តើអ្វីជាទីបំផុត នៃនយោបាយ EBA?

ចែករំលែក៖

ភ្នំពេញ៖ប្រព័ន្ធអនុគ្រោះពន្ធ EBA ( Everythings But Arms) គឺសំដៅដល់ការអនុគ្រោះឲ្យនាំចូលទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារអឺរ៉ុប លើកលែងតែសព្វាវុធ។ បញ្ហា EBA ស្តាប់មួយភ្លែតហាក់ដូចជាធំ និងធ្ងន់ធ្ងរ ប៉ុន្តែនៅពេលស្វែងយល់ឲ្យកាន់តែច្បាស់ គឺពិតជាហាក់កាន់តែតូចទៅៗ។ ទោះមានការយល់ឃើញ (perception) ថា EBA នេះមានលក្ខណៈតូចឬធំ ក៏ប៉ុន្តែ សូមចងចាំថា ការពិត (reality) មកដល់ម៉ោងនេះ គឺមិនទាន់មានអ្វីកើតឡើងក្នុងករណី EBA នៅឡើយទេ។ អ្វីៗកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធី (process) នៅឡើយ ពីព្រោះចំណោទគណិតវិទ្យានយោបាយ EBA វាស្ថិតនៅតែលើក្រដាសបែបជាទស្សនៈ មិនទាន់ឈានដល់សេចក្តីសម្រេច (decision) អ្វីមួយជាផ្លូវការនៅឡើយទេ។
ប្រសិនបើយើងពិនិត្យមើលអ្វី ដែលបានកើតឡើងតាំងពីដើមទី រហូតដល់ជិតផុតឆ្នាំ២០១៩នេះ មែនទែនទៅចរិតនៃបញ្ហា EBA ហាក់គ្រាន់តែជាវិញ្ញាសារ ដើម្បីតេស្តសមត្ថភាពរវាងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនយោបាយ និងផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយ ក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុណ្ណោះ។ ទិដ្ឋភាព២ដែលគួរកត់សម្គាល់ គឺជំហររបស់រដ្ឋជាសមាជិក EU និងជំហររបស់គណៈកម្មការអឺរ៉ុប លើបញ្ហា EBA គឺមិនដូចគ្នាទេ។ ថ្មីៗនេះប្រមុខដឹកនាំប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ហុងគ្រី ប៊ុលហ្គារី ឆេក ជាដើម បានសន្យាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានប្រកាសជំហរច្បាស់លាស់ថា នឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាមិនឲ្យបាត់បង់ EBA ទេ។
ថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានធ្វើសេចក្តីប្រកាសជូនដំណឹងថ្មីមួយទៀតថា ខ្លួនបញ្ជូនរបាយការណ៍ព្រាងចុងក្រោយជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងឆ្លើយតបបន្ថែម។ ទិដ្ឋភាពនេះ ក៏ចាត់ទុកបានថា EBA គឺស្ថិតនៅលើទម្រង់ជានីតិវិធីបន្តទៅទៀតនៅមុនពេលសភាអឺរ៉ុបកោះប្រជុំ។ ព័ត៌មានបែបនេះ សម្រាប់សារព័ត៌មានបរទេស ដែលមានចរិតអុជអាល អាចសន្មត់បែបរំជើបរំជួល ក៏ប៉ុន្តែ គេមិនបានដឹងលម្អិតអំពីដំណើរការចរចារនៅពីក្រោយវាំងនននៃផលប្រយោជន៍រវាង EU និងរាជរដ្ឋាភិបាលកម្ពុជានោះទេ។
នៅក្នុងនយោបាយការបរទេស គេគួរយល់ថា៖ បរទេសមិនចេះតែធ្វើអ្វីដោយកំរោល ហើយកម្ពុជា ក៏មិនមែនចេះតែនៅស្ងៀមស្ងាត់ឲ្យគេជិះជាន់ និងបង្វែរគោលជំហរ ឬបំពានឯករាជ្យ និងអធិបតេយ្យជាតិរបស់ខ្លួនតាមតែចិត្តនោះទេ។ ការជជែកនៅពីក្រោយឆាកលម្អិតយ៉ាងណា យើងមិនគួរលាតត្រដាងនៅទីនេះទេ។ ក៏ប៉ុន្តែ គេអាចយល់បានថា៖ «ល្បែង EBA» គ្រាន់តែជាឈុតឆាកនយោបាយមួយ ដែលគេបានខកខ្លួនជ្រុលជាលេងទៅហើយ ហើយត្រូវរកចំណុចបិទបញ្ចប់ ដោយ «ទុកមុខឲ្យគ្នាទៅវិញទៅមក» ប៉ុណ្ណោះ។ ឥឡូវនេះ EBA លែងមានតម្លៃជាថ្នូរដើម្បីប្រស់បក្សប្រឆាំង ដែលរលាយទៅហើយនោះ ពីព្រោះក្បាលម៉ាស៊ីនពួកប្រឆាំង បានដាក់ចេញនយោបាយខុសឆ្គង ដុតរំលាយសពខ្មោចបក្សសង្គ្រោះជាតិឲ្យរលាយជាផេះ និងបានបរាជ័យយ៉ាងអាម៉ាស់ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ រួចទៅហើយ។ បរទេសក៏បានភ្លឺភ្នែកពីភាពកម្សោយរបស់ពួកប្រឆាំងរួចទៅហើយដែរ។
និយាយក្នុងភាសានយោបាយ EBA ការពិត វាគ្រាន់តែជាអន្ទាក់មួយក្នុងល្បែងនយោបាយតថ្លៃ។ យើងគួរថ្លឹងថ្លែងថាតើមានភាពសមហេតុសមផល និងតើមានយុត្តិធម៌នៅត្រង់ណា នៅពេល «បរទេសវាយបំបែកឆ្នាំងបាយកម្មករជិត២លាននាក់» ធ្វើជាថ្នូរនឹងអ្វី ដែលគេនិយាយថា «ដើម្បីស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»? តើសិទ្ធិអ្វីដែលធំជាងប្រជាជនមានការងារធ្វើដើម្បីទ្រទ្រង់ជីវភាព និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន!? ដរាបណាមនុស្សមានគុណភាពជីវិត ទើបគេអាចមើលឃើញកាន់តែល្អឡើងនៃសិទ្ធិដទៃទៀត។ ប៉ុន្តែ ទីបំផុត អន្ទាក់របស់បរទេស បែរជាទាក់ជាប់ពួកប្រឆាំងទៅវិញ។ ហេតុអ្វី?
សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានបទពិសោធន៍ មានភាពវាងវៃ បានស្គាល់ទាំងអន្ទាក់ ស្គាល់ទាំងសត្វ និងស្គាល់ផ្លូវដើររបស់សត្វ។ ក្រោយងើបពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុន កម្ពុជាមានពិសោធន៍ ត្រូវបរទេសហ៊ុព័ទ្ធទាំងនយោបាយ និងសេដ្ឋកិច្ច។ អន្ទាក់យ៉ាងណា គឺកម្ពុជាធ្លាប់បានស្គាល់ ហើយបានដោះរួចទាំងអស់។ សត្វស្លូត សត្វកាចសាហាវ ដូចជា ខ្មែរក្រហម ប៉ុល ពត និងបន្តបន្ទាប់មកមានពួកត្រីភាគី និងពួកប្រឆាំងជើងមិនជាប់ដី ដែលខ្លះធ្លាប់ជាប់គុក និងខ្លះរត់ទៅក្រៅប្រទេស គឺកម្ពុជាបានជួបប្រទះ និងបានដោះស្រាយដោយជោគជ័យ។ ស្ថានភាពឥឡូវនេះ កម្លាំងសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែធំ ការឯកភាពជាតិកាន់តែរឹងមាំ មិត្តរបស់កម្ពុជាកាន់តែច្រើន ដូច្នេះ បរទេសគ្មានទម្ងន់អ្វីនឹងយក EBA ធ្វើជាសម្ពាធនយោបាយលើកម្ពុជាបានឡើយ។ ពិតហើយ ជាស្មារតីកម្ពុជា ក៏មិនចង់បាត់បង់ EBA ដែលជាផលប្រយោជន៍កម្មករ និងប្រជាជនរបស់ខ្លួននោះទេ។ បរទេសក៏យល់បាននូវជំហរនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រកាន់យក និងបានប្រកាសដាច់ណាត់ ម្តងហើយម្តងទៀតថា «មិនយកជំនួយ ដូរជាមួយអធិបតេយ្យជាតិ» ឡើយ។
ដូច្នេះ តើទីបំផុតនៃ EBA នឹងវិវត្តន៍ទៅជាយ៉ាងណា? យើងគួរយល់ស្របគ្នាថា EBA ទីបំផុត គឺជារឿងជ្រុលខ្លួន ដែលត្រូវរិះរកវិធីដោះស្រាយតាមបែបទុកមុខ (saving face) ឲ្យគ្នាទៅវិញទៅមកវិញ។ ជានយោបាយការទូត កម្ពុជា ជាប្រទេសតូច ត្រូវយកចិត្តប្រទេសធំខ្លះ ដើម្បីបន្តទុកផលប្រយោជន៍ឲ្យគ្នា ហើយក៏បានជាប្រយោជន៍ដល់កម្មករ ពាណិជ្ជករ តាមរយៈ EBA នេះដែរ។ ចំពោះ EU ដែលជ្រុលខ្លួនតាមនយោបាយណាមួយនោះ ក៏បានដឹងដែរថា បើធ្វើឲ្យខូចខាត EBA ជាមួយកម្ពុជា នោះ EU ក៏មានផលប៉ះពាល់ចំពោះប្រជាជនខ្លួន, ប៉ះពាល់មុខមាត់ខ្លួន, និងប៉ះពាល់ខាងនយោបាយជាមួយកម្ពុជា ដែលជាប្រទេសមានឥទ្ធិពលមួយនៅអាស៊ាន តំបន់ និងពិភពលោកផងដែរ។ ដូច្នេះ ជាទីបំផុត EBA នឹងមានដំណោះស្រាយតាមរបៀបទុកមុខឲ្យគ្នាទៅវិញទៅមក។
យើងក៏គួរយល់ថា គ្មានបញ្ហាណាមួយ ដែលមិនអាចដោះស្រាយគ្នាបាននោះឡើយ ហើយក៏ «គ្មានបញ្ហាណាមួយ ដែលគ្មានការចរចាពីក្រោយឆាកនោះទេ។ តាមរយៈការសន្យារបស់ប្រទេសអង់គ្លេស បារាំង អាឡឺម៉ង់ ជាដើម យើងអាចសន្និដ្ឋានបានថា EU នឹងធ្វើការសម្រេចចិត្តដោយថ្លឹងថ្លែង ហើយនឹងមិនធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរ រោងចក្រ និងជីវភាពកម្មករនោះទេ។ ដំណោះស្រាយខាងមុខ នឹងច្បាស់ជាឈរលើផលចំណេញទាំងសង្ខាងចំពោះកម្ពុជា និង EU។
ប្រសិនបើពិនិត្យមើលការបន្ធូរខ្សែដល់លោក កឹម សុខា ក៏ជាហេតុផលជួយដល់ EU ឲ្យមានសំអាងក្នុងការធ្វើសេចក្តីសម្រេចចិត្តនាពេលខាងមុខផងដែរ។ ដូច្នេះ ទីបំផុត ការសន្និដ្ឋានលើដំណោះស្រាយ EBA នឹងមានលក្ខណៈទុកមុខឲ្យគ្នាទៅវិញទៅមក គឺសមហេតុផលណាស់។ ចំណុចខ្លាំងជាមូលដ្ឋានមួយទៀត នៅពេលខាងមុខ គឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប ហៅកាត់ថា ASEM។ ក្នុងន័យនេះ EU មិនអាចធ្វើអី្វឲ្យកម្ពុជា បាក់មុខក្នុងនាមជាម្ចាស់ផ្ទះ ASEM នោះទេ។
កាលណានិយាយដល់ EBA យើងមិនអាចភ្លេចនិយាយពីពួកប្រឆាំងផលប្រយោជន៍ជាតិឯងទាំងងងិតងងល់នោះទេ។ ពួកនេះ គឺជាដើមចម និងជាមេក្លោងគាំទ្រសុំឲ្យ EU ផ្តាច់ EBA។ ដល់តែនិយាយភាសានេះក្តៅពេក អត់ចំណេញ ពួកគេក៏បានដូរសារនយោបាយថា «សុំចូលស្រុកដើម្បីរំដោះ EBA»។ និយាយត្រឡប់ត្រឡិនដូចឆ្កួត។ តែយ៉ាងណា ពួកគេឆ្កួតរួចទៅហើយ ក៏តាមហ្នឹងចុះ។ ដោយសារតែឆ្កួតអ៊ីចឹងហើយបានជាគេធ្វើនយោបាយអត់កំណើត បំផ្លាញតែផលប្រយោជន៍ជាតិឯង។ ទោះបីជាយ៉ាងណា យើងត្រូវទុកចន្លោះស្វែងយល់ថា EU មិនល្ងង់ពេកដូចពួកប្រឆាំងងងិតងងល់នោះទេ។
នៅមុនព្រឹត្តិការណ៍ ៩ វិច្ឆិកា EBA មានមុខ៣ គឺ EU, ពួកប្រឆាំង និងរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែ ចាប់ពីម៉ោងនេះតទៅ អ្វីៗភ្លឺច្បាស់ណាស់ EBA នៅសល់មុខ២ គឺរវាង EU និងសម្តេចតេជោ ហ៊ុន សែន។ ដូច្នេះ ស្ថានភាពឥឡូវនេះ EU កំពុងតែគិតថា តើខ្លួនគួរមានដំណោះស្រាយលើបញ្ហា EBA ក្នុងកម្រិតណាឲ្យសមស្របឲ្យរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ទទួលយកបាន។ EU ក៏យល់ច្បាស់ដែរថា ចាប់ពីម៉ោងនេះតទៅ កិច្ចសហការជាមួយសម្តេចតេជោ ហ៊ុន សែន គឺទទួលបានពហុប្រយោជន៍។
នៅក្នុងសារជាតិពិតនៃនយោបាយ នៅទីបំផុត គឺ «ត្រូវតែចាប់យកអ្នកខ្លាំង»។ ក្នុងន័យថា ឥឡូវនេះ ពួកប្រឆាំងវាខ្សោយពេក ហើយ សម រង្ស៊ី លែងមានឥទ្ធិពលលើឆាកអន្តរជាតិជាយូរមកហើយ បូកថែមទាំងភាពបរាជ័យនៅផ្ទៃក្នុងពួកប្រឆាំងកាន់តែជ្រាលជ្រៅ ដូច្នេះ វាលែងមានប្រយោជន៍នឹងបរទេសត្រូវរង់ចាំប្រើប្រាស់ពួកនេះ។ ជាឡូស៊ិកនយោបាយ គឺ «នយោបាយ គ្មានសេចក្តីស្រឡាញ់ទេ គឺមានតែផលប្រយោជន៍។ អ្នកខ្លាំង គេធ្វើការជាមួយអ្នកខ្លាំង» គេមិនអាចនៅបន្តត្រាំត្រែងជាមួយនឹងអ្នកខ្សោយទេ។ ភាសាយ៉ាងខ្លី ហើយច្បាស់គឺ៖ «EU បន្តសហការជាមួយសម្តេចតេជោ ហ៊ុន សែន»។
ប្រជាជនកម្ពុជា ពិតជាយល់ច្បាស់ចំពោះភាពជាអ្នកដឹកនាំជាតិដ៏វាងវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ច្បាស់ណាស់ បញ្ហា EBA នឹងមិនប៉ះពាល់ជាទ្រង់ទ្រាយធំនោះទេ។ កម្ពុជា នៅតែបន្តថ្នាក់ថ្នមនយោបាយការទូតតាមចក្ខុវិស័យសម្តេចតេជោ ហ៊ុន សែន «បង្កើនមិត្តខាងក្រៅ ក្រោមស្មារតីឯករាជ្យ»។ កម្ពុជា ពិតជាមានសុឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយ EU លើវិស័យផ្សេងៗទៀត ទាំងអភិបាលកិច្ចល្អ អប់រំ និងកសិកម្ម។
នៅថ្ងៃនេះ យើងអាចនិយាយដោយមោទនភាពថា កម្ពុជាបានលើកទង់ជ័យជម្នះគ្រប់សមរភូមិ ហើយជ័យជម្នះនេះ មិនត្រឹមតែជាគុណតម្លៃនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រទេស ប៉ុន្តែគឺជាជ័យជម្នះរួមរបស់ប្រជាជនកម្ពុជាដោយកិត្តិយស ដែលធានាដល់ជីវភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា បានជាផលប្រយោជន៍របស់កម្មករជិត២លាននាក់ ព្រមទាំងក្រុមគ្រួសារ។
លោក ហ៊ុយ វណ្ណៈ ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបង្ហោះសារថា៖ នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានយកជ័យជម្នះ ៣យ៉ាងបន្ថែមទៀត ជូនប្រជាជនកម្ពុជា៖
ទី១- សម្តេចតេជោ ហ៊ុន សែន ដឹកនាំយ៉ាងអង់អាច រក្សាបាន «កម្ពុជាសន្តិភាព»! ដោយវាយបំបាក់ផែនការរដ្ឋប្រហារ៩ វិច្ឆិកា របស់ពួកទុច្ចរិតចង្រៃ ឲ្យបរាជ័យយ៉ាងអាម៉ាស់។ បើពួកចង្រៃនេះ ចូលមកអុកឡុកកម្ពុជាបាន នោះប្រជាជនកម្ពុជា គ្មានឱកាសកម្សាន្តរីករាយបុណ្យអុំទូកឡើយ។ ប៉ុន្តែ ពួកចង្រៃចាញ់ដោយអាម៉ាស់ និងមិនអាចមានឱកាសបំផ្លាញកម្ពុជាសន្តិភាពបានឡើយ។
ទី២- សម្តេចតេជោ ហ៊ុន សែន នឹង «រក្សាបានប្រព័ន្ធអនុគ្រោះ EBA សម្រាប់ជាផលប្រយោជន៍ប្រជាជនកម្ពុជា» ពីព្រោះ សម្តេច មានភាពចាស់ទុំក្នុងការធ្វើការងារទាំងកម្រិតការទូត នយោបាយ និងបច្ចេកទេសជាមួយ EU និងបណ្តាប្រទេសជាសមាជិក។ នៅក្នុងការពិតនៃនយោបាយ បរទេសនឹងបន្តជ្រើសយកសម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋបុរសខ្លាំង ធ្វើជាដៃគូបន្តទៀត ដើម្បីរក្សា និងពង្រឹងផលប្រយោជន៍ទូលំទូលាយ ទាំងនយោបាយ និងសេដ្ឋកិច្ច។ បរទេសមិននៅត្រាំត្រែងជាមួយអ្នកខ្សោយ នាំខាតពេលវេលានោះឡើយ។
ទី៣- សម្តេចតេជោ ហ៊ុន សែន ដែលមានសមត្ថភាពដឹកនាំរឹងមាំនៅកម្ពុជា បានកំពុងលើកកិត្តិស័ព្ទកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសដ៏វាងវៃ ទន់ភ្លន់ ម៉ឺងមាត់ និងប្រកបដោយគោលការណ៍ច្បាស់លាស់។ កម្ពុជា ឈរជាមួយបរទេសគ្រប់កម្រិតក្នុងភាពជាដៃគូស្មើសិទ្ធិ និងស្មើភាពក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គ្រប់ជ្រុងជ្រោយ និងកាន់តែស៊ីជម្រៅ។ ជយោ! កម្ពុជា សន្តិភាពអមតៈ៕

...

ដោយ៖ លោក ហ៊ុយ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print