម្តេចបន្តថាដោយសារមូលហេតុនេះ ការអនុវត្តផាកពិន័យអ្នកគ្មានប័ណ្ណបើកបរម៉ូតូនឹងមិនត្រូវអនុវត្តចាប់ពីថ្ងៃសុក្រស្អែកនេះទេ។ សម្តេចឧបនាយករដ្ឋមន្រ្តីជំរុញឲ្យក្រសួងសាធារណការនិងក្រសួងសេដ្ឋកិច្ចពន្លឿនការកំណត់តម្លៃឲ្យបានឆាប់។ សម្តេចបញ្ជាក់ថាបន្ទាប់ពីការកំណត់តម្លៃ រដ្ឋាភិបាលនឹងទុករយៈពេលយ៉ាងតិច៣ខែសម្រាប់ប្រជាពលរដ្ឋទៅធ្វើប័ណ្ណបើកបរ មុននឹងការអនុវត្តច្បាប់។
បើតាម សម្តេចក្រឡាហោមស ខេង នៅរាជធានីភ្នំពេញ ម៉ូតូមានប្រមាណ១,២លានគ្រឿង ហើយក្នុងនោះអ្នកបើកបរប្រមាណ៧ម៉ឺននាក់ប៉ុណ្ណោះដែលមានប័ណ្ណបើកបរ។
គួរបញ្ជាក់ថាកាលពីថ្ងៃពុធ សម្តេចហ៊ុន សែន បានបញ្ជាឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនផ្អាកបណ្តោះអាសន្នការធ្វើប័ណ្ណបើកបរម៉ូតូឡានក្រោយពីសម្តេចបានទទួលការត្អូញត្អែរពីប្រជាពលរដ្ឋតាមរយៈហ្វេសប៊ុករបស់សម្តេចថាតម្លៃធ្វើប័ណ្ណបើកបរថ្លៃពេក។ សម្តេចហ៊ុន សែន បន្ថែមថា៖ “ខ្ញុំក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភាក្សាជាមួយរដ្ឋមន្ត្រីនៃស្ថាប័នពាក់ព័ន្ធដើម្បីបញ្ចុះតម្លៃនិងលុបចោលការចំណាយរបស់ប្រជាជនដែលជាការនាំឲ្យខាតបង់ប្រាក់កាសរបស់ប្រជាជន”។
ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តីស្របពេលដែលប្រជាពលរដ្ឋបានសម្រុកទៅធ្វើប័ណ្ណបើកបរម៉ូតូមួយរយៈចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅដើមឆ្នាំក្រោយ។
គួរបញ្ជាក់ថាការផាកពិន័យដែលនឹងត្រូវអនុវត្តនៅដើមឆ្នាំក្រោយ មានដូចជាផាកពិន័យអ្នកជិះម៉ូតូដែលមិនឲ្យអ្នកធ្វើដំណើរពីខាងក្រោយពាក់មួកសុវត្ថិភាព អ្នកបើកបរនិយាយទូរស័ព្ទ និងអ្នកជិះម៉ូតូទាំងឡាយដែលបង្កការរំខាននៅតាមដងផ្លូវ។ សមត្ថកិច្ចនឹងពិន័យអ្នកបើកបរយានយន្តដែលមិនបានភ្ជាប់តាមខ្លួននូវឯកសារដើមរួមមានបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬលិខិតអនុញ្ញាតធ្វើអាជីវកម្មចំពោះរថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូន។
សមត្ថកិច្ចនឹងផាកពិន័យ ប្រសិនបើអ្នកបើកបរថយន្តគ្រប់ប្រភេទនិងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្ត មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ អ្នកបើកបររថយន្តមិនត្រូវដាក់កុមារអាយុក្រោម១០ឆ្នាំអង្គុយនៅកៅអីខាងមុខ យានយន្តបើកបរដោយកុងទ័រល្បឿនមិនដំណើរការ និងអ្នកបើកបរយានយន្តប្រើប្រាស់ទូរស័ព្ទដៃគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង នៅពេលកំពុងបើកបរ។
ការផាកពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្តឬទោចក្រយានយន្តសណ្តោងរ៉ឺម៉កឬត្រីចក្រយានយន្ត មានចំនួនទឹកប្រាក់១៥០០០រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់២៥០០០រៀល និងអ្នកបើកបរយាន្តធុនធ្ងន់ចំនួនទឹកប្រាក់៥០០០០រៀល។
សមត្ថកិច្ចនឹងផាកពិន័យអ្នកបើកបរទោចក្រយានយន្តអូសចន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត អ្នកបើកបរយានយន្តបង្ហោះ រេចុះឡើង ឆាប ឬកៀរ អ្នកបើកបរយានយន្តដែលម៉ាស៊ីនបញ្ចេញសំឡេងខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានលក្ខណៈបច្ចេកទេសនិងអ្នកបើកបរយានយន្តហួសល្បឿនកំណត់ចាប់ពី២០ទៅ២៩គីឡូម៉ែត្រក្នុងមួយម៉ោងជាដើម៕