កោះហុងកុង៖ បាតុកម្មនៅកោះហុងកុង អូសបន្លាយជាង៥ខែកន្លងមក ដោយមិនមានទីបញ្ចប់នោះឡើយ ហើយបាតុកម្មវិវឌ្ឍន៍ទៅជាអំពើហិង្សា ក្រោយពេលមាននិស្សិតម្នាក់ស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ។
មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បានកោះប្រជុំជាបន្ទាន់ជាមួយមន្ត្រីគ្រប់ជាន់ថ្នាក់ដើម្បីឡើងផែនការទប់ស្កាត់បាតុកម្ម។ ពេលថ្មីៗនេះលោកស្រី លឹម ក៏បានព្រមានថា នឹងឈប់បន្ធូបន្ថយដល់ក្រុមបាតុករបង្កអំពើហិង្សា ធ្វើឲ្យមានអសន្តិសុខ ក្នុងសង្គម ជាប់គាំងសេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ។
ជាមួយគ្នានេះដែរស្នងការប៉ូលិសកោះហុងកុង លោក Tse Chun Chung បានប្រកាសនៅថ្ងៃទី១៤ខែតុលាថា ក្រុមនិស្សិតចូលរួមធ្វើបាតុកម្ម បានប្រើប្រាស់គ្រាប់បែកសាំង វាយប្រហារទៅលើ កម្លាំងសន្តិសុខ ជំរុញឲ្យស្ថានភាពធ្លាក់ក្នុងគ្រោះថ្នាក់ អាចបង្កឲ្យមានអ្នកស្លាប់។
លោក Tse Chun Chung បានលើកឡើងថា« គ្រាប់បែកសាំងទាំងនោះ បានមកពីណា ធ្វើនៅកន្លែងណា អាចបញ្ជូនចូលក្នុងក្រុងបានយ៉ាងឆាប់រហ័សបែបនេះ។ យើងមានការសង្ស័យថាមហាវិទ្យាល័យ នានា អាចក្លាយទៅជាទីតាំងសម្រាប់ផលិតគ្រាប់បែកសាំងបង្កភាពចលាចល»។
ស្ថានភាពនៅកោះហុងកុង តានតឹងកាន់តែខ្លាំងក្រោយពេល បណ្តាសាលាមហាវិទ្យាល័យនានាបានបោះបង់ចូលការសិក្សារបស់ខ្លួន ។ ជាមួយគ្នានេះរដ្ឋាភិបាលហុងកុង ក៏បានស្នើឲ្យបិទ សាលារៀនទាំងអស់ ក្នុងនោះមានតាំងពី ថ្នាក់មតេយ្យ ដល់មហាវិទ្យាល័យ ដោយស្ថានភាពបាតុកម្មកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ អាចបង្កទៅជាអំពើហិង្សាជាទ្រង់ទ្រាយធំ ៕
ដោយ៖ មែវ សាធី