សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី » របស់រាជបណ្ឌិត្យសភាកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា រួមទាំងអបអរសាទរខួប២០ឆ្នាំនៃការបង្កើតរាជ្យបណ្ឌិត្យសភាកម្ពុជា និងការប្រគល់សញ្ញាបត្រ។

តាមរបាយការណ៍របស់ រាជ្យបណ្ឌិត្យសភាកម្ពុជាបានអោយដឹងថា អគារនេះមានកម្ពស់បីជាន់ ស្មើនឹង១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង១៧ម៉ែត្រ។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។ អគារនេះគឺជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) លើគ្រប់មុខជំនាញ, ជាមជ្ឈមណ្ឌលបកប្រែភាសាបរទេស និង ជាកន្លែងស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត តាមរយៈការរៀបចំសិក្ខាសាលា សន្និសីទ និង កម្មវិធីតុមូលផ្សេងៗ សម្រាប់បញ្ញវន្តធ្វើការវិភាគអំពីបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរបស់ពិភពលោកថ្មីៗ និងជាទីបម្រើដល់បញ្ញវន្តទាំងខាងផ្នែកវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡាយបានបង្ហាញស្នាដៃរបស់ខ្លួនសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «អគារឥន្ទ្រទេវី » របស់រាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាន៍ដោយក្តីមោទនភាពចំពោះវឌ្ឍភាព និងបានអបអរសាទរចំពោះសមិទ្ឋផលថ្មីនៃអគាររបស់រាជបណ្ឌិតសភាកម្ពុជាសម្រាប់បម្រើការងារ និងជាកន្លែងប្រមូលធនធានមនុស្សដើម្បីរួមគ្នាសិក្សាស្រាវជ្រាវកិច្ចការផ្សេងៗក្នុងសង្គមជាតិ។

ដើម្បីបានដឹងជាប្រវត្តិខ្លះៗអំពីទីតាំងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បា្រប់ថា កន្លែងរាជបណ្ឌិតសភាកម្ពុជានេះ ពីមុនជាអចនទ្រព្យរបស់ គណៈបក្សប្រជាជនកម្ពុជា (សាលានយោបាយ) ដែលគិតរហូតមកដល់ពេលនេះ គឺមានអាយុកាលប្រមាណជា៣០ឆ្នាំទៅហើយ ហើយពីមុនកន្លែងនេះ គឺស្ថិតនៅក្នុងទឹកដីនៃខេត្តកណ្តាលទេ តែក្រោយមកក៏ត្រូវបានកាត់ចូលក្រុងភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជំរុញដល់អ្នកស្រាវទាំងអស់ត្រូវខិតខំស្រាវជ្រាវទាំងលក្ខណៈវិទ្យាសាស្ត្រ និងសង្គមសាស្រ្ត ដោយបើកទូលាយអោយមានកម្រិតស្រាវជ្រាវទាំងក្នុងប្រទេសជាតិ និងអន្តរជាតិផងដែរ ដើម្បីអោយយើងបានដឹងពីសភាពការណ៍ខាងក្រៅផង មិនត្រូវគិតសិក្សាស្រាវជ្រាវតែក្នុងប្រទេសមួយមុខប៉ុណ្ណោះ។

ទាក់ទងទៅនឹងស្ថាប័នស្រាវជ្រាវនេះ សម្តេចតេជោមានមានប្រសាសន៍ថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមស្រាវជ្រាវមួយទៀតដែលមានឈ្នោះថា CAP ដែលក្រុមនេះមានតួនាទីស្រាវជ្រាវផ្នែកចារកិច្ច, ក្នុងនោះយើងក៏មានក្រុមស្រាវជ្រាវរបស់ក្រសួងការបទេស និងមួយទៀតជាក្រុមស្រាវជ្រាវនៃគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ អំពីកិច្ចការដែលយើងត្រូវសិក្សាស្រាវជ្រាវ គឺជារឿងអ្វីដែលជាកិច្ចការបន្ទាន់ និងមានភាពចាំចាច់សំរាប់ជាប្រយោជន៍សង្គម។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីការស្រាវជ្រាវផ្ទាល់របស់ សម្តេចមុននឹងដាក់នឹងចេញនូវនយោបាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ជាពិសេសបញ្ចប់សកម្មភាពកងទ័ពប៉ុលពតដើម្បីអោយពួកគេបានវិលត្រឡប់ចូលមករួមរស់នៅក្នុងសង្គមជាតិវិញ ដែលក្នុងនោះក្រោយពីបានសិក្សាស្រាវជ្រាវអំពីព័ត៌មានទាំងឡាយដែលសម្តេចតេជោទទួលបានរួចហើយ គឺសម្តេចបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះដែលមានបីចំណុចសំខាន់ៗដូចជា ៖

១) ធានាអាយុជីវិតប្រជាជនមិនអោយមានការធ្វើទុក្ខទោសអ្វីឡើយ

២) ធានារក្សាការងារតួនាទីមុខតំណែងដែលពួគេមានពីមុន

៣) ធានាការការពារទ្រព្យសម្បត្តិរបស់ពួកគេមិនអោយមានការបាត់បង់

ដែលកម្ពុជាបានធ្វើការបង្រួបបង្រួមជាតិចុងក្រោយ បញ្ចប់សង្រ្គាម ហើយបាននាំមកនូវសុខសន្តិភាពពេញលេញសម្រាប់ប្រទេសជាតិទាំងមូលមកទល់សព្វថ្ងៃនេះដែលមានរយៈពេលជាង ២០ឆ្នាំមកហើយ (១៩៩៨-២០១៩)។

ចំពោះគុណតម្លៃនៃអគារថ្មីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសង្ឃឹមយ៉ាងមុតមាំថា នឹងបានចូលរួមចំណែកបម្រើវិស័យអប់រំ និងការសិក្សាស្រាវដ៏សំខាន់សម្រាប់សង្គមជាតិយើង។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។

នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសបំពាក់គោរមងារកិត្តិយស និងប្រគល់សញ្ញាបត្រ ដល់មន្ត្រីដែលមានស្នាដៃល្អ និងនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយបន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសដាក់ឲ្យប្រើប្រាស់ «អគារឥន្ទ្រទេវី » របស់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីពេលនេះតទៅ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print