អាមេរិកមិនទាន់អាចគ្រប់គ្រងភ្លើងឆេះព្រៃ បាននៅឡើយ ហើយរាលដាលកាន់តែខ្លាំង

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ជាច្រើនថ្ងៃកន្លងមក ភ្លើងឆេះព្រៃបានគ្រប់ដណ្តបនៅលើតំបន់ធំក្នុង​រដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក ហើយមកទល់ពេលនេះមិនទាន់អាចគ្រប់គ្រងបាននៅឡើយ បើទោះបីអាមេរិក បញ្ជូនក្រុមពន្លត់អគ្គិភ័យជាច្រើនក្តី។

តាមការចេញរបស់សារព័ត៌មានCNA នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា ភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វរញ៉ាភាគនិរតីសហរដ្ឋអាមេរិក បាននិងកំពុងរីករាលដាលកាន់តែខ្លាំងហើយ ដោយវាបានលេបត្របាក់ផ្ទះប្រជាជន អស់ជាច្រើនខ្នងរួចមកហើយនៅភាគខាងជើង និងខាងត្បូងរដ្ឋ ហើយដោយឡែកតំបន់ផលិតប្រេងស្ថិតនៅភាគត្បូង គឺកំពុងតែប្រឈមមុខបញ្ហាធំ។

អាជ្ញាធររដ្ឋកាលីហ្វរញ៉ាបានបញ្ជាក់ថា ភ្លើងឆេះព្រៃបច្ចុប្បន្ននេះកំពុងតែរំកិលយ៉ាងលឿន ដោយសារឥទ្ធិពលនៃអាកាសធាតុក្តៅស្ងួត ហើយគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកាលីហ្វរញ៉ា) តំបន់សហគមន៍ចំការដំណាំដ៏ធំមួយមានឈ្មោះថា សាន់តា ផូឡា (Santa Paula) កំពុងប្រឈមមុខភ្លើងឆេះព្រៃ ដែលស្ថិតនៅចម្ងាយប្រមាណ ១១៣គីឡូម៉ែត្រភាគពាយ័ព្យទីក្រុងឡូសអាន់ជែឡេស។
ខណៈដែលភ្លើងឆេះព្រៃឈ្មោះ ម៉ារៀ (Maria) បានលេបត្របាក់ផ្ទៃដីព្រៃរបោះ និងវាលស្មៅប្រមាណ ៣,៦៤២ហិកតារួចទៅហើយនោះ ក្រុមពន្លត់អគ្គីភ័យក៏នៅតែព្យាយាមតស៊ូបាញ់ទឹកទៅលើតំបន់ជុំវិញវា ដើម្បីការពារដល់ចំការក្រូច និងបឺរ ដែលមានតម្លៃរាប់សិបលានដុល្លារ ជាពិសេសគឺតំបន់ឧស្សាហកម្មផលិតប្រេង ដែលស្ថិតនៅក្បែរៗតំបន់នោះដែរ។
គួរបញ្ជាក់ថា ដោយសារកំពុងស្ថិតនៅក្នុងគ្រាអាសន្ននៅឡើយ តួលេខនៃគ្រោះមហន្តរាយជារួម ដូចជាចំនួនលំនៅឋានដែលត្រូវបានឆាបឆេះ ឬក៏មនុស្សរងគ្រោះ នៅមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែក្រុមពន្លត់អគ្គីភ័យសរុប ១,៣០០នាក់ កំពុងបំពេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃខាងលើនេះ។ អាជ្ញាធររដ្ឋកាលីហ្វរញ៉ាបានបញ្ជាក់ថា លំនៅឋានប្រជាជនជាង ២,៧០០ខ្នងប្រឈមមុខការឆាបឆេះ ខណៈមនុស្សជាង ១០,៨០០នាក់ត្រូវបង្ខំឲ្យជម្លៀសនៅភាគខាងត្បូង៕

ដោយ៖ មែវ សាធី

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print