បាញ់ពីរគ្រាប់យកកាបូបលុយទៅបាត់ទុកជាកាដូចុងឆ្នាំជូនលោកមេប៉ុស្តិ៍នគរបាលអូឡាំពិក

ចែករំលែក៖

ភ្នំពេញៈមានអំពីបាញ់ប្លន់យកកាបូបលុយមួយបានកើតឡើងកាលពីវេលាម៉ោង៨ យប់ ថ្ងៃទី ៣១ខែ ធ្នូឆ្នាំ ២០១៥ ដែលជាថ្ងៃចុងឆ្នាំ នៅជិតនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ខណ្ឌចំការមន បង្កឡើងដោយជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ហើយក្រោយធ្វើ​សកម្មភាពបានសម្រេចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់ នគរបាលមូលដ្ឋានឡើយ ។
​ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុ ស្រី្តរងគ្រោះម្នាក់សុំមិនបញ្ចេញឈ្មោះ មានវ័យជាង៣០ឆ្នាំ និងក្រុមគ្រួសារបានចេញ​ពីកន្លែងហូបសាច់គោ អាំងមួយកន្លែងនៅខាងកើតវត្តមហាមន្រី្ត ជិតប៉ុស្តិ៍នគរ​បាលរដ្ឋបាល​អូឡាំពិក រួចដឹកដៃក្មួយប្រុសម្នាក់អាយុជាង១០ឆ្នាំ បម្រុងឡើងជិះរថយន្តឡិចស៊ីស ពណ៌ ទឹកមាស ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ ពេលកំពុងធ្វើដំណើរជិតដល់រថយន្តហើយនោះ​ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមិនស្គាល់ម៉ាក និងស្លាកលេខមួយគ្រឿងមកដល់ ហើយពេលនោះជនសង្ស័យជាអ្នកជិះពីក្រោយបានលោតចុះពីលើម៉ូតូស្ទុះទៅឆក់កាបូបស្ពាយពីស្រី្តរងគ្រោះតែឆក់មិនបានក៏កើតមានការប្រទាញប្រទង់គ្នាទៅវិញទៅមក​រហូតប៉ះក្មួយ​ប្រុសដួលរលាត់ដៃជើងទៀតផង ។

​ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ដោយសារប្រទាញប្រទង់ដណ្តើមកាបូប​លុយពីស្រី្តរងគ្រោះមិនបាន ជនសង្ស័យរូបនេះបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមពី​ចង្កេះបាញ់ភ្ញច់ដីពីរគ្រាប់ត្រង់ប្រឡោះជើងធ្វើឲ្យជនរងគ្រោះភ័យលស់ព្រលឹងហើយបានលែងដៃចេញទុកឲ្យជនសង្ស័យយកកាបូបនោះជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព គ្រាដែលគេដឹង ថាអំពើប្លន់នេះកើតឡើងនៅជិតច្រមុះប៉ុស្តិ៍នគរបាលអូឡាំពិកហើយមិនមានសមត្ថកិច្ចមួយ ណាចេញមកជួយអន្តរាគមន៍ទាន់ពេលនោះ ។

​ប្រភពបន្តថា ជនសង្ស័យម្នាក់ទៀតជាអ្នកបើកម៉ូតូក៏មានកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយ​ដើមដែរ ព្រោះពេលបក្ខពួកកំពុងប្រទាញប្រទង់ជាមួយជនរងគ្រោះជនសង្ស័យរូបនេះបម្រុង ដកកាំភ្លើងចេញពីចង្កេះជួយបាញ់អន្តរាគមន៍ដល់បក្ខពួកខ្លួនទៀតផង ។

...

ទោះយ៉ាងណាក្នុងករណីនេះមិនត្រូវបានគេដឹងថានៅក្នុងកាបូបដែលចោរប្លន់យកទៅបាត់នោះមានអ្វីខ្លះនោះទេ ព្រោះជនរងគ្រោះមិនព្រមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល អូឡាំពិកឲ្យជួយស្រាវជ្រាវ ដោយគ្រាន់តែកើតហេតុចប់ គាត់ដឹកដៃក្មួយប្រុសដែលរង​របួស​ដួលរលាត់ដៃជើងឡើងលើរថយន្តជិះចេញពីកន្លែងកើតហេតុទាំងសៅហ្មងបាត់ទៅ ៕ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print