ទីក្រុងប៉ារីស៖ បុគ្គលិកអាកាសចរណ៍ ថៃអ៊េរវែបនរមួយរូបបាននិយាយថា៖ មេដឹកនាំគណបក្សប្រឆាំងកម្ពុជា លោកសម រង្ស៊ី មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ដោយសារតែការកក់សំបុត្ររបស់គាត់ មិនមានប្រសិទ្ធភាព ។
លោក សម រង្ស៊ី បានប្តេជ្ញាវិលត្រឡប់ចូលស្រុកពីការនិរទេសខ្លួន ទៅកាន់ប្រទេសបារាំងនោះនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីដឹកនាំចលនារបស់ខ្លួនបង្ខំឲ្យនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់អំណាចយូរឆ្នាំចេញពីតំណែង ។
បុគ្គលិកអាកាសចរណ៍បំពាក់ទង់ជាតិប្រទេសថៃ នៅឯ អាកាសយានដ្ឋាន Charles De Gaulle ទីក្រុងប៉ារីស ដែលបានឆ្លើយទូរស័ព្ទជាមួយភ្នាក់ងារព័ត៌មាន AP ប៉ុន្តែបដិសេធផ្តល់អត្តសញ្ញាណរបស់ខ្លួននោះបាននិយាយថា សំបុត្រមានសុពលភាពមិនត្រូវបានចេញជូនសម្រាប់ឈ្មោះ សម រង្ស៊ីនោះឡើយ នៅលើជើងហោះហើរថ្មីៗបំផុតថ្ងៃសៅរ៍(ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩) នេះ ។
លោក សម រង្ស៊ី បានបង្ហោះរូបថតនៅលើទំព័រហ្វេសប៊ុករបស់លោក អំពីអ្វីដែលលោកបាននិយាយថា គឺជាសំបុត្រយន្តហោះរបស់លោក ដែលបង្ហាញថា លោកមានការកក់ទុកសម្រាប់ការហោះហើរនៅថ្ងៃព្រហស្បតិ៍ ។ រូបថតនេះ ក៏បានបង្ហាញពីឯកសារយោង អំពីការកក់សំបុត្រយន្តហោះ និងលេខសំបុត្រ ហើយដែលបើកលទ្ធភាព ឲ្យគាត់អាចផ្លាស់ប្តូរ តាមរយៈប្រព័ន្ធអ៊ីនធើណេត ទៅកាន់ប្រទេសទីបី។
លោកសម រង្ស៊ីបានប្រាប់អ្នកយកព័ត៌មាននៅឯព្រលានយន្តហោះថា ក្រុមហ៊ុនអាកាសចរណ៍ថៃ “បាននិយាយថា ពួកគេបានទទួលបម្រាមពីថ្នាក់លើ មិនអនុញ្ញាតឱ្យរូបខ្ញុំឡើងជិះយន្តហោះនេះទេ” ។
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃពុធ បានថ្លែងថា លោកសម រង្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃទេ ៕
ដោយ៖ ថាច់ យ៉ាត