ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរជាង១១ម៉ឺននាក់នៅតែបន្តសំរុកមកកំសាន្តនៅខេត្តព្រះសីហនុបើទោះបីជាតម្លៃផ្ទះសំណាក់ សណ្ឋាគារ មានការឡើងថ្លៃបន្តិចក្តី នេះបើយោងតាមតួលេខពីមន្ទីរទេសចរណ៍ ប្រាប់បណ្តាញព័ត៌មានកាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ។
លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០១៥ ឈានចូល ឆ្នាំ២០១៦នាឆ្នាំនេះចំនួនភ្ញៀវទេសចរនៅតែបន្តសំរុកមកកំសាន្តយ៉ាងច្រើនកុះករ គ្រាដែលភ្ញៀវមួយចំនួនបានធ្វើដំណើរទៅកំសាន្តតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប កំពត កែប ព្រះវិហារជាដើម ។ល។
បើយោងតាមតួលេខដែលមន្ទីរទេសចរណ៍បានស្រង់ក្នុងឪកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃនេះ គឺមានភ្ញៀវសរុបចំនួន ១១៦.២៤០នាក់ មានការកើនឡើងចំនួន ១.០៧%បើប្រៀបធៀបទៅនឹងបុណ្យឆ្លងឆ្នាំ២០១៤ឈានចូល២០១៥ក្នុងនោះភ្ញៀវជាតិមានចំនួន៩៨.៧១០នាក់ មានការកើនឡើងចំនួន០.៩៧% ភ្ញៀវអន្តរជាតិមានចំនួន១៧.៥៣៩នាក់ មានការកើនឡើងចំនួន១.៦៧% ។
ទាក់ទិនទៅនឹងតម្លៃម្ហូបអាហារឆ្នាំនេះ ហាក់ពុំមានការឡើងថ្លៃនោះទេ គ្រាដែលតម្លៃផ្ទះសំណាក់ មានការឡើងថ្លៃកប់ពពក ពី១៥ដុល្លា ឡើងរហូត៦០ដុល្លាក្នុងមួយបន្ទប់ ឯតម្លៃតុអង្គុយក្នុង០១តុ មានតម្លៃរហូត៤០ដុល្លា ទៅ៥០ដុល្លា នេះបើយោងតាមការអះអាងពីភ្ញៀវទេសចរ ជាច្រើនដែលបានមកកំសាន្តនៅខេត្តព្រះសីហនុ ។
ពាក់ព័ន្ធទៅនឹងសន្តិសុខសុវត្ថិភាព រយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះផងដែរ លោកវរៈសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានបញ្ញាក់ថា ក្នុងឪកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃនេះសម្រាប់ខេត្តព្រះសីហនុបានកើតឡើងចំនួន០២ករណីគឺ ហឹង្សាដោយចេតនាមួយករណីសមត្ថកិច្ចបង្ក្រាបបាន ឃាត់ខ្លួនមនុស្សម្នាក់ និងកាច់ក ម៉ូតូមួយករណីក៏សមត្ថកិច្ចធ្វើការបង្ក្រាបបានភ្លាមៗដែរ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ឯនៅតាមបណ្តោយឆ្នេរពុំមានហេតុការអ្វីកើតឡើងនោះទេ ។
ដោយឡែកជុំវិញបញ្ហាករណី គ្រោះថ្នាក់ចរាចរណ៏ក្នុងរយៈពេល៣ថ្ងៃនេះដែរ បានកើតឡើងចំនួន០៤លើក បង្កមនុស្សចំនួន០៣នាក់បានស្លាប់ និង រងរបួសធ្ងន់ម្នាក់ នេះបើយោងតាមការបញ្ជាក់ ពីលោក វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលបន្ទុកការិយាល័យសណ្តាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ដោយ៖ ឆ្លាម សមុទ្រ