ស្ថានភាពនៅកោះហុងកុង នឹងមិនអាចវិវឌ្ឍន៍ទៅរកភាពល្អប្រសើរនោះឡើយ ក្រោយពេលដែលក្រុមគាំទ្រប្រជាធិបតេយ្យ ទទួលបានសំឡេងគាំទ្រខ្ពស់ជាប្រវត្តិសាស្ត្រនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ខែវិច្ឆិកា។ ហុងកុងគឺជាតំបន់ស្វ័យភាព ស្ថិតនៅក្នុងគោលនយោបាយប្រទេសមួយប្រព័ន្ធដឹកនាំពីរ ។
ពលរដ្ឋរស់នៅកោះហុងកុង ជិត៣លាននាក់ បាននាំគ្នាទៅបោះឆ្នោត ឃុំ-សង្កាត់ នៅកោះហុងកុង ហើយបក្សគំាទ្រប្រជាធិបតេយ្យ មានសំឡេងគាំទ្រ កើនឡើងខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដោយទទួលបានអាសនៈ២១៦ ក្នុងចំណោម៤៥២អាសនៈ។ ប៉ុន្ដែចំនួនអ្នកគំាទ្របានកើនឡើងដល់ទៅ១២៤អាសនៈ បើប្រៀបធៀបនឹងការបោះឆ្នោត កាលពីលើកមុន។ នេះជាលទ្ធផលបណ្តោះអាសន្ន ហើយចំនួនកៅអី នឹងបន្តកើនឡើង ក្រោយការរាប់សន្លឹកឆ្នោតចប់ជាផ្លូវការ។
ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ នៅកោះហុងកុង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ជាពេលវេលាសំខាន់បំផុត សម្រាប់ក្រុមប្រជាធិបតេយ្យ។ លោក Alan leong ប្រធានគណបក្សប្រជាជន ជាគណបក្សគាំទ្រប្រជាធិបតេយ្យធំ បំផុតនៅហុងកុង បានលើកឡើងថា «មានការភ្ញាក់រឭកពិតប្រាកដរបស់ពលរដ្ឋកោះហុងកុង។
ការបោះឆ្នោតថ្នាក់ឃុំសង្កាតលើកនេះ មានសារសំខាន់យ៉ាងខ្លាំង ត្រូវបានគេចាត់ទុកថាជាការធ្វើប្រជាមតិជុំវិញ វិបត្តិនយោបាយ នៅក្នុងកោះហុងកុង។ លោក Alan leong បានអំពាវនាវឲ្យ រដ្ឋាភិបាលទីក្រុងប៉េកាំង ផ្លាស់ប្តូរគោលនយោបាយ ចំពោះកោះហុងកុង។ ជាមួយនឹងជ័យជម្នះ យ៉ាងធំធេងរបស់ក្រុមប្រជាធិបតេយ្យ ជាការបើកផ្លូវសម្រាប់ កោះហុងកុង នៅការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ នាឆ្នាំ២០២២។
ជាទូទៅ ការបោះឆ្នោតឃុំសង្កាត់ មានពលរដ្ឋចូលរួមប្រមាណតែ៤០ភាគរយប៉ុណ្ណោះ ប៉ុន្តែលើកនេះ បានឡើងរហូតដល់ទៅ៧១ភាគរយ គឺជាចំនួនយ៉ាងច្រើន មិនធ្លាប់មានពីមុនមក។ លទ្ធផលខាងលើនេះកាន់តែបង្កភាពស្មុគស្មាញដល់លោកស្រី Carrie Lam មេដឹកនាំកោះហុងកុង ៕