ភ្នំពេញ៖លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក អះអាងថា សហរដ្ឋអាមេរិកនឹងប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពនិងមិនគាំទ្រអោយមានការផ្លាស់ប្តូររបបនៅកម្ពុជានោះទេ ។
ជាពិសេសទៀតនោះ គឺសហរដ្ឋអាមេរិកនឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ ។
ប្រសាសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលនេះ ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ តាមរយៈ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ម្សិលមិញនេះ នៅវិមានសន្តិភាព ។
យោងតាមហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទៀតថា សហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាអោយមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកង្វក់ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ឋអាមេរិកនឹងជួយដើម្បីជំរុញមិត្តភាព និង កិច្ចសហការអោយកាន់តែល្អនិងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិកដែលបានគាំទ្រប្រទេសកម្ពុជាតាំងពីកម្ពុជាមិនទាន់ទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ មកម៉្លេះ។
សម្តេចតេជោ ចាត់ទុកថា នេះគឺបង្ហាញពីចំណងមិត្តភាពនិងសហប្រតិបត្តិការល្អជាមួយគ្នាដែលមានរយៈពេលយូរលង់ណាស់មកហើយ ៕