ភ្នំពេញ៖ អតីតតារាសម្តែង នី មុល្លីកា ដែលបានរៀបការរូចចេញទៅរួមរស់ជាមួយស្វាមីនៅសហរដ្ឋអាមេរិក អស់ជាច្រើនឆ្នាំ។ ថ្មីៗនេះនាងវិលចូលស្រុកដោយដឹកដៃកូនៗ និងស្វាមីមកលេងញាតិសណ្តានរួមទាំងមានគម្រោងថតភាពយន្តផងដែរ។
គេបាំបានថានី មុល្លីកាបានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករ រស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១១ ។ បន្ទាប់ពីរៀបការរួច នី មុល្លីកា ក៏ត្រូវបានស្វាមីធានាចេញទៅរស់នៅជាមួយភ្លាមៗតែម្តង ។ នាងទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះZachary កាលពីអំឡុងខែឧសភាឆ្នាំ២០១៦ និងកូនស្រីម្នាក់ឈ្មោះណាតាលី(Natalie)ក្នុងអំឡុងឆ្នាំ២០១៧។ ថ្វីដ្បិតមានស្វាមី និង កូនដល់ទៅពីរក៏ពិតមែន នី មុល្លីកា នៅតែមានសម្រស់ និង រូបរាងស្រស់ស្អាតមិនប្រែប្រួលនោះទេ ដោយសារហេតុនេះហើយទើបនាងនៅតែមានឱកាសក្នុងការថតរឿងថ្មីសម្រាប់អ្នកគាំទ្រ គេមិនទាន់ដឹងថាការមកលេងស្រុកខ្មែរលើកនេះរបស់ នី មុល្លីកា មានរយៈពេលវែងឬខ្លី និង មានគម្រោងថតប៉ុន្មានរឿងនោះឡើយ។ប៉ុន្តែតាមការបង្ហើបរបស់សិល្បករម្នាក់ដែលស្និទនឹងផលិតករជើងចាស់បានលើកឡើងថា អតីតតួឯករឿង «កុមារីវ័យ ២៥ ឆ្នាំ» រូបនេះ គ្រោងនឹងមកថតរឿងថ្មីអំឡុងនាងមកលេងពេលនេះ ហើយក៏ជាភាពយន្តដែលផលិតដោយអ្នកស្រី ពាន់ ភួងបុប្ផាផងដែរ ។ ប្រភពបង្ហើបថាជាភាពយន្តខ្នាតធំឬ ជាភាពយន្តរឿង”កុមារីអាយុ២៥ឆ្នាំ” វគ្គទី៣ និងត្រូវសម្រុកថតឈុតឆាករបស់នាងឲ្យបានកាន់តែលឿនដើម្បីទុកឱកាសឲ្យនាងសម្រាកលម្អែកាយជាមួយស្វាមី និងសាច់ញាតិនៅស្រុកខ្មែរ។ ប្រភពបន្តថា តម្លៃខ្លួនក៏ខ្ពស់មិនធម្មតា ខណៈខាងផលិតករនិងអ្នកវិនិយោគក៏ពេញចិត្តនឹងសមត្ថភាពសម្តែងដែលគេរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនពេលចាក់បញ្ចាំងនោះ។ នេះចាត់ទុកជាការបើកទំព័រសិល្បៈជាថ្មីក្រោយនាងផ្អាកសម្តែងអស់ជិត១០ ឆ្នាំ ខណៈកន្លងមកនី មុល្លីកាមិនមានគម្រោងវិលចូលសិល្បៈវិញដូចតារាសម្តែង សារ៉ាយ សក្ខណា និងវ៉េត រតនា នោះទេព្រោះតែនាងមិនមានពេលគ្រប់គ្រាន់ក្នុងការសម្តែង ហើយស្វាមីនាងក៏មិនចង់ឲ្យភរិយាលំបាកច្រើននោះទេបើទោះបីជាមានការទទូចច្រើនពីអ្នកគាំទ្រនិងអ្នកផលិតខ្សែភាពយន្តមួយចំនួនក្តី។
គួរបញ្ជាក់ដែរថា ក្រោយជាប់បេក្ខនារីដែលមិនជាប់ជ័យលាភី ក្នុងកម្មវិធី ប្រលងស្រីស្រស់ប្រុសស្អាត ឆ្នាំ ២០០៥ របស់ ស្ថានីយ៍ ទូរទស្សន៍ CTN នី មុល្លីកាទទួលបានឱកាសច្រើនក្នុងការសម្តែងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ។ ក្រោមការចូលរួមសម្តែងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា នាងទទួលបានការគាំទ្រជាច្រើនពីមហាជន។ ក្រោយផ្តាច់ពាក្យជាមួយ កូនប្រុសអ្នកនិពន្ធនិងដឹកនាំរឿងខាងលើនាងបានសម្រេចចិត្តរៀបការជាមួយនឹងអាណិកជនរស់នៅសហរដ្ឋអាមេរិកផងដែរ៕ ដោយ វឌ្ឍនា