សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ត្រូវបានផ្តល់ពានរង្វាន់ក្នុងនាម «ជាក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាទាបក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ» ដោយ មជ្ឈមណ្ឌលសម្រាប់អាកាសចរណ៍អាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា CAPA។ កម្មវិធីប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅ អំឡុងកិច្ចប្រជុំវិស័យអាកាសចរណ៍អាស៊ី CAPA ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងប្រទេសសិង្ហបុរី។
ពានរង្វាន់ប្រចាំឆ្នាំរបស់ CAPA មួយនេះ គឺជាការទទួលស្គាល់លើក្រុមហ៊ុនអាកាសចរណ៍នានា ដែលបានប្រតិបត្តិយុទ្ធសាស្ត្រលេចធ្លោជាងគេបំផុតប្រចាំតំបន់ បានប្រែក្លាយខ្លួនឯងជាក្រុមហ៊ុនឈានមុខគេ និងបានក្លាយជាក្រុមហ៊ុនបែបច្នៃប្រឌិតដ៏អស្ចារ្យបំផុត ដើម្បីធ្វើជាគំរូសម្រាប់ក្រុមហ៊ុនផ្សេងទៀត ក្នុងការយកតម្រាប់តាម អំឡុងពេលនៃឆ្នាំនេះ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ក្នុងតំបន់។
ក្រៅពីបានឆ្លើយតបយ៉ាងល្អប្រសើរលើគ្រប់លក្ខខណ្ឌទាំងអស់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏មានភាពលេចធ្លោទៅលើការបន្តការពង្រីកបណ្តាញរបស់ខ្លួនឥតឈប់ឈរ ផងដែរ។ បច្ចុប្បន្ន Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឈានមុខគេរបស់វៀតណាម និងបានពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់។ នេះគឺជាការបង្ហាញពីជំហដ៏គួរឲ្យទាក់ទាញ ដើម្បីស្របទៅតាមទស្សនវិស័យសេដ្ឋកិច្ច និងទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វៀតណាម។
លោក Peter Harbison ប្រធានអង្គភាព CAPA បានឲ្យដឹងថា៖ «Vietjet បន្តបង្កើតឲ្យមានការចាប់អារម្មណ៍ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាទាបបែបប្រពៃណីមួយ។ ក្រុមហ៊ុននេះ មានមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំ និងមានផែនការច្បាស់លាស់ក្នុងការប្រជែងជាមួយនឹងក្រុមហ៊ុនប្រតិបត្តិករធំៗបំផុតជាច្រើន ក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ខាងមុខនេះ»។
លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ «បេសកកម្មរបស់ Vietjet គឺការបង្កើតឲ្យមានការផ្លាស់ប្តូរប្រកបដោយភាពជោគជ័យក្នុងសេវាឧស្សាហកម្មអាកាសចរណ៍។ យើងសូមថ្លែងអំណរគុណសម្រាប់ការជឿទុកចិត្ត ភាពជាដៃគូ និងការទទួលស្គាល់ពី CAPA ដែលជាអង្គភាពអាកាសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងអាស៊ី-ប៉ាស៊ីហ្វិក។ យើងពិតជាមានសេចក្តីសោមមន្សរីករាយណាស់ក្នុងការនាំយកឱកាសហោះហើរជាមួយនឹងតម្លៃហោះហើរបែបសន្សំសំចៃ និងសេវាផ្សេងៗ ប្រកបដោយភាពរួសរាយរាក់ទាក់ នៅលើយន្តហោះថ្មី និងមានការរៀបចំដ៏ប្រណិត ទៅកាន់អ្នកដំណើរជិត១០០លាននាក់ ស្របពេលដែលយើងក៏បានបង្កើតតម្លៃជាវិជ្ជមានសម្រាប់សហគមន៍ និងដៃគូរបស់ឧស្សាហកម្មអាកាសចរណ៍ ផងដែរ»។
CAPA គឺជាអង្គភាពឈានមុខគេលើការអង្កេតទីផ្សារអាកាសចរណ៍ឯករាជ្យ វិភាគ និងសេវាទិន្នន័យផ្សេងៗ ដែលគ្របដណ្តប់លើការអភិវឌ្ឍនានាទូទាំងពិភពលោក។ ខណៈដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ផ្លាតហ្វមរបស់ CAPA ជួយដល់វិស័យអាកាសចរណ៍ និងអាជីវកម្មរបស់ក្រុមហ៊ុនផ្គត់ផ្គង់ ឲ្យរក្សាការទទួលបានព័ត៌មាន រក្សាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងមេដឹកនាំឧស្សាហរកម្ម និងការបំផុសគំនិតលើបញ្ហាប្រេង ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ។ ខណៈដែលត្រូវបានគេទទួលស្គាល់ថា ជាពានរង្វាន់ដ៏មានកិត្យានុភាពមួយសម្រាប់ភាពឥតខ្ចោះផ្នែកយទុសាស្ត្រក្នុងវិស័យអាកាសចរណ៍ CAPA បានផ្តល់ពានរង្វាន់ជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០០៣ ដើម្បីទទួលស្គាល់ពីភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕ ដោយ វឌ្ឍនា