ស្ថានភាពកោះហុងកុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅ ប៉ូលិសព្រមានប្រើគ្រាប់ពិត អាមេរិកអំពាវនាវឲ្យគោរពសិទ្ធិមនុស្ស

ចែករំលែក៖

កោះហុងកុង៖ ស្ថានភាពបានតុកម្មនៅកោះហុងកុងមានសញ្ញាអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយបាតុកម្ម​បានវិវឌ្ឍន៍ឆ្ពោះទៅរកហិង្សា ។ សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមានអ្នកស្លាប់កើតឡើងពាក់ព័ន្ធនិងបាតុកម្ម។

ដោយហេតុនោះហើយបានជា មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថ្កោលទោសចំពោះការប្រើអំពើហិង្សា ដោយមិនសមហេតុផលនៅក្នុងទីក្រុងហុងកុង ហើយបានទទូចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ធានាការពារនូវសិទ្ធិសេរីភាពរបស់ហុងកុង ស្របពេលដែលប៉ូលិសហុងកុង និងក្រុមបាតុករបានបន្តប៉ះទង្គិចយ៉ាងតានតឹង។

មន្រ្តីជាន់ខ្ពស់អាមេរិកបានលើកឡើងដូច្នេះថា «ពួកយើងថ្កោលទោស ចំពោះការប្រើកម្លាំងបាយដោយមិនសមហេតុសមផល ហើយសូមទទូចឲ្យភាគីទាំងសងខាង បញ្ឈប់អំពើហិង្សា ហើយងាកទៅចរចាគ្នាដោយសន្តិវិធី»។ មន្រ្តីដដែលរូបនោះបានបន្តថា «ដូចដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានលើកឡើង សហរដ្ឋអាមេរិករំពឹងថា ទីក្រុងប៉េកាំងនឹងគោរពតាមការប្តេជ្ញារបស់ខ្លួន ដែលស្ថិតក្រោមកិច្ចព្រមព្រៀងចិន-អង់គ្លេស ហើយការពារសិទ្ធិសេរីភាព ប្រព័ន្ធយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង»។

គួរជម្រាបថា បច្ចុប្បន្នអំពើហិង្សាមានលក្ខណៈកាន់តែអាក្រក់ទៅ ក្រោយក្រុមបាតុករយក សាកលវិទ្យាល័យធំមួយជាទីតាំងប្រយុទ្ធជាមួយប៉ូលិស។ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភ នោះគឺខ្លាចចិនប្រើប្រាស់កងទ័ព ដើម្បីដោះស្រាយវិបត្តិនៅក្នុងទីក្រុងហុងកុង។ នាថ្ងៃចន្ទនេះ ប៉ូលិសហុងកុងទើបតែបានព្រមានថា គេនឹងប្រើប្រាស់ «គ្រាប់កាំភ្លើងពិត» បើសិនជាក្រុមបាតុករមិនព្រមបញ្ឈប់ ការវាយប្រហារលើក្រុមមន្ត្រីប៉ូលិសដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំងទេនោះ។

ជាមួយគ្នានេះ ប៉ូលិសហុងកុងនៅថ្ងៃចន្ទនេះបានព្រមានថា ពួកគេនឹងប្រើប្រាស់ «គ្រាប់កាំភ្លើងពិត» បើសិនជាក្រុមបាតុករមិនព្រមបញ្ឈប់ការវាយប្រហារលើក្រុមមន្ត្រីប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំងទេនោះ។

ការព្រមានខាងលើរបស់ប៉ូលិសហុងកុង ធ្វើឡើងជាលើកដំបូងបំផុត និងបន្ទាប់ពីមានការប៉ះទង្គិចដ៏ហិង្សាបានផ្ទុះឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ នៅឯសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ជាទីដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល កំពុងប្រើប្រាស់ជាទីលានប្រយុទ្ធជាមួយប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំង ព្រមទាំងអាវុធមួយចំនួនទៀត។

នៅក្នុងសារមួយបង្ហោះលើ Facebook អ្នកនាំពាក្យរដ្ឋាភិបាល លោក ល្វីស ឡូ (Louis Lau) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមព្រមានដល់ក្រុមកុបករមួយចំនួន ឱ្យបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់គ្រាប់បែកសាំង ធ្នូ ឬអាវុធនានាប្រឆាំងនឹងប៉ូលិស… តែបើសិនជាពួកគេនៅតែបន្តសកម្មភាព បង្កគ្រោះថ្នាក់បែបនេះតទៅទៀត នោះយើងគ្មានជម្រើសអ្វីផ្សេងឡើយ ក្រៅតែពីការប្រើប្រាស់វិធានការចាំបាច់ ក្នុងនោះរួមមានទាំងគ្រាប់កាំភ្លើងពិតផងដែរ»។

គួរបញ្ជាក់ថា សាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ត្រូវបានក្រុមបាតុករប្រឆាំងរដ្ឋាភិបាល គ្រប់គ្រងអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នអំពើហិង្សាមានលក្ខណៈកាន់តែអាក្រក់ទៅ ក្រោយក្រុមបាតុករយក សាកលវិទ្យាល័យជាទីតាំងប្រយុទ្ធជាមួយប៉ូលិស។ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភ នោះគឺខ្លាចចិនប្រើប្រាស់កងទ័ព ដើម្បីដោះស្រាយវិបត្តិនៅក្នុងទីក្រុងហុងកុង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print