ទីក្រុងបាងកក៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ស្ដេចយាងសោយទិវង្គត ដោយព្រះរោគគាពាធ នៅមន្ទីរទីក្រុងបាំងកក នៅក្នុងព្រះជន្មាយុ ៧៦ ព្រះវស្សា។
យោងលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះបរមរាជវាំងបានអោយដឹងថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។
ជីវប្រវត្តិសង្ខេបសម្ដេចរាជបុត្រី ព្រះរាម នរោត្តម បុប្ផាទេវី
ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។មានព្រះជន្ម ៥ វស្សា ទ្រង់បានចូលរៀនផ្នែករបាំព្រះរាជទ្រព្យនៅក្នុងព្រះបរមរាជវាំងទៅហើយ។ ពេលនោះ ព្រះអយ្យិការបស់ទ្រង់ គឺព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈនារីរត្ន ដែលជាអ្នកថែរក្សាព្រះអង្គ បានហៅគ្រូចាស់ៗដែលសេសសល់ពីសម័យព្រះបាទ អង្គឌួង នរោត្តម ស៊ីសុវត្ថិ មកបង្រៀនរបាំព្រះរាជទ្រព្យនេះដល់ទ្រង់។ព្រោះតែភាពឆ្លៀវឆ្លាតក្នុងសិល្បៈរបាំព្រះរាជទ្រព្យនេះ ទើបពេលដែលព្រះរាជបុត្រីមានព្រះជនបាន ១៨ ព្រះវស្សា ព្រះមហាក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈនារីរត្ន បានប្រទានព្រះនាម ដល់ព្រះអង្គថា ជានាដការីដ៏ស្រស់ស្អាត។ ទ្រង់ជាសែរាជវង្សតែមួយគត់ ដែលក្លាយជាសិល្បការិនីផ្នែករបាំព្រះរាជទ្រព្យ ហើយម្យ៉ាងទៀតដោយសារទ្រង់ជាបុត្រីរបស់ព្រះបរមរតនកោដ្ឋផងនោះ។
សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី បុប្ផាទេវី គឺជានិមិត្តរូបនៃរបាំនេះ ពីព្រោះតែកាលពីអតីតកាល ប្រជាជនខ្មែរ ដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងនឹកឃើញដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំនេះ និងមានសម្រស់ស្រស់សោភា។ នៅសម័យសង្គមរាស្ត្រនិយម ជាពិសេសនៅអំឡុងឆ្នាំ ១៩៦០ កិត្តិសព្ទរបស់ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី ត្រូវបានប្រជានុរាស្ត្រខ្មែរស្គាល់ច្រើនក្នុងនាមជាសិល្បៈការិនីផ្នែករបាំព្រះរាជទ្រព្យ។ ពីព្រោះថា រាជបុត្រីរបស់ព្រះបាទនរោត្តម សីហនុ អង្គនេះ មានទេពកោសល្យពិសេសផ្នែករបាំព្រះរាជទ្រព្យ ហើយជាញឹកញាប់ព្រះបិតារបស់ទ្រង់តែងតែអនុញ្ញាតឲ្យព្រះនាងម្ចាស់សម្តែងរបាំនៅពេលដែលមេដឹកនាំធំៗបរទេសដូចជាមេដឹកនាំបារាំង និងចិនជាដើម មកទស្សនកិច្ចនៅកម្ពុជា។ ព្រះរាជបុត្រី បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យព្រះរាម្រិត ហើយទ្រង់រៀបអភិសេកនៅព្រះជន្ម ១៥ ព្រះវស្សា និងមានបុត្រ ៥ អង្គ។ ទេពកោសល្យពិសេសផ្នែករបាំព្រះរាជទ្រព្យរបស់ព្រះរាជបុត្រី នរោត្តម បុប្ផាទេវី នេះ មិនមែនកើតឡើងដោយរឿងចៃដន្យនោះឡើយ តែវាជារឿងសក្តិសមណាស់ ដែលព្រះអង្គត្រូវតែមានជំនាញផ្នែកនេះជាងគេ។ សម្តេចព្រះ បុប្ផាទេវី មានបន្ទូលថា ទ្រង់បានប្រសូត្រនៅក្នុងសែរាជវង្ស ដែលមានលោហិតស្រឡាញ់វិស័យសិល្បៈតែម្តង ជាពិសេសមាតារបស់ទ្រង់ គឺអ្នកម្នាង ផាត់ កាញ៉ុល ជាអ្នករបាំព្រះរាជទ្រព្យ និងជាអ្នកលេងល្ខោនផងដែរ។
ក្នុងរបបប៉ុល ពត មកដល់ នាដការី និងជាសាស្ត្រាចារ្យរបាំព្រះរាជទ្រព្យអង្គនេះ បានភៀសព្រះកាយទៅរស់នៅក្នុងជំរុំជនភៀសខ្លួនខ្មែរ-ថៃ មួយរយៈ ហើយមុនបន្តទៅរស់នៅប្រទេសបារាំង ព្រះអង្គបានបង្ហាត់បង្រៀនប្រជាជនខ្មែរដែលរស់នៅក្នុងជំរុំអំពីរបាំព្រះរាជទ្រព្យនេះ។ ព្រះអង្គបង្រៀន ដើម្បីឲ្យប្រជាជនទាំងនោះ ភ្លេចនូវការលំបាកពេលរស់នៅក្នុងជំរុំផង និងដើម្បីថែរក្សានៅរបាំនេះផង ព្រោះទ្រង់បារម្ភខ្លាចបាត់បង់ពេលប្រទេសធ្លាក់ចូលក្នុងសង្គ្រាម។ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេច នរោត្តម បុប្ផា ទេវី បានសម្រេចយាងចូលប្រទេសកម្ពុជាវិញ។ ពេលមកដល់កម្ពុជាវិញ តួឯកអប្សរាទី ១ អង្គនេះ បានខ្នះខ្នែងបង្រៀនសិស្សផ្នែករបាំព្រះរាជទ្រព្យ ហើយកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយបន្ទាប់ពីបោះឆ្នោតអាណត្តិទី ២ សម្តេចព្រះរៀម បានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយស្នាដៃសំខាន់របស់ទ្រង់ពេលធ្វើជារដ្ឋមន្ត្រីក្រសួងនេះ ព្រះអង្គ បានបញ្ចូលរបាំព្រះរាជទ្រព្យដែលទ្រង់ជំនាញរបាំនេះ ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។
ចាប់ពីរបាំព្រះរាជទ្រព្យបានចូលសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមក របាំនេះកាន់តែមានកិត្តិនាមល្បីល្បាញនៅលើសកលលោក។ ជាងនេះទៅទៀត បើទោះបីជា សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី មានវ័យចំណាស់ មិនអាចសម្តែងរបាំព្រះរាជទ្រព្យដោយខ្លួនឯងក្តី ក៏ទ្រង់នៅតែបង្រៀន និងដឹកនាំសិស្សរបស់ទ្រង់ផ្នែករបាំព្រះរាជទ្រព្យទៅសម្តែងនៅបរទេសមានដូចជា នៅប្រទេសចិន នៅបារាំង និងនៅឥណ្ឌា ជាដើម ។
តាមរយៈការសម្តែងរបាំនេះ នៅក្រៅប្រទេស សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី មានបន្ទូលថា ជនជាតិបរទេសភាគច្រើនដែលបានទស្សនារបាំព្រះរាជទ្រព្យ ស្ងោចសរសើរមិនដាច់ពីមាត់ពីរបាំនេះ ជាពិសេសសរសើរកម្ពុជា ដែលមានវប្បធម៌ដ៏ល្អ និងសម្បូរបែប។ ដោយសារព្រះទ័យជាប់ជំពាក់នឹងសិល្បៈផ្នែករបាំព្រះរាជទ្រព្យនេះ ធ្វើឲ្យព្រះអង្គនៅតែបន្តរៀបចំកម្មវិធីសម្តែងរបាំនេះនៅក្រៅប្រទេសដែរ បើទោះបីជាទ្រង់មានព្រះជន្មដល់ទៅជាង ៧០ ព្រះវស្សាក្តី។ សម្តេចធ្លាប់មានបន្ទូលថា សម្តេចនឹងនៅតែបន្តជួយជ្រោមជ្រែងរបាំព្រះរាជទ្រព្យនេះ រហូតដល់ព្រះអង្គជរាធ្វើលែងកើត ៕
ដោយ វឌ្ឍនា