Update ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ស្ដេចយាងសោយទិវង្គត ក្នុងព្រះជន្មាយុ ៧៦ ព្រះវស្សា

ចែករំលែក៖

ទីក្រុងបាងកក៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ស្ដេចយាងសោយទិវង្គត ដោយព្រះរោគគាពាធ នៅមន្ទីរទីក្រុងបាំងកក នៅក្នុងព្រះជន្មាយុ ៧៦ ព្រះវស្សា។
យោងលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះបរមរាជវាំងបានអោយដឹងថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

ជីវប្រវត្តិសង្ខេបសម្ដេច​រាជ​បុត្រី​ ព្រះ​រាម​ នរោត្តម​ បុប្ផា​ទេវី​
ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។មានព្រះជន្ម ៥ វស្សា ទ្រង់បានចូលរៀនផ្នែករបាំព្រះរាជទ្រព្យនៅក្នុងព្រះបរមរាជវាំងទៅហើយ។ ពេលនោះ ព្រះអយ្យិការបស់ទ្រង់ គឺព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈនារីរត្ន ដែលជាអ្នកថែរក្សាព្រះអង្គ បានហៅគ្រូចាស់ៗដែលសេសសល់ពីសម័យព្រះបាទ អង្គឌួង នរោត្តម ស៊ីសុវត្ថិ មកបង្រៀនរបាំព្រះរាជទ្រព្យនេះដល់ទ្រង់។ព្រោះតែភាពឆ្លៀវឆ្លាតក្នុងសិល្បៈរបាំព្រះរាជទ្រព្យនេះ ទើបពេលដែលព្រះរាជបុត្រីមានព្រះជនបាន ១៨ ព្រះវស្សា ព្រះមហាក្សត្រីយ៍ ស៊ីសុវត្ថិ កុសមៈនារីរត្ន បានប្រទានព្រះនាម ដល់ព្រះអង្គថា ជានាដការីដ៏ស្រស់ស្អាត។ ទ្រង់ជាសែរាជវង្សតែមួយគត់ ដែលក្លាយជាសិល្បការិនីផ្នែករបាំព្រះរាជទ្រព្យ ហើយម្យ៉ាងទៀតដោយសារទ្រង់ជាបុត្រីរបស់ព្រះបរមរតនកោដ្ឋផងនោះ។
សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី បុប្ផា​ទេវី គឺជា​និមិត្តរូប​នៃ​របាំ​នេះ ពី​ព្រោះតែ​កាលពី​អតីតកាល ប្រជាជន​ខ្មែរ ដែល​ស្គាល់ ឬឮ​ឈ្មោះ​របាំ​ព្រះរាជ​ទ្រព្យ តែង​នឹកឃើញ​ដល់​ព្រះនាម​របស់​ទ្រង់ ដែលជា​អ្នក​សម្តែង​របាំ​នេះ និង​មាន​សម្រស់​ស្រស់​សោភា​។ នៅ​សម័យ​សង្គមរាស្ត្រនិយម ជាពិសេស​នៅ​អំឡុង​ឆ្នាំ ១៩៦០ កិត្តិសព្ទ​របស់​ព្រះរាជ​បុត្រី នរោត្តម បុប្ផា​ទេវី ត្រូវបាន​ប្រជានុរាស្ត្រ​ខ្មែរ​ស្គាល់​ច្រើន​ក្នុងនាម​ជា​សិល្បៈការិនី​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​។ ពីព្រោះថា រាជបុត្រី​របស់​ព្រះបាទ​នរោត្តម សីហនុ អង្គ​នេះ មាន​ទេពកោសល្យ​ពិសេស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ ហើយ​ជា​ញឹកញាប់​ព្រះបិតា​របស់​ទ្រង់​តែងតែ​អនុញ្ញាត​ឲ្យ​ព្រះ​នាង​ម្ចាស់​សម្តែង​របាំ​នៅពេលដែល​មេដឹកនាំ​ធំៗ​បរទេស​ដូចជា​មេដឹកនាំ​បារាំង និង​ចិន​ជាដើម មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ ព្រះរាជបុត្រី បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យព្រះរាម្រិត ហើយទ្រង់រៀបអភិសេកនៅព្រះជន្ម ១៥ ព្រះវស្សា និងមានបុត្រ ៥ អង្គ។ ​ទេពកោសល្យ​ពិសេស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​របស់​ព្រះរាជ​បុត្រី នរោត្តម បុប្ផា​ទេវី នេះ មិនមែន​កើតឡើង​ដោយ​រឿង​ចៃដន្យ​នោះឡើយ តែ​វា​ជា​រឿង​សក្តិសម​ណាស់ ដែល​ព្រះអង្គ​ត្រូវតែមាន​ជំនាញ​ផ្នែក​នេះ​ជាងគេ​។ សម្តេចព្រះ បុប្ផា​ទេវី មានបន្ទូលថា ទ្រង់​បាន​ប្រសូត្រ​នៅក្នុង​សែ​រាជវង្ស ដែលមាន​លោហិត​ស្រឡាញ់​វិស័យ​សិល្បៈ​តែម្តង ជាពិសេស​មាតា​របស់​ទ្រង់ គឺ​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល ជា​អ្នករបាំ​ព្រះរាជ​ទ្រព្យ និង​ជា​អ្នកលេង​ល្ខោន​ផងដែរ​។
ក្នុង​របប​ប៉ុល ពត មកដល់ នាដ​ការី និង​ជា​សាស្ត្រាចារ្យ​របាំ​ព្រះរាជ​ទ្រព្យ​អង្គ​នេះ បាន​ភៀស​ព្រះកាយ​ទៅ​រស់នៅក្នុង​ជំរុំ​ជនភៀសខ្លួន​ខ្មែរ​-​ថៃ មួយរយៈ ហើយ​មុន​បន្តទៅ​រស់នៅ​ប្រទេស​បារាំង ព្រះអង្គ​បាន​បង្ហាត់បង្រៀន​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ជំរុំ​អំពី​របាំ​ព្រះរាជ​ទ្រព្យ​នេះ​។ ព្រះអង្គ​បង្រៀន ដើម្បី​ឲ្យ​ប្រជាជន​ទាំងនោះ ភ្លេច​នូវ​ការលំបាក​ពេល​រស់នៅក្នុង​ជំរុំ​ផង និង​ដើម្បី​ថែរក្សា​នៅ​របាំ​នេះ​ផង ព្រោះ​ទ្រង់​បារម្ភ​ខ្លាច​បាត់បង់​ពេល​ប្រទេស​ធ្លាក់​ចូលក្នុង​សង្គ្រាម​។ ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេច នរោត្តម បុប្ផា ទេវី បានសម្រេច​យាង​ចូល​ប្រទេស​កម្ពុជា​វិញ​។ ពេលមកដល់​កម្ពុជា​វិញ តួឯក​អប្សរា​ទី ១ អង្គ​នេះ បាន​ខ្នះខ្នែង​បង្រៀន​សិស្ស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ ហើយ​កាន់តំណែង​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ហើយ​បន្ទាប់ពី​បោះឆ្នោត​អាណត្តិ​ទី ២ សម្តេចព្រះរៀម បាន​ឡើង​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​ស្នាដៃ​សំខាន់​របស់​ទ្រង់​ពេល​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​នេះ ព្រះអង្គ បាន​បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​ដែល​ទ្រង់​ជំនាញ​របាំ​នេះ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។​

​ចាប់ពី​របាំ​ព្រះរាជ​ទ្រព្យ​បាន​ចូល​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​មក របាំ​នេះ​កាន់​តែមាន​កិត្តិនាម​ល្បីល្បាញ​នៅលើ​សកលលោក​។ ជាងនេះទៅទៀត បើទោះបីជា សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី មាន​វ័យ​ចំណាស់ មិនអាច​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ដោយ​ខ្លួនឯង​ក្តី ក៏​ទ្រង់​នៅតែ​បង្រៀន និង​ដឹកនាំ​សិស្ស​របស់​ទ្រង់​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​សម្តែង​នៅ​បរទេស​មានដូចជា នៅ​ប្រទេស​ចិន នៅ​បារាំង និង​នៅ​ឥណ្ឌា ជាដើម ។

តាមរយៈ​ការសម្តែង​របាំ​នេះ នៅក្រៅ​ប្រទេស សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី មានបន្ទូលថា ជនជាតិ​បរទេស​ភាគច្រើន​ដែល​បាន​ទស្សនា​របាំ​ព្រះរាជ​ទ្រព្យ ស្ងោ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ពី​របាំ​នេះ ជាពិសេស​សរសើរ​កម្ពុ​ជា ដែលមាន​វប្បធម៌​ដ៏​ល្អ និង​សម្បូរបែប​។ ដោយសារ​ព្រះទ័យ​ជាប់ជំពាក់​នឹង​សិល្បៈ​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​នេះ ធ្វើ​ឲ្យ​ព្រះអង្គ​នៅតែ​បន្ត​រៀបចំ​កម្មវិធី​សម្តែង​របាំ​នេះ​នៅក្រៅ​ប្រទេស​ដែរ បើទោះបីជា​ទ្រង់មាន​ព្រះជន្ម​ដល់​ទៅជាង ៧០ ព្រះវស្សា​ក្តី​។ សម្តេចធ្លាប់​មានបន្ទូលថា សម្តេច​នឹង​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​របាំ​ព្រះរាជ​ទ្រព្យ​នេះ រហូតដល់​ព្រះអង្គ​ជរា​ធ្វើ​លែងកើត​ ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print