លោក គឹម សន្តិភាព ៖ វោហារសព្ទរបស់ទណ្ឌិត សម រង្ស៊ី បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយម នាថ្ងៃទី៩ វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយមួយរយៈពេលចុងក្រោយនេះ នៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លា លើរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ទន្ទឹមនេះ ទណ្ឌិត សម រង្ស៊ី ក៏បានអំពាវនាវអោយកងកម្លាំងនិងប្រជាពលរដ្ឋ បះបោល ប្រឆាំងរាជរដ្ឋាភិបាល ផងដែរ ។

បញ្ហានេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា វោហារសព្ទរបស់ទណ្ឌិត សម រង្ស៊ី បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយម នាថ្ងៃទី៩ វិច្ឆិកា ។

លោក គឹម សន្តិភាព សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ ថា “វោហារសព្ទរបស់ទណ្ឌិត សម រង្ស៊ី នឹងដាក់បន្ទុកអ្នកអោយក្លាយជាឧក្រិដ្ឋជន !”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្តថា ការបង្កើនវោហារហិង្សានិងការបន្តអំពាវនាវរបស់ក្រុមឧទ្ទាម គឺជាការបង្ហាញអំពីឆន្ទៈយ៉ាងមុតមាំក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងរបបរាជានិយមនាថ្ងៃទី៩ វិច្ឆិកា ខាងមុខអោយបានសម្រេច ! ។

លោក គឹម សន្តិភាព សង្កត់ធ្ងន់ ថា “វោហារសព្ទទាំងអស់នេះ គ្មានអ្វីក្រៅតែពីជួយដាក់បន្ទុកបន្ថែមទៀតលើបទឧក្រិដ្ឋរបស់ក្រុមឧទ្ទាមជនទាំងនេះតែប៉ុណ្ណោះ !”។

ទន្ទឹមនេះ ក្រសួងការពារជាតិ អះអាងថា កងយោធពលខេមរភូមិន្ទ បានយល់ច្បាស់អំពីតួនាទី និង ភារកិច្ចរបស់ខ្លួន ដែលត្រូវប្រឆាំងចំពោះ ជនណាចង់មកបំផ្លិចបំផ្លាញសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ខណៈលោក សម រង្ស៊ី ប្រកាសជំហរ ថា នឹងវិលចូលប្រទេសកម្ពុជា វិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ដោយមិនប្រែប្រួលឡើយ ។

នេះបើតាមលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា នេះ ។

លោក ឈុំ សុជាតិ បញ្ជាក់ថា ការអំពាវនាវ ការបោកបញ្ឆោត ការញុះញង់របស់មេឧទ្ទាមជនក្បត់ជាតិ គ្មានតម្លៃ ឬ ឥទ្ធិពលអ្វីមកលើ កងយោធពលខេមរភូមិន្ទនោះទេ ។ កងយោធពលខេមរភូមិន្ទ ដែលស្ម័គ្រស្មោះចំពោះប្រទេសជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ទេចជនក្បត់ជាតិ ដោយមិនឱ្យប្រទេសកម្ពុជា មានភាពវឹកវរជាថ្មីដាច់ខាត។

អ្នកនាំពាក្យក្រសួងការពារជាតិ រូបនេះ បន្តថា “បុគ្គលដែលដើរហួសបន្ទាត់ក្រហម ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ រហូតដល់តុលាការកាត់ទោសជាច្រើនករណី ពេលនេះកំពុងអស់សង្ឃឹម អស់លទ្ធភាព សូម្បីតែសកម្មជនដែលធ្លាប់គាំទ្រ ក៏បានចាកចេញមកសារភាពជាបន្តបន្ទាប់ដែរ តើមានលទ្ធភាពឯណាទៅ ឧបត្ថម្ភថវិកាដល់កងទ័ពនោះ? ដូច្នេះអ្វីៗដែលពួកគេបានញុះញង់ គឺជាការបោកបញ្ឆោតសាធារណមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះ” ។

សេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅនេះ អតីតគណបក្សសង្គ្រោះជាតិ ប្រកាសថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការរារាំង និង ទប់ស្កាត់ការវិលចូលស្រុកវិញរបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ។

សេចក្តីថ្លែងការណ៍នេះ សង្កត់ធ្ងន់ថា “ទោះជាមានការគម្រាមកំហែង ការរារាំងការទប់ស្កាត់តាមគ្រប់មធ្យោ បាយ និងការបំភ្លៃព័ត៌មានគ្រប់រូបភាពយ៉ាងណាក៏ដោយ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ តាមការគ្រោងទុកដោយឥតប្រែប្រួល ហើយគណៈកម្មការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានកំណត់យកប្រទេសថៃជាច្រកឆ្លងកាត់ចូលមកកាន់ប្រទេសកម្ពុជា”៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print