ខេត្តកណ្តាលៈ៖ ប៉ូលិសចរាចរណ៍ម្នាក់ ខណៈកំពុងបំពេញភារកិច្ចតាមដងផ្លូវ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បើករថយន្តបុកទាំងកំរោល បណ្ដាលឲ្យខ្ទាត៥ម៉ែត្ររងរបួសធ្ងន់បាក់ជើងទាំងសងខាង និងបាក់ឆ្អឹងចង្កេះ ស្រាំលលាដ៏កកឈាមក្នុងខួរក្បាលគួរឲ្យអាសូរ ។ ក្រោយមានហេតុការណ៍កេីតឡេីង ជនបង្កបានព្យាយាមបេីករថយន្តយកទៅប្លុងចោលរួចគេចខ្លួនបាត់។
ករណីនេះកេីតឡេីង នាពេលយប់ត្រង់ចំណុចភ្លេីងស្តុបស្ពានព្រែកហូរ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ប៉ូលិសចរាចរណ៍ដែលត្រូវរថយន្តបេីកបុកពេលបំពេញការងារនោះឈ្មោះ ទូច សៅហេង មានតួនាទីជា នាយរងផ្នែក មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក ។ ចំណែកឯរថយន្តបង្កម៉ាកតូយូតា តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S-3669 បេីកបរដោយជនមិនស្គាល់អត្តសញ្ញាណ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ។
លោកឆេង សំអឿន នាយការិយាល័យចរាចរណ៍ជេីងគោកបានអោយដឹងថា លោក ទូក សៅហេង និងប៉ូលិសចរាចរណ៍៥រូបទៀតត្រូវបានចាត់អោយឈរជេីងនៅគោលដៅស្តុបស្ពានព្រែកហូរលេីកំណាត់ផ្លូវជាតិលេខ២ ដេីម្បីសម្រួលចរាចរណ៍នៅទីនោះ ។ នៅមុនពេលកេីតហេតុលោក ទូច សៅហេង បានចេញឈរបញ្ជាចរាចរណ៍ដោយបានបញ្ជាអោយរថយន្តតាកូម៉ាមួយគ្រឿងឈប់ មិនត្រឹមតែមិនស្តាប់តាមការបញ្ជាអ្នកបេីកបរដែលមានចរិកសាហាវព្រៃផ្សៃរូបនេះបានជាន់ហ្គាបន្ថែមល្បឿនបំបុកមន្ត្រីនគរបាលទាំងកំរោលបណ្តាលអោយប៉េីងខ្ទាតប្រមាណ៥ទៅ៦ម៉ែត្រ ធ្វេីអោយមន្ត្រីប៉ូលិសរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍កេីតឡេីងអ្នកបេីកបររថយន្តបង្កបានបេីកគេចពីចំណុចកេីតហេតុយករថយន្តទៅប្លុងចោល ត្រូវបានសមត្ថកិច្ចហៅរថយន្តស្ទូចៗយកទៅរក្សាទុក ដេីម្បីចាត់ការតាមច្បាប់ ។
លោកនាយការិយាល័យបានបញ្ជាក់ថា ចំពោះលោក ទូច សៅហេង ក្រោយពីពិនិត្យក្រុមគ្រូពេទ្យបានបញ្ជាក់ថា លោកទទួលរងរបួសបាក់ជេីងទាំងសង្ខាង បាក់ឆ្អឹងចង្កេះ និងស្រាំលលាដ៏កកឈាមក្នុងខួរក្បាលទៀតផង បច្ចុប្បន្នកំពុងសង្រ្គោះ ។ ក្រោយពីទទួលបានព័ត៌មានមន្ត្រីនគរបាលត្រូវរថយន្តបុកពេលបំពេញការងារ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរេីន ស្នងការនគរបាលខេត្ត បញ្ជាអោយរថយន្តសាមុយចេញដឹកមន្ត្រីមានរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ នឹងបានឧបត្ថម្ភថវិកាចំនួន៤លានរៀលដល់ភរិយាមន្ត្រីនគរបាលទុកសម្រាប់ជួយសម្រួលដល់ការព្យាបាល។ មួយផ្នែកទៀតលោកឧត្តមសេនីយ៍ អ៊ាវ ចំរេីន ក៏បានបង្កេីតមូលនិធិសង្រ្គោះ ដោយមានមន្ត្រីប៉ូលិសខេត្តកណ្តាលជាច្រេីនរូបចូលរួមឧបត្ថម្ភដល់ជនរងគ្រោះដែលជាមន្ត្រីប៉ូលិសដូចគ្នា៕