សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តីប្រកាស​លើកពេល​​ផាកពិន័យ​អ្នក​ជិះ​ម៉ូតូគ្មាន​ប័ណ្ណបើកបរ

ចែករំលែក៖

ឧបនាយករដ្ឋរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែង​ថា​ការផាកពិន័យអ្នក​ជិះម៉ូតូ​​​គ្មាន​ប័ណ្ណ​បើក​បរ​ ​នឹងមិន​​អនុវត្ត​ចាប់ពីថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦នោះទេ ក្រោម​ហេតុ​ផលថា​រដ្ឋាភិបាល​បាន​ប្រកាសផ្អាក​ការធ្វើ​ប័ណ្ណ​បើក​​បរ។​

ក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យ​និង​ការ​ត្រៀមលក្ខណៈ​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលធ្វើឡើង​នៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ សម្តេច ស ខេង មានប្រសាសន៍ថា​ថ្មីៗនេះ សម្តេច​​នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជា​ឲ្យ​ផ្អាក​បណ្តោះ​អាសន្ន​ពីការធ្វើប័ណ្ណ​បើក​បរឡាន​ម៉ូតូ។ សម្តេច​បន្ត​ថា​ដោយ​សារ​មូល​ហេតុនេះ ​ការ​អនុវត្ត​ផាកពិន័យ​អ្នកគ្មាន​ប័ណ្ណ​បើក​បរ​ម៉ូតូ​នឹង​មិនត្រូវអនុវត្ត​ចាប់ពីថ្ងៃសុក្រស្អែក​នេះ​ទេ។ សម្តេចឧបនាយករដ្ឋមន្រ្តី​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ​និងក្រសួងសេដ្ឋកិច្ច​ពន្លឿនការកំណត់​តម្លៃ​ឲ្យ​បាន​ឆាប់។ សម្តេចបញ្ជាក់​ថា​បន្ទាប់​ពី​ការកំណត់តម្លៃ រដ្ឋាភិបាល​នឹង​ទុក​រយៈ​ពេល​យ៉ាងតិច​៣ខែ​សម្រាប់​ប្រជា​ពលរដ្ឋ​ទៅ​ធ្វើ​ប័ណ្ណ​បើក​បរ​ មុន​នឹង​ការ​អនុវត្តច្បាប់។​

បើតាម សម្តេចក្រឡាហោមស ខេង ​នៅរាជធានីភ្នំពេញ ​ម៉ូតូ​មានប្រមា​ណ​​១,២លានគ្រឿង ហើយក្នុងនោះ​​អ្នក​បើក​បរ​ប្រមាណ​៧ម៉ឺននាក់​ប៉ុណ្ណោះ​ដែល​មាន​ប័ណ្ណ​បើក​បរ។

គួរ​បញ្ជាក់​ថា​កាលពីថ្ងៃពុធ សម្តេចហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួងសាធារណការ​និងដឹកជញ្ជូន​ផ្អាកបណ្តោះ​អាសន្នការធ្វើប័ណ្ណបើកបរម៉ូតូឡានក្រោយពី​សម្តេច​បាន​ទទួលការត្អូញត្អែរពីប្រជា​ពលរដ្ឋ​តាមរយៈ​ហ្វេសប៊ុក​របស់​សម្តេចថា​តម្លៃ​ធ្វើប័ណ្ណបើកបរ​ថ្លៃពេក។​ សម្តេចហ៊ុន សែន បន្ថែមថា៖ “ខ្ញុំក៏​បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភាក្សា​​ជាមួយ​រដ្ឋមន្ត្រី​នៃស្ថាប័នពាក់ព័ន្ធដើម្បីបញ្ចុះតម្លៃនិងលុបចោលការចំណាយរបស់ប្រជា​ជន​ដែលជាការនាំឲ្យ​ខាតបង់ប្រាក់កាសរបស់ប្រជាជន”។

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តីស្របពេលដែលប្រជាពលរដ្ឋ​បានសម្រុក​ទៅ​ធ្វើ​ប័ណ្ណ​បើកបរម៉ូតូមួយរ​យៈ​ចុងក្រោយនេះ​ បន្ទាប់ពី​រដ្ឋាភិបាលបាន​ប្រកាសរឹតបន្តឹងការអនុវត្ត​ច្បាប់​ចរាចរណ៍នៅដើមឆ្នាំក្រោយ​។​​

គួរ​បញ្ជាក់​ថា​ការផាកពិន័យ​ដែល​នឹង​ត្រូវ​អនុវត្ត​នៅដើម​ឆ្នាំក្រោយ មាន​ដូចជា​​ផាកពិន័​យអ្នកជិះម៉ូតូដែល​មិនឲ្យអ្នកធ្វើដំណើរពីខាងក្រោយពាក់មួកសុវត្ថិភាព អ្នក​បើកបរ​និយាយ​ទូរស័ព្ទ និង​អ្នកជិះម៉ូតូទាំ​ងឡាយដែ​លបង្កការរំខាននៅ​តាម​ដងផ្លូវ។​ សមត្ថកិច្ច​នឹង​ពិន័យ​អ្នក​បើក​បរ​យាន​យន្ត​ដែល​​មិន​បាន​ភ្ជាប់​តា​ម​ខ្លួន​នូ​វ​ឯក​​សារ​ដើម​រួមមាន​បណ្ណ​បើក​បរ​យាន​យន្ត បណ្ណ​សម្គាល់យានយន្ត​ វិញ្ញា​បន​បត្រ​ត្រួតពិនិត្យ​​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ ឬ​លិខិត​អនុញ្ញា​ត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​​ដឹក​ជញ្ជូន។

សមត្ថកិច្ច​នឹង​ផាកពិន័យ ប្រសិនបើ​អ្នក​បើក​បរថយន្ត​គ្រប់ប្រភេទ​និងអ្នក​រួម​ដំណើរ​ជិះកៅ​​អី​​មុ​ខ​នៃ​រ​ថយ​ន្ត​ មិន​ពាក់​ខ្សែ​ក្រវ៉ាត់សុវត្ថិភាព។​ អ្នក​បើក​បរ​រថយន្តមិន​​ត្រូវ​ដាក់​កុមារ​អាយុ​ក្រោម​១០ឆ្នាំ​​អង្គុយ​​នៅ​កៅអី​​ខាងមុ​ខ យានយន្ត​បើក​បរ​ដោយ​កុងទ័រ​ល្បឿន​មិន​ដំណើរ​ការ និង​អ្នក​បើក​បរយានយន្ត​ប្រើ​ប្រាស់ទូរស័​ព្ទ​ដៃ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់ទំនាក់ទំនង នៅពេល​កំពុង​បើក​បរ។

​ការ​ផាក​​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​បើក​បរទោចក្រយាន​​យន្ត​ឬ​ទោចក្រ​យាន​យន្ត​សណ្តោង​​រ៉ឺ​ម៉ក​​ឬ​ត្រី​ចក្រ​យានយន្ត មាន​​ចំនួន​ទឹក​ប្រាក់​១៥០០០រៀល​ អ្នក​បើក​បរ​យាន​យន្ត​ធុន​ស្រាល​ចំនួន​ទឹក​ប្រាក់​២៥០០០រៀល​ និង​អ្នក​បើក​បរយាន្ត​ធុនធ្ងន់​ចំនួន​ទឹក​ប្រាក់​៥០០០០​រៀល​។​
សមត្ថកិច្ច​នឹង​ផាក​ពិន័យ​​អ្នក​បើក​បរ​ទោចក្រយាន​យន្ត​អូស​ចន្ទល់​លើ​ផ្លូវ​ថ្នល់ ឬ​ព្រលែង​​ចង្កូត ឬ​លើក​ជើង​ដាក់​លើ​ដៃចង្កូត អ្នក​បើក​បរ​យាន​យន្ត​បង្ហោះ​ រេចុះឡើង ឆាប ឬ​កៀរ អ្នក​បើក​បរ​យា​នយន្ត​​​ដែល​ម៉ាស៊ីន​បញ្ចេញ​សំឡេង​ខ្លាំង ឬ​ផ្សែងច្រើន​ខុសពី​បទ​ដ្ឋាន​លក្ខណៈ​បច្ចេកទេសនិង​អ្នក​​បើក​​បរ​យាន​យន្ត​ហួសល្បឿន​កំណត់​ចាប់ពី​២០​ទៅ​២៩​គីឡូម៉ែត្រក្នុង​មួយ​ម៉ោងជាដើម​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print