ភ្នំពេញ៖ ទីបំផុតជម្លោះសង្គ្រាមជាពាក្យសម្តីរវាងតារាសម្តែងស្រី កញ្ញា ហាស់ វីរ៉ាស្រីរ័តុ្ន ហៅ អាណារ៉ូស និងតារាប្រុសលោក យុទ្ធ ឋានៈនោះសម្រេចបញ្ចប់ដោយសន្តិវិធីហើយ។ ការបញ្ចប់ជម្លោះ និងបញ្ចប់ការថតវីដេអូស្រើបស្រាល។
យោងតាមប្រភពពីមន្ត្រីនៃក្រសួងវប្បធម៌បានបញ្ជាក់ថា កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ក្រោមវត្តមានលោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំការកោះប្រជុំមួយក្នុងគោលបំណងសម្រួល និងដោះស្រាយបញ្ហាខាងលើ។ ក្រៅពីសមាជិកក្រុមប្រឹក្សា ក៏មានវត្តមានផ្ទាល់ កញ្ញា អាណា រ៉ូស លោក យុទ្ធ ឋានៈ និងអ្នកគ្រប់គ្រងផលិតកម្ម P Production ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហា និងផ្តល់ការណែនាំ អំពីសកម្មភាពនៃការថតវីដេអូបទចម្រៀង ដែលធ្វើប៉ះពាល់ដល់សីលធម៌ ប្រពៃណី ទំនៀមទំលាប់ និងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិ។ប្រភពថា ភាគីពាក់ព័ន្ធទាំង៣ បានទទួលកំហុស និងសុំអភ័យទោសនូវរាល់ទង្វើមិនសមរម្យ និងការប្រព្រឹត្តខុសទាំងនោះ ដែលបានធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ ក៏បានសន្យាថា នឹងមិនធ្វើឱ្យមានកំហុសឆ្គងសម្រាប់ពេលខាងមុខឡើយ។ ក្រុមប្រឹក្សាពិន័យបានលើកឡើងថា កំហុសឆ្គងដែលកន្លងហួសហើយ អាចចាត់ទុកជាបទពិសោធន៍ តែសូមយកបទពិសោធន៍នេះ កែប្រែខ្លួនមកជា យុវជនល្អ កូនល្អ សិល្បករគំរូ ដែលសង្គមជាតិត្រូវការ ចូរខិតខំសាងកេរ្តិ៍ឈ្មោះដើម្បីខ្លួនឯង កិត្តិយសដើម្បីក្រុមគ្រួសារ និងភាពថ្លៃថ្នូរសម្រាប់សង្គមជាតិខ្មែរ។
គួរបញ្ជាក់ដែរថាកាលពីដើមខែវិច្ឆិកា កន្លងទៅនេះវីដេអូស្តីពីការសម្តែងបទចម្រៀងមួយសម្តែងដោយតារាសម្តែង អាណារ៉ូស និងលោកយុទ្ធ ឋានៈ រងការរិះគន់ខ្លាំងពីមហាជនពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក។
រិះគន់ព្រោះតែវីដេអូឱបថើបបែបស្រើបស្រាលលូកស្ទាបបឺតមាត់ដែលគេចាត់ទុកថាបានប៉ះពាល់ និងជះឥទ្ធិពលមិនល្អសម្រាប់យុវជន និងសង្គមជាតិ៕ ដោយ វឌ្ឍនា