ខេត្តកណ្តាល៖ បុរស២នាក់ឪពុកកូនមានចរិកទំនើងបានលើកគ្នាព្រួតវាយនិងឆក់ជនរងគ្រោះ៣នាក់ បណ្តាលឲ្យដេកស្លប់ស្តូកស្តឹងនៅលើដី បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ទាំង២នាក់ឪពុកកូន ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនភ្លាមៗរួមជាមួយវត្ថុតាងពិលឆក់ចំនួនមួយ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ដោយឡែកជនរងគ្រោះទាំង៣នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនផងដែរ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនល្មើសទី១-ឈ្មោះ ជឺន រ៉ុម ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ទី២-ឈ្មោះ រ៉ុម វណ្ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ។ ជនដៃដល់ទាំង២នាក់នេះជាឪពុកកូននឹងគ្នា មានទីលំនៅក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯជនរងគ្រោះមានគ្នា៣នាក់ ទី១-ឈ្មោះ ស្រ៊ុន មករា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ ស្រ៊ុន ចិន្តា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៣-ឈ្មោះ បូណា គីមហ៊ី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។ ជនរងគ្រោះទាំង៣នាក់នេះត្រូវជាបងប្អូនបង្កើត នឹងក្មួយ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ បូណា គីមហ៊ី បានតេទូរស័ព្ទទៅជនសង្ស័យឈ្មោះ រ៉ុម វណ្ណារ៉ា ដើម្បីណាត់គ្នាជល់មាន់នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ ខណៈនោះនិយាយរឿងតម្លៃជល់ក៏កើតមានទំនាស់ពាក្យសំដីគ្នាតាមទូរស័ព្ទ ។ បន្ទាប់មកទៀតជនសង្ស័យក៏បានជិះម៉ូតូទៅសួរនាំជនរងគ្រោះឈ្មោះ បូណា គីមហ៊ី ដល់មុខផ្ទះ រហូតកើតជាជម្លោះពាក្យសំដីយ៉ាងតឹងសសៃ.ក ឈានដល់ធ្វើការប្រតាយប្រតបគ្នាទៅវិញទៅមក គ្រានោះក៏មានអ្នកជិតខាងចូលទៅបំបែកឲ្យចូលផ្ទះវិញរៀងៗខ្លួន ។
ក្រោយពីមានអ្នកភូមិចាប់បំបែកជនសង្ស័យឈ្មោះ រ៉ុម វណ្ណារ៉ា នៅតែមិនអស់ចិត្តបានយករឿងទៅប្រាប់ជនសង្ស័យជាឪពុក ហើយជនសង្ស័យទាំង២នាក់ឪពុក-កូនបានលើកគ្នាមកវាយទាត់ធាក់ទៅលើជនរងគ្រោះឈ្មោះ បូណា គីមហ៊ី ខណៈនោះជនរងគ្រោះ២នាក់ទៀតចូលទៅជួយក៏ត្រូវបានក្រុមជនសង្ស័យវាយបន្ថែមនិងឆក់ បណ្តាលឲ្យដេកដួលទៅលើដី ទើបសមត្ថកិច្ចប៉ូលិសចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមជាមួយពិលឆក់ចំនួនមួយ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ