លោក Khawaja Asif រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥បានថ្លែងថា ប្រទេស៤ រួមមានប៉ាគីស្ថាន, អាហ្វហ្គានីស្ថាន, អាមេរិក និងចិន នឹងចូលរួមពិភាក្សានៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ដើម្បីពិភាក្សាស្វែងរកផ្លូវមួយឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
នេះជាកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសពាក់ព័ន្ធខាងលើនេះដើម្បីធ្វើយ៉ាងណាឲ្យមានកិច្ចចរចាសន្តិភាពឡើងវិញរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងក្រុមឧទ្ទាមតាលីបង់ ។
កិច្ចពិភាក្សាស្តីអំពីសន្តិសុខរវាងក្រុមឧទ្ទាមតាលីបង់ នឹងរដ្ឋាភិបាលត្រូវបានធ្វើឡើងលើកដំបូងនៅដើមខែកក្កដា ឆ្នាំ២០១៥ ប៉ុន្តែមិនសម្រេចបានលទ្ធផល ។ ភាគីទាំងពីរបានព្រមព្រៀងបន្តពិភាក្សាគ្នាដើម្បីសន្តិភាពបន្តទៀត ប៉ុន្តែត្រូវប្រកាសលុបចោលគម្រោងការនេះទៅវិញ ដោយសារតែការផ្សព្វផ្សាយព័ត៌មានដែលថា មេដឹកនាំតាលីបង់ Mullah Omar ត្រូវកងកម្លាំងរដ្ឋាភិបាលបាញ់សម្លាប់នៅក្នុងចុងខែកក្កដា ឆ្នាំ២០១៥នោះ។
ប្រទេសទាំងនេះបានចូលរួមនៅក្នុងកិច្ចប្រឹងប្រែងដើម្បីឈានដល់បញ្ចប់បញ្ហាជាប់គាំងដល់ដំណើរការសន្តិភាព ក៏ដូចជាជំហានយ៉ាងសំខាន់នាំឲ្យបញ្ឈប់ការវាយប្រហាររបស់ក្រុមតាលីបង់ផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត