មន្ត្រីបានបញ្ជាក់ថា ការវាយប្រហារគ្រាប់បែកអត្តឃាតនៅភោជនីយដ្ឋានបារាំងមួយកន្លែងក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថានបណ្តាលឲ្យក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បាត់បង់ជីវិត និងជាង១០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ។
នេះជាការវាយប្រហារថ្មីចុងក្រោយបំផុតដែលសំដៅទៅលើភោជនីយដ្ឋានបារាំង ហីហោ Le Jardin ដែលជាភោជនីយដ្ឋានតូចមួយក្នុងចំណោមភោជនីយដ្ឋានជាច្រើនទៀត ស្ថិតនៅក្នុងទីក្រុង ហើយដែលជានិច្ចកាលមានជនបរទេសចេញ ចូលច្រើននោះ ។
ក្រុមគ្រូពេទ្យ និងក្រុមជួយសង្គ្រោះបន្ទាន់បានបញ្ជាក់ថា មនុស្ស១៥នាក់ត្រូវបញ្ជូនទៅព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យមួយដែលនៅជិតកន្លែងកើតហេតុ ហើយថា ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានបាត់បង់ជីវិត ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើនេះបានកើតឡើង ខណៈដែលកាលពី២ឆ្នាំកន្លងមកនេះ ការវាយប្រហារអត្តឃាតត្រូវបានជនល្មើសធ្វើឡើងនៅក្នុងភោជនីយដ្ឋានរបស់ជនជាតិលីបង់ម្នាក់នៅក្នុងទីក្រុងបណ្តាលឲ្យស្លាប់មនុស្ស២១នាក់ ក្នុងនោះមាននិវត្តជន១៣នាក់ផងដែរ ។ ការវាយប្រហារគ្រាប់បែកអត្តឃាតនៅពេលនោះបានធ្វើឲ្យអង្គការអន្តរជាតិមានការស្រងាកចិត្ត និងបានដកបុគ្គលិករបស់ខ្លួនវិលត្រឡប់ទៅស្រុកកំណើត ក៏រឹតបន្តឹងបញ្ហាសន្តិសុខក្នុងបរិវេណរបស់ខ្លួនជាដើម ។
ក្រោយហេតុការណ៍វាយប្រហារដោយបំផ្ទុះគ្រាប់បែកប៉ុន្មានម៉ោង ប៉ូលិស និងកងកម្លាំងសន្តិសុខរាប់រយនាក់ត្រូវដាក់ពង្រាយ និងបិទទីតាំងភោជនីយដ្ឋានខាងលើនេះ ហើយនៅពេលចុះប្រតិបត្តិការស្រាវជ្រាវជនល្មើសនោះ ប៉ូលិសបានចាប់ខ្លួនមនុស្សម្នាក់ផងដែរ ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ។
កាលពីដើមសប្តាហ៍មុននេះ ជនស៊ីវិលម្នាក់បានស្លាប់ និង៣៣នាក់ផ្សេងទៀតបានរងរបួស ដោយសារតែការវាយប្រហាររបស់ក្រុមឧទ្ទាមតាលីបង់ស្ថិតនៅជិតអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ូល ។ កាលពីសប្តាហ៍មុនផងដែរ ទាហានអាមេរិក៦នាក់បានបាត់បង់ជីវិត ខណៈដែលពួកគេដើរល្បាតនៅជិតបន្ទាយអាកាស Bagram ខាងក្រៅទីក្រុងកាប៊ូល ហើយកាលពីខែមុននោះដែរ ជនវាយប្រហារគ្រាប់បែកអត្តឃាតបាយវាយប្រហារនៅស្ថានទូតអេស្ប៉ាញក្នុងទីក្រុងកាប៊ូលផងដែរ ។
ការវាយប្រហារនេះបានកើតឡើងខណៈដែលមានការខិតខំប្រឹងប្រែងដើម្បីឲ្យមានដំណើរការ ការចរចាសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់ឡើងវិញ បន្ទាប់ពីមានការអាក់ខានទៅវិញកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយសារការស្លាប់របស់មេដឹកនាំក្រុមឧទ្ទាមតាលីបង់ឈ្មោះ Mullah Mohammad Omar នោះ ។
មន្ត្រីមកពីប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន អាមេរិក និងចិន នឹងជួបពិភាក្សាគ្នានៅប្រទេសប៉ាគីស្ថាននាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ក្នុងគោលបំណងទម្លុះទម្លាយឲ្យបាននូវភាពជាប់គាំងការចរចាសន្តិភាពជាមួយក្រុមឧទ្ទាមនោះ ។
ទោះបីយ៉ាងណាក៏ដោយ ក៏ក្រុមឧទ្ទាមតាលីបង់ដែលកំពុងតែប្រយុទ្ធគ្នាឯងដើម្បីដណ្តើមតំណែងគ្នា ក្រោយពីមេដឹកនាំរបស់ពួកគេបានបាត់បង់ជីវិតនោះបានច្រាន់ចោលការចរចាសន្តិភាពជាមួយរដ្ឋាភិបាល ខណៈដែលកងទ័ពបរទេសនៅតែនៅមានវត្តមានក្នុងទឹកដីអាហ្វហ្គានីស្ថានជាដដែលនោះ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសចំពោះការវាយប្រហារខាងលើនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត